កំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់យ៉ាងរន្ធត់នៅកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ នៅលើផ្លូវគ្រួសក្រហម ចំណុចផ្លូវបែកជា៣ ស្ថិតក្នុងភូមិត្រពាំងក្រវាន់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅពេលដែលជនរងគ្រោះជិះម៉ូតូលឿនចាប់ហ្វ្រាំងបង្ខំដួលចូលក្រោមកង់គោយន្តដឹកអុស ដែលកំពុងបើកបត់កាត់មុខម៉ូតូជនរងគ្រោះ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនម្នាក់ ឈ្មោះ ទូច សុខុន អាយុ២៧ឆ្នាំ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានជិះម៉ូតូម៉ាកឌ្រីម១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1B.3987 បើកក្នុងដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជាផ្លូវបំបែក ស្រាប់តែមានគោយន្តដឹកអុសមួយគ្រឿង បើកបរដោយឈ្មោះ ឆន សារ៉ាន់ អាយុ២៥ឆ្នាំ មានទីលំនៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស បានបត់ឆ្វេងកាត់ទទឹងពីមុខម៉ូតូជនរងគ្រោះ ភ្លាមនោះជនរងគ្រោះជាន់ហ្វ្រាំងទាំងបង្ខំធ្វើឲ្យម៉ូតូដួល ហើយជនរងគ្រោះខ្ទាតបោកដួលចូលក្រោមរ៉ឺម៉កគោយន្តដឹកអុសបណ្ដាលឲ្យគោយន្តជាន់ស្លាប់ភ្លាមៗមួយនៅកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុគោយន្តបង្កមិនបានឈប់ទេ បានបើកគេចរហូតជិតដល់ភូមិព្រះរាមរង្សី ទើបសមត្ថកិច្ចនគរបាលមូលដ្ឋានតាមចាប់បាន។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានចំណែកគោយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងទុកដោះស្រាយជាមួយភាគីទាំង២តាមនីតិវិធីច្បាប់។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចនគរបាលនិយាយថា គឺបង្កឡើងដោយអ្នកបើកគោយន្តបត់ឆ្វេងមិនប្រយ័ត្ន គួបផ្សំអ្នកបើកម៉ូតូបើកលឿន ដល់ផ្លូវបំបែកមិនបន្ថយល្បឿន ទើបមានគ្រោះថ្នាក់ដល់ស្លាប់បែបនេះតែម្តង៕ ( ឈៀង ថារិទ្ធ )


0 Comments