ភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះមហន្តរាយដែលបង្កឡើងដោយបាតុភូតរន្ទះបាញ់ និងខ្យល់ព្យុះ នៅឆ្នាំ២០១៤ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៨៤នាក់ និងរងរបួសចំនួន៤នាក់។ ចំនួននេះបើធៀបនឹងឆ្នាំ២០១៣កន្លងទៅ ឃើញថាមានការថយចុះជិតទ្វេដងសម្រាប់គ្រោះធម្មជាតិដោយរន្ទះបាញ់ និងជិត៤ដងសម្រាប់គ្រោះធម្មជាតិដោយខ្យល់ព្យុះ។
លោក កែវ វី មន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ឆ្នាំ២០១៤ គ្រោះធម្មជាតិដោយរន្ទះបាញ់បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៥នាក់ ដែលចំនួននេះបានថយចុះជិតទ្វេដងបើធៀបនឹងឆ្នាំ២០១៣ ដែលមានអ្នកស្លាប់ចំនួន១០៣នាក់។ ចំណែកខ្យល់ព្យុះនៅឆ្នាំ២០១៤វិញ បានសម្លាប់មនុស្សចំនួន៩នាក់ និង៤នាក់ទៀតរងរបួស គឺ ថយចុះជិត៤ដង បើធៀបឆ្នាំ២០១៣ ដែលមានអ្នកស្លាប់រហូតដល់៣៥នាក់ និង របួស១៣៦នាក់។
លោក កែវ វី បានឲ្យដឹងថា ជារួមគ្រោះមហន្តរាយធម្មជាតិរួមមាន ទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ និង បាក់ដីច្រាំងទន្លេ នៅក្នុងឆ្នាំ២០១៤ បានសម្លាប់ប្រជាពលរដ្ឋសរុបចំនួន១៣៦នាក់ថយចុះប្រមាណ៧០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣កន្លងទៅ ដែលបានស្លាប់មនុស្សសរុបចំនួនជាង៣០០នាក់។ ក្នុងនោះគ្រោះមហន្តរាយដោយទឹកជំនន់បានសម្លាប់មនុស្ស៤៩នាក់គ្រោះមហន្តរាយដោយទឹកជំនន់បង្កផលប៉ះពាល់ និងខូចខាតស្រូវប្រជាពលរដ្ឋសរុបចំនួន៩៨.៣៤១ ហិកតា ដែលក្នុងនោះស្រូវសន្ទូងចំនួន២០.៥១៦ហិកតា បានរងការខូចខាតទាំងស្រុង។
ផ្ទះប្រជាពលរដ្ឋចំនួន៨៧៣៣៣ខ្នង ត្រូវបានទឹកជន់លិច ក្នុងនោះផ្ទះចំនួន១៨៥ខ្នងបានរងការខូចខាតទាំងស្រុង និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន១៦៥.៥១៦ គ្រួសារ ក្នុងនោះពលរដ្ឋចំនួន១១.៦៧៥គ្រួសារ ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅរស់នៅលើទីទួលមានសុវត្ថិភាព។ ជាមួយគ្នានេះ ទឹកជំនន់ក៏បានបង្កការជន់លិចសាលារៀនចំនួន៣៩៧កន្លែង វត្តចំនួន ១៥៤កន្លែង និងមន្ទីរពេទ្យ៣២កន្លែងធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងបង្កការរាំងស្ទះដល់ការងារផ្ដល់ និងទទួលសេវាសង្គ្រោះព្យាបាលពីមន្ទីរពេទ្យផងដែរ៕
សំអឿន

0 Comments