ភ្នំពេញ ៖ ព្រឹត្តិការណ៍ Hun Sen-Cup វគ្គជម្រុះក្នុងពូល សម្រាប់មណ្ឌលរាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី១១ ខែមករា គឺបានរកឃើញក្រុមដែលជាប់លេខ១ក្នុងពូលទាំងពីរហើយ គឺក្រុមការពារជាតិស្ថិតនៅកំពូលនៃពូល A និង គីរីវង់សុខសែនជ័យស្ថិតនៅកំពូលនៃពូលB ។ ក្រុមទាំងពីរនេះ ត្រូវបានឡើងទៅវគ្គ១៦ក្រុម ក្រុមចុងក្រោយខណៈដែលមួយក្រុមទៀត សម្រាប់មណ្ឌលរាជធានីភ្នំពេញនេះដែរ រកមិនទាន់ឃើញរវាងក្រុមព្រែកជ័យកីឡា និងក្រុម Albirex Niigata ។ ពីរក្រុម ព្រែកជ័យកីឡា និងក្រុម Albirex Niigata ដែលជាប់លេខ២ក្នុងពូលដូចគ្នានេះ ត្រូវប្រជែងគ្នា ក្រុមណាឈ្នះនឹងជាប់លេខ៣បានឡើងទៅលេងបន្ត ហើយក្រុមណាចាញ់នឹងជ្រុះធ្លាក់ហាលអាវ។
គួរបញ្ជាក់ថា ក្នុងការប្រកួតចុងក្រោយនៃពូល A ក្រុមអាកាសចរស៊ីវិលចាញ់ក្រុមព្រែកជ័យកីឡា១ទល់៦។ សម្រាប់ពូល A នេះ មានតែ៣ក្រុមប៉ុណ្ណោះ គឺក្រុមការពារជាតិ ស្ថិតនៅកំពូលតារាងដោយ២ប្រកួតឈ្នះទាំង២ប្រកួតបាន៦ពិន្ទុ។ ក្រុមព្រែកជ័យកីឡារបស់ខណ្ឌច្បារអំពៅ២ប្រកួតឈ្នះ១ប្រកួតចាញ់១ប្រកួតមាន៣ពិន្ទុលេខ២ក្នុងពូល។ ក្រុមអាកាសចរស៊ីវិល២ប្រកួតចាញ់ទាំង២ប្រកួតពិន្ទុ០នៅបាតតារាង។
ចំពោះពូល B ដែលមាន៤ក្រុមនោះ គីរីវង់សុខសែនជ័យស្ថិតនៅកំពូលតារាងដោយ៣ប្រកួតឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុ។ Albirex Niigata ស្ថិតនៅលំដាប់លេខ២ដោយ៣ប្រកួតឈ្នះ២ប្រកួតចាញ់១ប្រកួតមាន៦ពិន្ទុ ខណ្ឌជ្រោយចង្វា៣ប្រកួតឈ្នះ១ប្រកួត ចាញ់២ប្រកួតមាន៣ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ និង ខណ្ឌទួលគោក ដែលស្ថិតនៅបាតតារាងនោះ៣ ប្រកួតចាញ់ទាំង៣ប្រកួត សម្រាប់មណ្ឌលផ្សេងៗ ក្រុមដែលត្រូវឡើងមកលេងវគ្គ១៦ក្រុមចុងក្រោយដែរនោះ ក៏កំពុងជិតរកឃើញដែរ។ ក្នុងនោះសម្រាប់តំបន់ខាងកើត ខេត្តព្រៃវែង និង ខេត្តត្បូងឃ្មុំត្រូវប្រជែងគ្នាដណ្ដើមកៅអីសម្រាប់វគ្គ១៦ក្រុមចុងក្រោយ។ ក្រុមទាំង២នេះក្រុមណាឈ្នះបានឡើង ហើយក្រុមចាញ់គឺត្រូវដើរចេញពីការប្រកួត។ ចំណែកខេត្តកណ្តាលខ្ទាតចេញពីការប្រកួតជាស្ថាពរហើយ បន្ទាប់ពីប្រកួតចាញ់ខេត្តព្រៃវែង២ទល់៤ ហើយចុងក្រោយនេះចាញ់ខេត្តត្បូងឃ្មុំ១ទល់៥ទៀតនោះ។
ចំពោះតំបន់កណ្ដាលដែលមានតែ២ក្រុម គឺខេត្តសៀមរាប និង កំពង់ធំនោះ តម្រូវឲ្យជួបគ្នា២ ដង ហើយនៅក្នុងជំនួបលើកទី១សៀមរាបឈ្នះកំពង់ធំ១ទល់០ និង ជំនួបលើកទី២លេងស្មើគ្នា០ ទល់០។ ខេត្តសៀមរាបបានឡើងលេងបន្តវគ្គ១៦ក្រុមចុងក្រោយ ឯខេត្តកំពង់ធំហាលអាវត្រឹមនេះ។
តំបន់ខាងត្បូងដែលមានតែ២ក្រុម គឺខេត្តកំពត និង តាកែវនោះ ក៏តម្រូវឲ្យជួបគ្នា២ដងដែរ។ ជំនួបលើកទី១ កំពតឈ្នះតាកែវ៣ទល់០ និង ជំនួបលើកទី២កំពតឈ្នះតាកែវម្ដងទៀក្នុងលទ្ធផល២ ទល់១។ ដូច្នេះកំពតបានឡើងលេងវគ្គ១៦ក្រុមចុងក្រោយ៕
វិសិទ្ធ(រូប៣)



0 Comments