ភ្នំពេញ ៖ អ៊ុំ ចំរើន ផ្ដួលសោម តឿទីទឹកទី២ ឯឡេះតើក ឈ្នះបឺត សំរេចអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា វ៉ន វីវ៉ា ក្លឹបព្រះខ័នរាជ បានផ្ដួលអ្នកប្រដាល់ថៃ Chea Rasak នៅទឹកទី៤ ក្នុងការប្រកួតគ្នាជាលក្ខណៈមិត្តភាពអន្តរជាតិ ក្នុងកម្មវិធីប្រដាល់ទេសចរណ៍របស់SEA-TV នៅសង្វៀនប៉ោយប៉ែតនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥នោះ។
Chea Rasak ពីដំបូងគេវាយមិនញញើតឡើយ ដោយបានវាយច្រាសសងទៅលើវ៉ន វីវ៉ា វិញភ្លាមៗ ទាំងកណ្ដាប់ដៃ ទាំងការទាត់ចេញ ដែលមើលទៅហាក់ដូចជាគួរសមដែរ។ តែនៅក្នុងទឹកទី៣ Chea Rasak ត្រូវ វីវ៉ា វាយត្រូវច្រើន និងដួលច្រើនទៀតផង ដែលធ្វើឲ្យគេចាញ់ប្រៀបឈ្នះរបស់វីវ៉ា។ ចូលដល់ទឹកទី៤ Chea Rasak បានព្យាយាមវាយប្ដូរកែងជាមួយវីវ៉ា តែវីវ៉ា មិនមែនជាអ្នកប្រដាល់ដែលងាយបំបាក់បានឯណា ក៏ត្រូវ វីវ៉ា វាយច្រាសសងកែងវិញ ហើយថែមទាំងប្រលែងជង្គង់ទៅបន្ថែមទៀតធ្វើឲ្យ Chea Rasak បោះបង់ការប្រកួត ក្រោយពីអាជ្ញាកណ្ដាលរាប់គេដល់១០ហើយនោះ។ អាចចាត់ទុកជាសំណាងរបស់ Chea Rasakហើយ ដែលវ៉ន វីវ៉ាបានបណ្ដែតមកដល់ទឹកទី៤ ទើបផ្ដួលនោះ ព្រោះការប្រកួតមុនៗកន្លងមកជាមួយអ្នកប្រដាល់ថៃនេះ វីវ៉ា បញ្ចប់ការប្រកួតត្រឹមទឹក១ឬទឹកទី២ប៉ុណ្ណោះ។
ផាន់ គ្រាន់ អ្នកប្រដាល់ក្លឹបគជសារកីឡា ប្រកួតឈ្នះអ្នកប្រដាល់ថៃThy Deth ដោយពិន្ទុយ៉ាងតឹងតែងបន្ទាប់ពីប្រកួត ៥ទឹកនោះ។ ទោះជាបែបនេះក្តី ក៏អាចចាត់ទុកថា ផាន់ គ្រាន់គេវាយបានល្អដែរ ព្រោះគេចាញ់ទាំងកម្ពស់អ្នកប្រដាល់ថៃនោះទៅទៀត ហើយស្នៀតប្រដាល់របស់ថៃនោះ ក៏មិនជាក្រោមផាន់គ្រាន់ដែរ។
ផាន់ គ្រាន់ គេវាយមិនញញើតបន្តិចណាទេ គឺដើរចូលវាយមុនជានិច្ចដែលធ្វើឲ្យអ្នកប្រដាល់ថៃ Thy Deth ចង់ញ៉ាកមិនសូវហ៊ានវាយរំលោភមកលើដែរ។ ចប់ការប្រកួត អ្នកប្រដាល់ថៃ Thy Deth ចាញ់ដោយពិន្ទុ។
ដោយឡែក ឈាន ហុង អ្នកប្រដាល់ក្លឹបកីឡាក្រសួងការពារជាតិ ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Chea Sek ដោយពិន្ទុទាំងមិនអស់ចិត្ត។ ការប្រកួតដែលស្ថិតក្នុងស្ថានភាពតឹងតែងនោះ ឈាន ហុងចាញ់ប្រៀបអ្នកប្រដាល់ថៃរូបនេះ។ ឈាន ហុង ក្រោយពេលដឹងខ្លួនចាញ់ប្រៀបគូប្រកួតនោះ គេបានប្រើគ្រប់កលល្បិចដើម្បីស្ដារពិន្ទុឡើងវិញតែស្ដារមិនរួច។ ចប់ទឹកទី៥ ឈាន ហុងចាញ់ Chea Sek ដោយពិន្ទុទាំងមិនអស់ចិត្ត ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ពៅ ស៊ីយ៉េតក្លឹបប៉ោយប៉ែតកីឡាប្រកួតស្មើពិន្ទុជាមួយលាស់ យីនក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន។ ឯឃីម បូរ៉ា ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតឈ្នះសូត្រ ប៊ុនធីក្លឹបបក្សីស្លាបដែកដោយពិន្ទុ។
ដោយឡែកលើសង្វៀន SEA-TV ព្រឹកថ្ងៃទី១១ ខែមករា អ្នកប្រដាល់ អ៊ុំ ចំរើនក្លឹបតាឡីដំរីមានរិទ្ធិប្រើជើងផ្ដួលអ្នកប្រដាល់សោម តឿទី ក្លឹបខ្លារខិនមានរិទ្ធិ មុនស្នូរជួងបញ្ចប់ទឹកទី២។ តាមពិតសោម តឿទី មិនសមជាដៃគូជាមួយ អ៊ម ចំរើននោះទេ តែដោយសារនូវ ស៊ីថា ដែលជាមិត្តរួមក្លឹបជាមួយចំរើន គេឈឺមិនអាចឡើងប្រកួតបាន ទើបប្ដូរដាក់ អ៊ុំ ចំរើនឲ្យប្រកួតជំនួសវិញនោះ។
សោម តៀទី គេចង់បោះបង់ការប្រកួតតាំងពីក្នុងទឹកទី១មកម្ល៉េះ ព្រោះមិនអាចទ្រាំជាមួយកណ្ដាប់ដៃ និងជើងទាត់ដ៏ខ្លាំងរបស់ចំរើនបាន។ ក្នុងដើមទឹកទី២ តឿទី ត្រូវចំរើនទាត់ឡើងចង់ខូចដៃ និងត្រូវអាជ្ញាកណ្ដាលរាប់៨ដល់ទៅពីរដង ហើយនៅពេលដួលម្តងទៀត អាជ្ញាកណ្ដាលក៏បញ្ឈប់លែងឲ្យបន្តប្រកួតទៀតតែម្តងទៅ។
ឯក កៃឈៀង អ្នកប្រាដល់ក្លឹបមកុដរាជសីហ៍ បានប្រើជើងទាត់នឿន វ៉ាន់ឌី អ្នកប្រដាល់ក្លឹបអេភូថងកីឡាឲ្យសន្លប់ធំនៅពាក់កណ្ដាលទឹកទី១។ វ៉ន់ឌី ត្រូវមួយជើងផ្កាប់ចានរបស់ កៃ ឈៀងនេះ គឺធ្ងន់ធ្ងរមែនទែន ដោយវង្វេងស្មារតីលែងចងចាំបានអ្វីទាំងអស់ រហូតដល់លែងដឹងថា គេវ៉ៃដួលដោយត្រូវនឹងអ្វីថែមទៀត។
ប៊ិត ប៊ុនធឿន អ្នកប្រដាល់ក្លឹបតាព្រហ្មមានជ័យ ប្រកួតឈ្នះសាន រាជសីហ៍ អ្នកប្រដាល់ក្លឹបក្រសួងការពារជាតិដោយពិន្ទុ។ សានរាជសីហ៍ គ្រាន់តែអាជ្ញាកណ្ដាលរាប់៨ដល់ទៅ៣ដង គឺក្នុងទឹកទី១ម្តង និងក្នុងទឹកទី៤ពីរដង ដោយសារតែត្រូវនឹងកណ្ដាប់ដៃរបស់ ប៊ុន ធឿននោះ។ ចំណែក ម៉ន រិទ្ធី អ្នកប្រដាល់ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក ផ្ដួលសាង សី អ្នកប្រដាល់ក្លឹបឃ្លាំងមឿងកីឡាឲ្យសន្លប់នៅក្នុងទឹកទី៣។
លើសង្វៀន SEA-TV នាពេលល្ងាចថ្ងៃអាទិត្យដដែលនេះដែរ ឡេះ តើក អ្នកប្រដាល់ក្លឹបពុទ្ធសេរីវង្សកីឡាបានវាយឈ្នះបឺត សំរេច អ្នកប្រដាល់ក្លឹបសាលវ័នកីឡាដោយពិន្ទុដាច់តែម្តង ក្រោយពីប្រកួតគ្នាប្រាំទឹកបោះ។
គ្មានចៅក្រមណាម្នាក់ក្នុងចំណោម៥នាក់នោះឲ្យបឺត សំរេចឈ្នះនោះឡើយ គឺផ្តល់ពិន្ទុឲ្យឡេះ តើកឈ្នះទាំងប្រាំនាក់។ ហ៊ល ដារ៉ា អ្នកប្រដាល់ក្លឹបសាលវ័នកីឡាបានយកឈ្នះសេន កុសល អ្នកប្រដាល់ក្លឹបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបងដោយពិន្ទុ ក្រោយពីប្រកួតគ្នាប្រាំទឹកពេញនោះ។ ប៉ុន្តែយ៉ាងណា សេន កុសល គេចាញ់ទាំងមិនអស់ចិត្តឡើយ។
គួរបញ្ជាក់ឲ្យដឹងដែរថា គូនេះចៅក្រម៤នាក់ឲ្យហ៊ល ដារ៉ាឈ្នះ ហើយមានតែចៅក្រមម្នាក់ប៉ុណ្ណោះដែលឲ្យសេន កុសលឈ្នះនោះ គឺហ៊ល ដារ៉ាឈ្នះ៤ទល់១។
ម៉ន វ៉ាន់នី អ្នកប្រដាល់ក្លឹបការិយាល័យទី៥កងទ័ពជើងគោកបានផ្ដួលយកឈ្នះហឿន សុខលី អ្នកប្រដាល់ក្លឹបតាព្រហ្មមានជ័យ នៅក្នុងទឹកទី៤ បន្ទាប់ពីគេអុកជង្គង់ឆ្វេងចូលចុងដង្ហើមរបស់ សុខលីនោះ។ ចំណែក បឺត សង្ឃឹម អ្នកប្រដាល់ក្លឹបរ៉ាហាប់ស្វាយប៉ាក គេក៏បានវាយសយ សី អ្នកប្រដាល់ក្លឹបពន្លឺវិបុលរិទ្ធីឲ្យសន្លប់ដោយសារជង្គង់ក្នុងទឹកទី៣ដែរ៕
វិសិទ្ធ(១២)





0 Comments