សៀមរាប ៖ កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅសង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប មានធ្វើកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពលោក នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ វុឌ្ឍី អភិបាលរង នៃគណៈអភិបាលខេត្ត លោក អ៊ឹង ហឿន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងអស់លោក លោកស្រីជាក្រុមប្រឹក្សា គណៈអភិបាលរងក្រុង មន្ត្រីរាជការ ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ និង ប្រជានេសាទប្រមាណ២០០នាក់ មកពី០៧សង្កាត់ដែលបានចូលរួម។
ក្នុងកិច្ចស្វាគមន៍របស់លោក អឿន ពៅ អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ក៏បានសម្ដែងអំណរគុណចំពោះអង្គភាពប្រឆាំងអំពើពុករលួយដែលបានមកធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយដល់មន្ត្រីរាជការ និង ប្រជាពលរដ្ឋដែលជាប្រជានេសាទ ក្នុងគោលបំណងឲ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ប្រឆាំងអំពើពុករលួយ និងចូលរួមកាត់បន្ថយបទល្មើសពុករលួយ ដើម្បីស្ថាបនាសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ ប្រាស់ចាកអំពើពុករលួយ និងការពារសិទ្ធិ សេរីភាពជាមូលដ្ឋាន សេចក្ដីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និង កិច្ចអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
បន្ទាប់ពីប្រសាសន៍បើកកិច្ចប្រជុំផ្សព្វផ្សាយរបស់លោក នួន បូផល ដោយបានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ គឺមិនមែនជាវេទិកាសាធារណៈឡើយ គឺដើម្បីចង់ដឹងពីកម្រិតយល់ដឹងរបស់បងប្អូនប្រជានេសាទនៅតំបន់ចុងឃ្នៀស ក៏ដូចជានៅទូទាំងខេត្តសៀមរាបផងដែរ។ លោកក៏បានបន្តទៀតថា ការផ្សព្វផ្សាយច្បាប់នេះ ក៏មិនបានលើកឡើងពីការពាក់ព័ន្ធទៅនឹងគណបក្សនយោបាយណាមួយឡើយ គឺពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ចជំនាញ សំខាន់សមត្ថកិច្ចរដ្ឋបាលជលផលជាមួយបងប្អូនប្រជានេសាទនៅបឹងទន្លេសាប ក្នុងសង្កាត់ចុងឃ្នៀសនេះតែម្តង។ ក្នុងនោះលោក នួន បូផល ក៏បានធ្វើការពន្យល់ណែនាំមួយចំនួនដល់មន្ត្រីរាជការ អាជ្ញាធរ កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ព្រមទាំងបងប្អូនប្រជានេសាទ ដោយបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយមិនមែនតែតាមដានត្រួតពិនិត្យ និងដាក់ទោសវិន័យតែស្ថាប័នរដ្ឋនោះឡើយ គឺទាំងស្ថាប័នរដ្ឋ និងឯកជន នៅពេលណាមានការប្ដឹងមកដល់អង្គភាពប្រឆាំងអំពើពុករលួយ គឺអង្គភាពមានសិទ្ធធ្វើការសើបអង្កេត ស្រាវជ្រាវរកនូវរាល់អំពើល្មើសច្បាប់សរកេងបន្លំទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុននោះ។ ក្នុងនោះលោកក៏បានផ្តល់ឱកាសដល់បងប្អូនជាមន្ត្រីរាជការ ស្ថាប័នរដ្ឋ និង ឯកជន ពិសេសប្រជានេសាទចូលរួមមានមតិស្ដីពីការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ សំខាន់ចំពោះបងប្អូនប្រជានេសាទ។
ក្នុងនោះដែរ មន្ត្រីរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានធ្វើការផ្សព្វផ្សាយច្បាប់ដោយលើកឡើងពីនីតិក្រមមួយចំនួនដែលច្បាប់អំពើពុករលួយបានកំណត់ទៅលើច្បាប់ទោសទណ្ឌចំពោះជនដែលប្រព្រឹត្តនូវអំពើសូកប៉ាន់ ទាំងអ្នកទទួលផល និង អ្នកផ្តល់ដើម្បីផលប្រយោជន៍របស់ខ្លួន។ លោកក៏បានធ្វើការបង្ហាញអំពីរបៀបរៀបចំក្នុងការប្ដឹងចំពោះបុគ្គល មន្ត្រីរាជការ ឬអាជ្ញាធរ មានទទួលនូវលៀបសក្ការៈពីជនខិលខូចបញ្ជូនទៅតាមគ្រប់រូបភាព ហើយអង្គភាពប្រឆាំងអំពើពុករលួយ រង់ចាំទទួលធ្វើការជូនបងប្អូនគ្រប់ពេលវេលា។
បន្ទាប់ពីការលើកឡើងអំពីបញ្ហាមួយចំនួនរបស់បងប្អូនប្រជានេសាទពីការរំខានក្នុងមុខរបរដាក់មងពីសំណាក់ជនល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលបានបំផ្លិចបំផ្លាញពូជត្រីនៅបឹងទន្លេសាប ហើយនៅពេលប្រជានេសាទបាច់ឃាត់ខ្លួនបានយកមកប្រគល់ឲ្យសមត្ថកិច្ចរដ្ឋបាលជលផលសង្កាត់បានត្រឹមតែធ្វើការផាកពិន័យ នឹងឲ្យវិលទៅប្រព្រឹត្តបទល្មើសដដែលនៅក្នុងដែនអភិរក្សត្រីពូជ ចំពោះការចុះបង្ក្រាបរបស់សមត្ថកិច្ចជលផលគឺអសកម្មតែម្តង។
បន្ទាប់ពីអង្គភាពជំនាញ និងអាជ្ញាធរ បានធ្វើការបកស្រាយបំភ្លឺរួចមក មានប្រសាសន៍ក្នុងនោះដែរ លោក នួន បូផល ក៏បានទទួលនូវរាល់បញ្ហាដែលបងប្អូនប្រជានេសាទបានលើកឡើង ដើម្បីយកទៅធ្វើការពិភាក្សាជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានរដ្ឋបាលជលផល ក្នុងការជួយដល់បងប្អូនប្រជានេសាទ ដើម្បីរកឲ្យឃើញនូវរាល់កំហុសឆ្គងដែលមន្ត្រីអនុវត្តច្បាប់ធ្វើខុសចំពោះច្បាប់រដ្ឋ ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា រាល់ភាពអសកម្មរបស់សមត្ថកិច្ចជំនាញ គឺជាអំពើមួយ ដែលមានការឃុបឃិតជាមួយជនល្មើស ដើម្បីទទួលនូវផលប្រយោជន៍នោះ ដែលអង្គភាពប្រឆាំងអំពើ ពុករលួយ នឹងធ្វើការស្វែងយល់បន្តក្នុងការដាក់បន្ទុកដល់មន្ត្រីខិលខូចទាំងនោះឲ្យទទួលទោសទណ្ឌទៅតាមនីតិក្រមច្បាប់ប្រឆាំងអំពើពុករលួយ។ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ក្រុមប្រឹក្សា មន្ត្រីរាជការ និងប្រជានេសាទទាំងអស់ ត្រូវពាំនាំយកនូវការផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយទៅផ្សព្វផ្សាយបន្តនៅតាមអង្គភាព ឃុំ សង្កាត់ សហគមន៍របស់ខ្លួនឲ្យបានទូលំទូលាយកាន់តែយល់អំពីច្បាប់នេះផងដែរ៕
គឿនវេត

0 Comments