Ad Code

នៅ​ភ្នំពេញ​មាន​បូរី​ចំនួន​៧៤​ កំពុង​ដំណើរការ​យ៉ាង​រលូន​ស្រប​ពេល​ដែល​អំណាច​ទិញ​របស់​ប្រជា​ពល​រដ្ឋ​កើនឡើង​ខ្ពស់​


ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​ លោកប៉ា សុជាតិ​វង្ស​បាន​មានប្រសាសន៍​លើក​ឡើង​ថា នៅ​ភ្នំពេញ​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ មាន​បូរី​ចំនួន​៧៤ ​កំពុង​ដំណើរការ​យ៉ាង​រលូន​ស្រប​ពេល​ដែល​អំណាច​ទិញ​របស់​ប្រជាពលរដ្ឋ​កើនឡើង​ខ្ពស់ ហើយ​ការ​បញ្ជា​ការទិញ​ពី​ប្រជាពលរដ្ឋ​កើនឡើង​ច្រើន​បែបនេះ គឺ​ពិតជា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​ពួកគាត់​ពិតជា​បាន​នឹង​កំពុង​រក​ស៊ី​ទទួលទាន​មានបាន​ខ្លាំង។ ធម្មតា​បើ​ប្រជាពលរដ្ឋ​រក​ស៊ី​ទទួលទាន​មានបាន​នោះ មានន័យថា​គោលនយោបាយ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​គឺ​ពិតជា​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​ហើយ។​

លោកប៉ា សុជាតិ​វង្ស​បន្ត​ថា វិស័យ​ឯកជន​ពិតជា​បាន​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​ច្រើនណាស់​ពិសេស​លើ​ការ​វិនិយោគ។ ការ​កសាង​នូវ​បូរី​នេះ​ឡើង​គឺជា​ការបង្កើត​នៅ​ភូមិ​សហគមន៍​ថ្មី​មួយទៀត​ដែល​មាន​លក្ខណៈ​រៀបរយ។ នៅ​ភ្នំពេញ​មាន​សហគមន៍​ក្រីក្រ​ចំនួន​៣៣៥​សហគមន៍ ក្នុងនាម​យើង​ជា​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​កុំ​ឲ្យ​គម្លាត​អ្នកមាន​និង​អ្នកក្រ​នៅ​ឆ្ងាយ​ពី​គ្នា​ពេក ហើយ​ដើម្បី​ធ្វើ​បញ្ហា​នេះ​បាន​វា​មិន​មែន​ជា​បញ្ហា​ងាយស្រួល​នោះ​ទេ តែ​វា​ជា​បញ្ហា​ប្រឈម​ធំ​មួយ​ដែល​យើង​ត្រូវ​នាំគ្នា​ពុះពារ​ធ្វើ ហើយ​កិច្ច​ការងារ​នេះ​បើ​មិន​មាន​ការចូលរួម​ពី​វិស័យ​ឯកជន​និង​សង្គម​ស៊ីវិល​ទេ​ក៏​យើង​ពិបាក​ធ្វើ​ដែរ។ លោក​បន្ត​ទៀត​ថា ​កាលពី​ព្រឹក​ថ្ងៃទី​១១​ ខែ​មករា ​ឆ្នាំ​២០១៥ ​ក្នុង​ពិធី​សម្ពោធ​បើក​ការ​ដ្ឋាន​ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា ​"​ជីវិត​រស់នៅ​ដ៏​ប្រណីត​"​ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​២០០៤​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ដែល​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោកជំទាវ​ហ៊ុន ម៉ា​ណា​អគ្គ​នាយិកា វិទ្យុ​ និង​ទូរទស្សន៍​បាយ័ន​ផង​ដែរ។​

លោក​បន្ត​ថា ម្ចាស់​បូរី​មួយចំនួន​មិនទាន់​គ្រប់គ្រង​បូរី​របស់​ខ្លួន​បាន​ល្អ​នៅឡើយ​ទេ ទោះបី​បូរី​ទាំងនោះ​មានច្បាប់​របស់​គេ​ក្តី ដែល​តម្រូវ​ឲ្យ​ម្ចាស់​បូរី​ទាំងនោះ​ត្រូវ​សហការ​ឲ្យ​បាន​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ​ពិសេស​លើ​ការគ្រប់គ្រង​ស្ថិតិ​តែម្តង បើ​យើង​គ្រប់គ្រង​ស្ថិតិ​មិនបាន​ល្អ​ទេ​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ក៏​ពិបាក​នឹង​គ្រប់គ្រង​ដែរ។ ដោយឡែក​សម្រាប់​បូរី​អ័​រ​គី​ដេ​វីឡា ​"​ជីវិត​រស់នៅ​ដ៏​ប្រណីត​" ​គឺ​ការ​គ្រប់គ្រង​របស់​គេ​បាន​ល្អ​ប្រសើរ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ចិត្ត រហូត​បាន​នាំគ្នា​មក​ទិញ​ជា​បន្តបន្ទាប់ ដែល​ធ្វើអោយ​ក្រុមហ៊ុន​មួយ​នេះ​ដំណើរ​ការ​បន្ត​បើក​គម្រោង​របស់​ខ្លួន​ជា​បន្តបន្ទាប់​មក​ដល់​ពេលនេះ។​

ក្នុង​ឱកាស​នោះ​ដែរ ​លោកស្រី ខៀវ សស៊ីលៀប​ នាយិកា​ប្រតិបត្តិ​ទូទៅ​នៃ​អ័​រ​គី​ដេ​វីឡា​"​ជីវិត​រស់នៅ​ដ៏​ប្រណីត​"​បាន​មានប្រសាសន៍​លើកឡើង​ដែរ​ថា គម្រោង Orkide Villa the Royal ត្រូវ​បាន​បែង​ចែក​ជា​៣​ផ្សេងគ្នា​លើ​ផ្ទៃដី​សរុប​ចំនួន​៣៦​ហិកតា ក្នុង​នោះ​ផ្នែក​ទី​១​គឺជា​ប្រភេទ​ផ្ទះ​អាជីវកម្ម ១៨៨​ល្វែង និង​អគារ​ចំនួន​៨​ផង​ដែរ ហើយ​មកដល់ពេលនេះ​លក់​បាន​ប្រមាណ​៣៥%​រួចហើយ។

ផ្នែក​ទី​២​ជា​ប្រភេទ ខុន​ដូ​ដែល​មាន​៦​អាគារ​សរុប​ប្រមាណ​១.០០០​បន្ទប់ ​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ប្រើប្រាស់ ហើយ​គម្រោង​នេះ​ក្រុមហ៊ុន​នឹង​សាងសង់​ជា​ផ្សារ​ទំនើប មជ្ឈមណ្ឌល​កម្សាន្ត ហាង​ទំនិញ ភោជនីយដ្ឋាន​និង​អ្វីៗ​ជាច្រើន​ទៀត ដែល​នឹង​បើក​លក់​នៅ​៦​ខែ​ទៀត។ លោកស្រី​បន្ត​ថា គោល​បំណង​របស់​ក្រុមហ៊ុន​គឺ​ចង់​បង្កើត​សហគមន៍​មួយ​ដ៏​ប្រណិត​ដែល​មាន​ការរស់នៅ​ប្រកបដោយ​សុវត្ថិភាព សោភណភាព ផា​សុខភាព ការរស់នៅ​មាន​លក្ខណៈ​ឯកជន ដែល​ធ្វើអោយ​ជីវិត​រស់នៅ​របស់​អតិថិជន​ប្រកបដោយ​ភាពល្អ​ឥត​ខ្ចោះ​តាម​ស្តង់ដារ​អន្តរជាតិ​ពិតប្រាកដ៕​

ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu