ភ្នំពេញ ៖ បើកការដ្ឋានស្ថាបនាផ្លូវ២ខ្សែ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាថវិការបស់មូលនិធិ ខណ្ឌឆ្នាំ២០១៤ ក្រោមអធិបភាព លោកសុខ សម្បតិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និង មន្ត្រីសាលាខណ្ឌ សាលាសង្កាត់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនរូបទៀតផងដែរ។
ដើម្បីបំពេញទៅតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃសង្កាត់ព្រែកព្នៅ ផ្លូវទាំង២ខ្សែ ដែលត្រូវស្ថាបនាក្នុងភូមិសំរោង នាពេលនេះរួមមាន ទី១-មានប្រវែង១១០ម៉ែត្រ ទទឹងខ្នងលើ៨ម៉ែត្រ ទី២មានប្រវែងប្រវែង១១០ម៉ែត្រ ទទឹងខ្នងលើ៨ម៉ែត្រដូចគ្នា ដែលចំណាយអស់ថវិកាចំនួន១៨០លានរៀល។
ក្នុងរបាយការណ៍ស្វាគមន៍លោក កង សែន ចៅសង្កាត់រងទី១នៃសង្កាត់សំរោងបានឲ្យដឹងថា នេះជាផ្លូវបេតុងទី៣ហើយ ដែលជាថវិការបស់មូលនិធិខណ្ឌឆ្នាំ២០១៤ ក្នុងនោះផ្លូវទី១ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់មកហើយនោះ មានប្រវែង៤៤២ម៉ែត្រ នៅក្នុងភូមិគ្រោះ ផ្លូវទី២-មានប្រវែង១៩៥០ម៉ែត្រ នៅក្នុងភូមិសំរោងត្បូង។ ចៅសង្កាត់រងរូបនេះបន្តថា ប្រជាពលរដ្ឋមានការសប្បាយរីករាយក្នុងការស្ថាបនាផ្លូវក្នុងភូមិសំរោងជើងនេះ រីឯផលប៉ះពាល់នឹងប្រជាពលរដ្ឋតាមដងផ្លូវមិនមានអ្វីច្រើនឡើយ ដោយពួកគាត់ព្រមទទួលយកអស់ហើយ ហើយពួកគាត់ក៏បានចូលរួមក្នុងការស្ថាបនាផ្លូវបេតុងនេះផងដែរ។
លោក សុខ សម្បតិ អភិបាលខណ្ឌព្រែកព្នៅបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នការអភិវឌ្ឍរបស់ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយសម្ដេចតែងតែទម្លាក់ថវិកាពីមួយឆ្នាំទៅមួយឆ្នាំឲ្យមកថ្នាក់ សង្កាត់កើនឡើងជានិច្ច។ លោក សុខ សម្បតិ បន្តថា ពីមុនផ្លូវបេតុង និងសាលារៀននៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សាលារៀន និងផ្លូវមកជាប់នឹងកាំជណ្ដើរផ្ទះរបស់ប្រជាពលរដ្ឋតែម្តង។
ក្នុងឱកាសនោះដែរ លោក សុខ សម្បតិ បានអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមានចូលរួមធ្វើសាក្សី ក្នុងការស្ថាបនាផ្លូវបេតុងប្រវែង២២០ម៉ែត្រនាពេលនេះ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមក្នុងការស្ថាបនាផ្លូវ និងដាក់លូទាំងបណ្តោយផ្លូវ និងកាត់ទទឹងផ្លូវឲ្យមានភាពល្អប្រសើរ ពិសេសតាមដានមើលពីលក្ខណៈបច្ចេកទេស ថាតើក្រុមហ៊ុនស្ថាបនាត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងតាមកិច្ចសន្យាឬអត់។ ជាងនេះទៅទៀតលោកបានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋយោគយល់រាល់ផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវនេះផងដែរ។
នៅព្រឹកថ្ងៃដដែលនោះដែរ លោក សុខ សម្បតិ និងមន្ត្រីសាលាខណ្ឌ សាលាសង្កាត់ ក៏បានអញ្ជើញចុះត្រួតពិនិត្យមើលផ្លូវមួយខ្សែប្រវែង៥៥២ម៉ែត្រ ដែលបានធ្វើរួចរាល់៩០ភាគហើយនោះ ហើយផ្លូវនេះក៏ជាថវិការបស់មូលនិធិខណ្ឌឆ្នាំ២០១៤ផងដែរ ដែលស្ថិតនៅក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ហើយលោកអភិបាលខណ្ឌព្រែកព្នៅសុំឲ្យប្រជាពលរដ្ឋទាំងអស់ដែលនៅតាមសងខាងផ្លូវចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា៕
ឧត្តរ៉ា


0 Comments