Ad Code

រថយន្ត​កា​ម៉ាស់​ដឹកស្រូវ​មួយ​គ្រឿង​ បើក​ងោក​ឡើងលើ​សួនច្បារ​បុក​បង្គោល​ថ្ម​មួយ​ដើម​ និង​បែក​ខូច​ការ៉ូ​ការ៉ូឡា​សួនច្បារ​៥០​ការ៉េ​


កំពង់ឆ្នាំង ៖ បង្គោល​ថ្ម​មួយ​ដើម​ដែល​ជា​របង​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម​ និង​ការ៉ូ​ការ៉ូឡា​ប្រមាណ​៥០​ការ៉េ នៅ​លើ​សួនច្បារ​មុខ​មន្ទីរ​បរិស្ថាន​ខេត្ត ត្រូវ​បាន​បែកបាក់​ខូចខាត​ដោយសារ​អ្នក​បើកបរ​រថយន្ត​កា​ម៉ាស់​មួយ​គ្រឿង​ បើក​ងោក​នៅ​ពេល​យប់​ឡើង​លើ​សួនច្បារ​បុក​បង្ក​ឲ្យ​មាន​ការខូចខាត។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥ លើ​សួនច្បារ​មុខ​មន្ទីរ​បរិស្ថាន​ខេត្ត ​ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង។ លោក យី​វ ជា​អ្នក​ហៅ​ម៉ូយ​ដាក់​រថយន្ត​តាក់ស៊ី​នៅក្នុង​បេន​រថយន្ត​ផ្សារ​លើ​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​ថា នៅក្នុង​ម៉ោង​ខាងលើ​មាន​រថយន្ត​កា​ម៉ាស់​ដឹកស្រូវ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B 1965 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុច​ផ្លូវបត់​កែង​កៀន​មន្ទីរ​បរិស្ថាន​ខេត្ត គេ​មិន​បត់​ឆ្វេង​តាមផ្លូវ​ជាតិ​ទេ​ បែរជា​បើក​បញ្ឆិត​ទៅ​ទិសខាងកើត​ឡើងលើ​សួនច្បារ​បុក​បង្គោលរបង​ស្តូប​មួយ​ដើម​បាក់​ និង​បែក​ការ៉ូ​កា​រ៉​ឡា​មួយ​អស់​ចំនួន។ ក្រោយពេល​កើតហេតុ​អ្នក​បើកបរ​រថយន្ត​កា​ម៉ាស់​បាន​បើករថយន្ត​ថយក្រោយ​ចុះ​មក​លើ​ផ្លូវ​ជាតិ​វិញ ហើយ​បើក​គេចខ្លួន​ទៅមុខ​ទោះបី​អ្នកណា​ឃាត់​ឲ្យ​គេ​ឈប់ ក៏​គេ​មិន​ព្រម​ឈប់​ដែរ បន្ទាប់មក​គេ​ក៏បាន​ទូរស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត ដើម្បី​តាម​ចាប់​រថយន្ត​បង្ក​នេះ​ធ្វើការ​ដោះស្រាយ​សង​ការខូចខាត។​

លោក អៀ ប៉ុន​ធឿន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​និយាយ​ឲ្យ​ដឹង​ថា រថយន្ត​កា​ម៉ាស់​ខាង​លើ​នេះ ដែល​បង្ក​ការខូចខាត​ក្រោយពេល​កើតហេតុ​បែរជា​មិន​ទទួល​ខុស​ត្រូវ ហើយ​បើករថយន្ត​គេច​ថែមទៀត។ ករណីនេះ​ក្រោយពេល​កើតហេតុ​ភ្លាមៗ លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បញ្ចេញ​កម្លាំង​តាម​ចាប់​រថយន្ត​ខាង​លើ​នេះ ហើយ​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​ បាន​ប្រទះឃើញ​រថយន្ត​ខាង​លើ​ខូច​កា​ប៉ែន​ហ្វ្រាំង​ឈប់​ជួសជុល​នៅ​ចំណុច​ទំនាប​ស្រែហង់ ក្នុង​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ និង​ត្រូវ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​ឃាត់ទុក។​

សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​ដោះស្រាយ​ជាមួយ​អង្គការ​ចៃ​ការ ដែល​ជា​អ្នកទទួលខុសត្រូវ​ជួសជុល​សួនច្បារ​របស់​ខេត្ត ដែល​មន្ត្រី​តំណាង​ឲ្យ​អង្គការ​ចៃ​ការ​បាន​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​តម្កល់​ប្រាក់​ចំនួន​៥០០​ដុល្លារ ដើម្បី​ធ្វើការ​ជួសជុល​ការ៉ូ​ការ៉ូឡា​ដែល​បែកបាក់​ប្រមាណ​៥០​ម៉ែត្រការ៉េ និង​ ជួសជុល​បង្គោល​ថ្ម​១​ដើម​ដែល​បាក់​នោះ​ឡើងវិញ​នៅ​ថ្ងៃ​ច័ន្ទ​ក្រោយនេះ បើ​លុយ​នេះ​នៅសល់​អង្គការ​ចៃ​ការ​និង​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​រថយន្ត​វិញ។​

អ្នកបើកបរ​រថយន្ត​បាន​ដោះសា​ជាមួយ​សមត្ថកិច្ច​ថា មូលហេតុ​ដែល​រថយន្ត​បើក​ឡើងលើ​សួន​ច្បារ​នេះ​បណ្ដាល​មកពី​រថយន្ត​បែក​កា​បែន​ហ្វ្រាំង​បត់​មិនកើត ​ទើប​បង្ក​ការខូចខាត​បែបនេះ គឺ​មិន​មែន​បើកបរ​ងោក​នោះ​ទេ៕ ( ឈៀង ថា​រិ​ទ្ធ )


Post a Comment

0 Comments

Close Menu