ភ្នំពេញ ៖ ពិធីចុះហត្ថលេខាធំៗ៥ចំណុចលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៥ នៅសាលប្រជុំក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ បានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយនឹងលោក ត្រឹង ដាយក្វាង រដ្ឋមន្ត្រី នៃក្រសួងនគរបាលវៀតណាម។
លោក សាឯម សាវុធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និង ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ត្រឹង ដាយក្វាង រដ្ឋមន្ត្រីនៃក្រសួងនគរបាលវៀតណាម បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចំនួន២ថ្ងៃ គឺថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥។
លោក សាឯម សាវុធ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់បន្តថា នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជាចំនួន២ថ្ងៃនេះ គណប្រតិភូទាំង២ ក៏បានធ្វើពិធីចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៥នេះ មានចំនួន៥ចំណុចធំៗ ក្នុងនោះចំណុចទី១ ពង្រឹងការងារសន្តិសុខកសាងបន្ទាត់ខ្សែព្រំដែន ដើម្បីរក្សាសុវត្ថិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍ ចំណុចទី២ ក្រសួងទាំង២ និងសហប្រតិបត្តិការគ្នាក្នុងការបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន ដើម្បីធានាសុវត្ថិភាព សន្តិសុខសង្គម រវាងប្រទេសទាំងពីរចំណុចទី៣ ក្រសួងទាំងពីរ នឹងរួមសហប្រតិបត្តិការគ្នាដើម្បីផ្លាស់ប្ដូរគោលដៅប្រតិភូរវាងប្រទេសទាំងពីរ ដើម្បីធ្វើទស្សនកិច្ចសិក្សា ចំណុចទី៤ ប្រទេសវៀតណាមបន្តជួយជ្រោមជ្រែង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសគឺធនធានមនុស្សលើវិស័យនគរបាលសម្រាប់ឆ្នាំ២០១៥ តាមផែនការគ្រោងជាង៦០០នាក់ និងចំណុចទី៥ក្រសួងនគរបាលវៀតណាម នឹងផ្តល់ការគាំទ្រនិងជំរុញការសហប្រតិបត្តិការផ្នែកវិស័យភស្តុភារបច្ចេកទេស៕
រ៉ាវុទ្ធ
0 Comments