ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានអំពាវនាវដល់សមាជិក សមាជិការដ្ឋសភា និង មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ដែលមានអាយុតិចជាង៦០ឆ្នាំ ចូលរួមស្តាប់ការផ្សព្វផ្សាយ និងធ្វើការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមទៅតាមការស្ម័គ្រចិត្ត ដែលនឹងប្រព្រឹត្តទៅនៅវិមានរដ្ឋសភា នាថ្ងៃទី២២ ខែមករាខាងមុខនេះ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានថ្លែងតាមរយៈលិខិតអំពាវនាវនេះថា ការបរិច្ចាគឈាម គឺជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលស្ថិតនៅក្នុងភាពអាសន្នចាំបាច់ត្រូវការឈាម។ ការបរិច្ចាគនេះពុំធ្វើឲ្យទន់ខ្សោយ ឬប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាគបន្តិចសោះឡើយ ផ្ទុយទៅវិញវាជាគុណបុណ្យដ៏ធំមួយដែលជាកាយវិការជួយដល់ញាតិមិត្តជិតឆ្ងាយ។
តាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម តាមរយៈលិខិតស្នើសុំសហការធ្វើការផ្សព្វផ្សាយ និងទទួលអំណោយឈាមដោយស្ម័គ្រចិត្ត ដាក់ជូនទៅអគ្គលេខាធិការដ្ឋានរដ្ឋសភាថា អ្នកជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ១០០ប្លោកជារៀងរាល់ថ្ងៃ ដើម្បីព្យាបាល និងជួយសង្គ្រោះជីវិតជាបន្ទាន់ ក្នុងនោះអ្នកជំងឺមួយចំនួនធំបានបញ្ជូនមកពីបណ្ដាខេត្តនានាទូទាំងប្រទេស។ វេជ្ជបណ្ឌិតរូបនេះបានថ្លែងថា «យើងខ្ញុំតែងសុំឲ្យមានកិច្ចសហការដ៏សប្បុរសធម៌ពីគ្រប់ស្ថាប័ន អង្គភាព ជាពិសេស អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីទទួលបាននូវអំណោយឈាមដ៏សប្បុរសធម៌ សម្រាប់សេចក្តីត្រូវការរបស់ជនរងគ្រោះ និងអ្នកជំងឺទាំងអស់»។
ជាការកត់សម្គាល់ តម្រូវការឈាមមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាទូទៅការប្រើប្រាស់ឈាមមានគម្លាតខុសគ្នាច្រើន ពិសេសរវាងប្រជាជនក្រីក្រ គឺងាយរងគ្រោះថ្នាក់ជាងអ្នកមានធនធាន ដោយសារពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានឈាមសង្គ្រោះ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានបង្ហាញថា នៅឆ្នាំ២០១៣មានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួនជាង៤ម៉ឺននាក់ មានការកើនឡើង៥ភាគរយ បើប្រៀបធៀបនៅឆ្នាំ២០១២ ដែលនេះជាចំនួនកើនឡើងតិចតួចតែប៉ុណ្ណោះ ដោយសារតែប្រជាពលរដ្ឋមួយចំនួនគិតថា ការបរិច្ចាគឈាមធ្វើឲ្យប៉ះពាល់ដល់សុខភាព និងមិនមានតម្លាភាពក្នុងការចែកចាយ៕
សុងយោ
0 Comments