ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាគន្លឹះ ដែលត្រូវដោះស្រាយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។
លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នៅសណ្ឋាគារសុខាភ្នំពេញក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ២០១៥-២០១៨ ជូនដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរព័ត៌មានគ្រប់។
លោក ហោ សុភាព រដ្ឋលេខាធិការក្រសួង ព័ត៌មាន និងជាប្រធានគណៈកម្មការឆ្លើយ តបនឹងការប្រែប្រួលអាកាសធាតុក្រសួងព័ត៌មានបានថ្លែងថា ក្រោយពីកម្ពុជាបាន ផ្តល់សច្ចាប័នលើអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុនៅឆ្នាំ១៩៩៦មកកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហា ប្រឈមនានាដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ លោកបានថ្លែងទៀតថា ក្នុងបរិបទនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ ហើយ ផែនការយុទ្ធសាស្ត្រនេះគឺជាឯកសារគោល នយោបាយពេញលេញមួយដែលកម្ពុជា ពុំធ្លាប់មានពីមុនមកសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលប្រជាជាតិ យើងកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន និង ទៅអនាគត។
លោកបានបញ្ជាក់ថា ឯកសារ គោលនយោបាយនេះបានឆ្លុះបញ្ចាំងឲ្យ ឃើញពីឆន្ទៈនយោបាយការប្តេជ្ញាចិត្តដ៏រឹងមាំនិងការត្រៀមលក្ខណៈរបស់យើងទាំងអស់គ្នាក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើការ អភិវឌ្ឍ និងការចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែង ជាសកលដើម្បីកម្ពុជា និងពិភពលោក ទាំងមូលអភិវឌ្ឍឆ្ពោះទៅរកសង្គមមួយបៃតង បញ្ចេញកាបូនិចហើយធន់នឹងការប្រែប្រួលអាកាសធាតុ។
លោកបញ្ជាក់ទៀតថា ផែនការយុទ្ធសាស្ត្រ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា គឺជាក្របខ័ណ្ឌការងារធំទូលាយមួយដែល បានអនុញ្ញាតឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានាប្រែក្លាយទៅជាផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាម វិស័យរៀងៗខ្លួននៅតាមក្រសួង ស្ថាប័ន អាទិភាពមួយចំនួនដើម្បីរួមចំណែកកាត់ បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រ កម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឲ្យទទួលបានជោគជ័យ។
មានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលានាឱកាសនោះលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាគន្លឹះដែលត្រូវដោះស្រាយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។ លោករដ្ឋមន្ត្រីបានជម្រាបថា អ្នកជំនាញបានព្យាករណ៍ថាកម្ពុជាអាចនឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែកម្ពុជាគឺជាប្រទេសក្រីក្រ និងជាប្រទេសមួយនៅ ក្នុងតំបន់ និងនៅលើពិភពលោក។ មិនតែ ប៉ុណ្ណោះកម្ពុជាគឺជាប្រទេសមួយដែលកំពុងតែប្រឈមទៅនឹងបម្រែបម្រួលអាកាសធាតុ ហើយក៏នឹងក្លាយទៅជាប្រទេសមួយដែល រងគ្រោះដោយសារតែបញ្ហានេះទាំងនៅ ពេលបច្ចុប្បន្ន និងនៅពេលអនាគត។ ជាងនេះទៀតកម្ពុជាមានធនធានកម្រិតទាប ក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិហើយនិងបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលបណ្តាលមកពីការកើនឡើងនូវគ្រោះធម្មជាតិផ្សេងៗរួមមាន កំណើនសីតុណ្ហភាព កំណើននីវ៉ូទឹកសមុទ្រ គ្រោះរាំងស្ងួត និង ទឹកជំនន់ជាដើម៕
0 Comments