Ad Code

ក្រសួងមហាផ្ទៃ​កម្ពុជា​ និង​ក្រសួងមហាផ្ទៃ​វៀតណាម​ចុះហត្ថលេខា​សហប្រតិបត្តិ​ការ​ចំនួន​៥​ចំណុច​ធំៗ​


ភ្នំពេញ ៖ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខារ​សហប្រតិបត្តិការ​ឆ្នាំ​២០១៥ រវាង​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោយ​អធិបតីភាព​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ត្រឹង ដាយ​ក្វាង រដ្ឋមន្ត្រី​ក្រសួង​នគរបាល។

ការចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​២០១៥ រវាង​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នេះ​មាន​៥​ចំណុច​ធំៗ​ទី​១​ក្រសួង​ទាំងពីរ​នឹង​បន្ត​សហប្រតិបត្តិការ​សំដៅ​ពង្រឹង​ការងារ​សន្តិសុខ កសាង​បន្ទាត់​ខ្សែ​ព្រំដែន​សន្តិភាព មិត្តភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍។ ទី​២ ក្រសួង​ទាំងពីរ​នឹង​សហប្រតិបត្តិការ​ក្នុងការ​បង្ក្រាប​បទឧក្រិដ្ឋ​ឆ្លងដែន​ដើម្បី​ធានា​សុវត្ថិភាព ស្ថិរភាព និង​សន្តិសុខ​របស់​ប្រទេស​ទាំងពីរ។ទី​៣​ក្រសួង​ទាំងពីរ​នឹង​រួម​សហការគ្នា​ក្នុងការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​ ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា​រវាង​ប្រទេស​ទាំងពីរ។ ទី​៤ ប្រទេស​វៀតណាម​នឹង​បន្ត​ជួយ​ជ្រោមជ្រែង ក្នុងការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ជាពិសេស​ធនធានមនុស្ស​លើ​វិស័យ​នគរបាល សម្រាប់​ឆ្នាំ​២០១៥ (​តាម​ផែនការ​គ្រោង​ជាង ៦០០​នាក់​)។ ទី​៥, ក្រសួង​នគរបាល​នឹង​ផ្ដល់​ការគាំទ្រ ជំរុញ​សហប្រតិបត្តិការ​លើ​ផ្នែក​ភស្តុភារ​បច្ចេក​ទេស មានន័យថា​ក្រសួង​នគរបាល​វៀតណាម​បន្ត​ជួយ​ក្នុងការ​កសាង​សាលា​មិត្តភាព​នគរបាល​កម្ពុជា​-​វៀតណាម បន្ថែមទៀត។

គួរបញ្ជាក់​ផងដែរ​ថា យោងតាម​កម្មវិធី​ដែល​បាន​គ្រោងទុក​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួង​នគរបាល​វៀតណាម​នឹង បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​គណប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួង​នគរបាល​វៀតណាម បាន​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​២០១៥​នេះ និង​នៅ​រសៀល​ថ្ងៃ​១៦ ខែមករា ឆ្នាំ​២០១៥ នេះ​ដែរ​គណប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួង​នគរបាល​វៀតណាម នឹង​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព។ បន្ទាប់​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥ គណប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួង​នគរបាល​វៀត​ណាម នឹង​រួម​ដំណើរ​ជាមួយ​ឯកឧត្តម ស ខេង នឹង​អញ្ជើញ​ទៅ​សម្ពោធ​សាលា​មិត្តភាព​នគរបាល​មិត្តភាព​កម្ពុជា វៀតណាម​នៅ​ខេត្តកំពង់ស្ពឺ៕


Post a Comment

0 Comments

Close Menu