ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងថា មានការរន្ធត់ចិត្ត និងក្រៀមក្រំបំផុតបន្ទាប់ពីទទួលបានព័ត៌មានថាមានជនបិទមុខពីរនាក់ប្រដាប់ដោយកាំភ្លើងបានចូលទៅបាញ់ប្រហារយ៉ាងសាហាវទៅលើទីស្នាក់ការទស្សនាវដ្តី បារាំងមួយឈ្មោះ Charlie Hebdo នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីវេលាម៉ោង១១និង៣០ នាទីថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ។
តាម ក្លិបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងចំពេលដែលក្រុមអ្នកកាសែតកំពុងប្រជុំបែងចែកការងារប្រចាំសប្តាហ៍របស់ខ្លួន។ អ្នកកាសែត និងអ្នកគូររូបត្លុកសរុប៨ នាក់ បានស្លាប់ក្នុងចំណោមមនុស្ស១២ នាក់ដែលបានស្លាប់ក្នុងហេតុការណ៍នេះ។ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ចាត់ទុកឃាតកម្មលើអ្នកកាសែតខាងលើនេះជាអំពើព្រៃផ្សៃសាហាវយង់ឃ្នងប្រឆាំងមនុស្សជាតិ និងរំលោភយ៉ាងធ្ងន់ធ្ងរលើសេរីភាពសារព័ត៌មាននិងសិទ្ធិមនុស្សដែលមិនអាចអត់ឱនបានឡើយ។ ក.អ.ក ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើព្រៃផ្សៃអមនុស្សធម៌នេះ ហើយអំពាវនាវដល់សហគមន៍អន្តរជាតិ និងមនុស្សជាតិលើសកលលោករួមគ្នាថ្កោលទោសនិងចាត់វិធានការតាមគ្រប់រូបភាព ដើម្បីប្រឆាំងក្រុមភេរវកម្មដោយមិនអាចលើកលែងបានឡើយ។
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពរួមទាំងប្រជាជនបារាំង ហើយសូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធអ្នកស្លាប់ទាំងអស់បានទៅកាន់សុគតិភព។ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) គឺជាអង្គការឯករាជ្យមានបេសកកម្មបម្រើផលប្រយោជន៍ និងការពារ អ្នកកាសែតព្រមទាំងលើកកម្ពស់សេរីភាពសារព័ត៌មាន និងពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា៕

0 Comments