ពោធិ៍សាត់ ៖ ឧប្បត្តិហេតុមិនគួរកើតឡើងដ៏ផុយស្រួយមួយបានកើតឡើង ដោយស្មានមិនដល់សោះធ្វើឲ្យបុរសម្នាក់ស្លាប់ក្បែរ និងម៉ូតូដែលខ្លួនជិះដោយមិនពាក់មួកការពារសុវត្ថិភាព បែកក្បាលហូរឈាមស្រោចថ្នល់ នៅលើកណ្ដាលគំនូសលឿង ផ្លូវជាតិលេខ៥ ខណៈដែលបុរសនេះបើកម៉ូតូឆ្លងផ្លូវមិនមើលរថយន្តមកច្រាសទិសបុកពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៨នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិផ្សា ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រង់ចន្លោះគីឡូម៉ែត្រ១៥២ និង១៥៣។
ក្នុងឧប្បត្តិហេតុដ៏ផុយស្រួយហើយរន្ធត់នេះលោក ខៀវ សុខា នាយប៉ុស្តិ៍រដ្ឋបាលឃុំក្បាលត្រាច និងដឹងស្របគ្នានិងពលរដ្ឋឃើញហេតុការណ៍ផ្ទាល់ភ្នែកនេះដែរនិយាយថា បុរសរងគ្រោះនេះឈ្មោះ ស ម៉ៅ អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងរំដេញ ឃុំកើតហេតុខាងលើ បានជិះម៉ូតូប្រភេទគុប ពណ៌ខៀវ ដោយគ្មានពាក់មួកការពារសុវត្ថិភាពឡើយ ដោយបានជិះម៉ូតូលើផ្លូវជាតិក្នុងទិសដៅពីលិចទៅកើត ឌុបបងថ្លៃរបស់ខ្លួនទៀត ដែលការបើកបរនេះក្នុងស្ថានភាពស្រវឹងស្រា ស្របពេលដែលបោះពួយមកដល់ចំណុចកើតហេតុ ហើយក៏បានទម្លាក់បងថ្លៃនៅចិញ្ចើមផ្លូវខាងត្បូងផ្លូវជាតិ។
លោក ខៀវ សុខា ក៏បន្តថា នៅពេលដែលជនរងគ្រោះនោះដាក់បងថ្លៃរួច ក៏បានបើកម៉ូតូឆ្លងផ្លូវជាតិនោះទៅខាងជើងថ្នល់ដោយមិនបានមើលរថយន្តដល់ទៅពីរគ្រឿង ដែលកំពុងមកច្រាសទិស ដែលអ្នកឃើញហេតុការណ៍និយាយថា រថយន្តក្រុងមួយ និងរថយន្តហុកឡដឹកទាមួយគ្រឿង ស្រាប់តែបុរសនេះឆ្លងដល់ចំណុចគំនូសលឿងកណ្ដាលទ្រូងផ្លូវ ក៏ត្រូវរថយន្តហុកឡដឹងទានោះបុកចំពីមុខស្លាប់នៅនិងកន្លែងកណ្ដាលទ្រូងផ្លូវក្បែរម៉ូតូ បែកក្បាលហូរឈាមស្រោចលើថ្នល់ភ្លាមៗតែម្ដង។ ឯរថយន្តបង្កនោះបើកទៅទិសខាងលិចបាត់ស្រមោល។
ក្នុងឧប្បត្តិហេតុនេះនគរបាលចរាចរណ៍ផ្លូវគោកស្រុកក្រគរបានស្ដីបន្ទោសថា មូលហេតុដែលកើតឡើងមិនគួរនិងគ្រោះថ្នាក់ផុយស្រួយដល់អាយុជីវិតសោះនោះដោយសារធាតុស្រវឹងឆ្លងថ្នល់មិនមើលរថយន្តមកពីមុខ។ ហើយម្យ៉ាងទៀតអ្នកបើកបររថយន្តនោះទៀតសោត មិនបានបន្ថយល្បឿនរថយន្តទាល់តែសោះ ព្រោះកន្លែងកើតហេតុនេះជាទីប្រជុំជនហើយនៅតែបើកល្បឿនលឿនក៏ជួបឧប្បត្តិហេតុបែបនេះទៅ៕
លាន គ្រន

0 Comments