បន្ទាយមានជ័យ ៖ ម៉ៃខូរបស់ក្រុមហ៊ុនចំនួន៤ និងរថយន្តដឹកដីប្រភេទយក្សរាប់រយគ្រឿងនៅខេត្តបន្ទាយមានជ័យកំពុងធ្វើសកម្មភាពកាយដីដាក់រថយន្តដឹកយកទៅលក់យ៉ាងអានាធិបតេយ្យ បើទោះបីត្រូវបានក្រសួងរ៉ែ និងថាមពល បញ្ចប់អាជ្ញាប័ណ្ណនៅឆ្នាំ២០១៤ ហើយយ៉ាងណាក៏ដោយក៏ក្រុមហ៊ុនកាយដីភ្នំលក់នោះនៅតែបន្តលួចធ្វើសកម្មភាពកាយដីភ្នំលក់យ៉ាងខ្លាំង ដើម្បីឲ្យភ្នំនៅក្នុងក្រុងសិរីសោភ័ណរាបដល់ដីមិនញញើត និងច្បាប់របស់ក្រសួងដែលបញ្ឈប់អាជ្ញាប័ណ្ណឬថ្នាក់ដឹកនាំខេត្តនោះឡើយ។ ជាក់ស្តែងមានក្រុមហ៊ុនចំនួន៤ដែលកំពុងធ្វើសកម្មភាពកាយដីភ្នំលក់រួមមាន១-ក្រុមហ៊ុនភ្លន់ហង្ស ដែលសកម្មភាពកាយដីចំណុចខាងត្បូង និងខាងកើតភ្នំដូងព្រះស្ថិតក្នុងសង្កាត់អូរអំបិល ២-ក្រុមហ៊ុនយឿមគង់សកម្មភាពកាយដីចំណុចភ្នំបាក់ស្ថិតសង្កាត់ទឹកថ្លា។ ទី៣-ក្រុមហ៊ុនឡាចហុកធ្វើសកម្មភាពកាយម្ខាងជើងភ្នំដូងព្រះស្ថិតក្នុងសង្កាត់កំពង់ស្វាយ និងទី៤-ក្រុមហ៊ុនញ៉ាំសាវ៉ូន ធ្វើសកម្មភាពកាយដីភ្នំកងវ៉ា ក្រុងសិរីសោភ័ណ។ លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យបានប្រាប់ថា ក្រោយពេលដែលលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ប្រកាសមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យបានសុំទៅក្រសួងដាច់ឆ្នាំ២០១៤ត្រូវបិតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនកាយដីភ្នំលក់ទាំង៤ដែលធ្វើសកម្មភាពកាយដីភ្នំលក់ជាច្រើនឆ្នាំមកហើយនោះដែលប៉ះពាល់ដល់បរិស្ថានធម្មជាតិលើភ្នំ ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋ គ្រាដែលខេត្តនឹងរៀបចំតំបន់ទេសចរធម្មជាតិភ្នំនៅកណ្ដាលក្រុងសិរីសោភ័ណនេះ។ លោកបានបញ្ជាក់ថា ក្រោយពេលដែលអភិបាលខេត្តស្នើសុំក្រសួងរ៉ែ និងថាមពលកន្លងមកនោះ ក្រសួងបានយល់ព្រម បញ្ចប់អាជ្ញាប័ណ្ណក្រុមហ៊ុនកាយដីភ្នំលក់ទាំង៤ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤នេះហើយ។ ក្រោយពេលបញ្ចប់អាជ្ញាប័ណ្ណហើយក្នុងចំណោម៤ក្រុមហ៊ុនមានក្រុមហ៊ុនចំនួន៣រួមមាន១-ក្រុមហ៊ុនភ្លន់ហង្សចំណុចភ្នំដូងព្រះ ២-ក្រុមហ៊ុន យឿម គង់ ៣-ក្រុមហ៊ុនញ៉ាំសាវ៉ូន នៅតែបន្តលួចលាក់ធ្វើសកម្មភាពកាយដីភ្នំលក់ដែលមិនញញើតនិងច្បាប់នោះឡើយ។ ហើយពេលនេះមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យបានធ្វើលិខិតរាយការណ៍ជូនលោកអភិបាលខេត្តហើយ បានចុះហាមឃាត់នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥នេះ ព្រមទាំងព្រមានថា បើមានក្រុមណាមួយហ៊ានធ្វើសកម្មភាពកាយដីភ្នំបន្តទៀតត្រូវមានវិធានការតាមច្បាប់។ អារឿងកាយដីភ្នំលក់ចង់រាបដល់ដីនេះផងដែរ។ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យក៏បានធ្វើរបាយការណ៍មួយសំណើចូលទៅដល់សម្ដេច ហ៊ុន សែន ដើម្បីឲ្យបញ្ចប់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនឈប់ឲ្យមានការជីកភ្នំក្នុងក្រុងសិរីសោភ័ណបន្តទៀត បើទោះបីក្រុមហ៊ុមកាយដីភ្នំលក់នោះអាងខ្នងអ្នកធំនៅពីក្រោយធំយ៉ាងណាក៏ដោយ ក៏ហាមកាយដាច់ខាត៕
គង្គា
0 Comments