កីឡាករអេឡិចត្រូនិកកម្ពុជាចំនួន១៥រូប បានចេញទៅចូលរួមប្រកួត MATIC នៅប្រទេសចិន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះ។ លោក លន់ សាមឺឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានិយាយឲ្យដឹងនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញថា សហព័ន្ធបានបញ្ជូនកីឡាករចំនួន៣ក្រុម ដែលមួយក្រុមមានគ្នា៥នាក់ សរុប១៥នាក់ឲ្យទៅចូលរួមក្នុងការព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2015 (Mission Against Terror International Championships ) លើកទី៤ ដែលរៀបចំនៅខេត្ត Zhuai ប្រទេសចិន ចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៥នេះ។ ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកដ៏ធំប្រចាំតំបន់ដែលរៀបចំធ្វើឡើងមួយឆ្នាំម្តងនេះ មានការចូលរួមប្រកួតប្រជែងពីក្រុមកីឡាករអេឡិចត្រូនិកចំនួន២០ក្រុម មកពី៧ប្រទេសផ្សេងៗគ្នា ដែលរួមមានកម្ពុជា៣ក្រុម ម្ចាស់ផ្ទះចិន៨ក្រុមម៉ាឡេស៊ី២ ក្រុមសិង្ហបុរី២ក្រុម ឥណ្ឌូនេស៊ី២ក្រុម ថៃ២ក្រុម និង តៃវ៉ាន់ចំនួន១ក្រុម។
សម្រាប់កីឡាករអេឡិចត្រូនិកកម្ពុជាទាំង៣ក្រុមនោះ មានSecret , Neer Care និ ង MD ដែលសុទ្ធតែជាកីឡាករជម្រើសជើងឯកពីការប្រកួតទូទាំងប្រទេសកម្ពុជាកន្លងមក។ លោក លន់ សាមឺឌី បានបញ្ជាក់ឲ្យដឹងទៀតថា ព្រឹត្តិការណ៍ MATIC 2015នេះ មានប្រាក់រង្វាន់សរុបចំនួន៣ម៉ឺនដុល្លារអាមេរិក ដែលអ្នកឈ្នះចំណាត់ថ្នាក់លេខ១ ជាក្រុមនឹងទទួលបាន១៥.០០០ដុល្លារ លេខ២បាន៧.០០០ដុល្លារ លេខ៣បាន៤.០០០ដុល្លារ និងលេខ៤បាន២.០០០ដុល្លារ។ ចំពោះរង្វាន់សម្រាប់ឯកត្តជនវិញ លេខ១ទទួលបាន៥០០ដុល្លារ លេខ២បាន៤០០ដុល្លារ លេខ៣បាន២០០ដុល្លារ និងលេខ៤បាន១០០ដុល្លារ។ នេះជាលើកទី៤ហើយ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC ដែលកម្ពុជាបានចូលរួមប្រកួតប្រជែង ខណៈដែល៣លើកកន្លងមក ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជាបានជាប់ជាជើងឯករង២ឆ្នាំជាប់ៗគ្នា គឺMATIC ឆ្នាំ២០១៣ នៅប្រទេសថៃ និង MATIC ឆ្នាំ២០១៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនោះ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១២ ដែលជាឆ្នាំដំបូងរបស់កម្ពុជាចូលរួមការប្រកួត MATIC ដែលរៀបចំនៅប្រទេសម៉ាឡេស៊ីនោះ កម្ពុជាមិនបានជាប់ចំណាត់ថ្នាក់ទេ។
អគ្គលេខាសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ក្រោមការជ្រោមជ្រែងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីឆ្លើយតបតាមគោលនយោបាយកីឡាជាតិ និងគោលការណ៍កីឡាE.Sports អន្តរជាតិ។
ជាមួយនឹងក្តីសង្ឃឹមក្នុងការចូលរួមប្រកួត MATIC 2015នេះ លោក លន់ សាមឺឌី ក៏បានបង្ហាញនូវមហិច្ឆតា នឹងបង្កើនការចូលរួមជាលក្ខណៈអន្តរជាតិនេះឲ្យបានច្រើនដងថែមទៀត ដើម្បីលើកកម្ពស់ និងបង្កើនសមត្ថភាពរបស់កីឡាករអេឡិចត្រូនិកកម្ពុជាឲ្យកាន់តែខ្លាំងឡើង៕
វិសិទ្ធ
0 Comments