ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក (យប់០៩លើក) បណ្ដាលឲ្យមនុស្សស្លាប់០៣នាក់ (ប្រុស), រងរបួសធ្ងន់១៦នាក់ (ស្រី០៤នាក់) និងរបួសស្រាល០៣នាក់ (ស្រីម្នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប២៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៨គ្រឿង, រថយន្តធុនតូចចំនួន០៥គ្រឿង, រថយន្តធុនធំ ០១គ្រឿង និងយានផ្សេងៗចំនួន០២គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីល្មើសល្បឿន០៦លើក, មិនគោរពសិទ្ធ០១លើក, មិនប្រកាន់ស្តាំ០១លើក, ប្រជែងគ្រោះថ្នាក់០៤លើក, បត់គ្រោះថ្នាក់០១លើក និងជិះម៉ូតូឆ្លងផ្លូវ០១លើក ក្នុងនោះអ្នកជិះម៉ូតូ គ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាព១៨នាក់ (យប់០៦នាក់)។
ប្រភពព័ត៌មានពីនាយកសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ សរុបចំនួន១២៨គ្រឿង ក្នុងនោះមានរថយន្តទេសចរណ៍គ្រួសារ១១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច៣៩គ្រឿង, រថយន្តដឹកទំនិញធុនតូចចំនួន២៧គ្រឿង និងរថយន្តដឹកទំនិញធុនធំ៥១គ្រឿង។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចរាល់នៅអធិការដ្ឋាននគរបាលស្រុកចំនួន១៧គ្រឿង និងនៅស្នងការដ្ឋាននគរបាលខេត្ត១១១គ្រឿង៕
រ៉ាវុទ្ធ
0 Comments