បាត់ដំបង ៖ ការដ្ឋានចំនួន៣កន្លែងដែលជាខ្សែសង្វាក់ក្នុងការផលិតទឹកស្អាតក្នុងក្រុងបាត់ដំបង ត្រូវបានលោកអភិបាលក្រុងចុះធ្វើការត្រួតពិនិត្យនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ដោយមានការចូលរួមពីអង្គភាពរដ្ឋាករទឹក និងមន្ទីរសាធារណការ ព្រមទាំងតំណាងវិស្វករជប៉ុន និង ប្រតិភូអមដំណើរជាច្រើនរូបផងដែរ។
គួរបញ្ជាក់ដែរថា កន្លងទៅថ្មីៗនេះអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងបានទទួលនូវគម្រោង
មួយពាក់ព័ន្ធនឹងការផលិតទឹកស្អាតដ៏ធំមួយកន្លែងទៀតពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន
ដែលជាជំនួយឥតសំណងតាមរយៈអង្គការ jica ហើយការសាងសង់នេះគឺក្រោមការត្រួតពិនិត្យផ្ទាល់
ពីក្រុមវិស្វករជប៉ុន រួមទាំងក្រុមបច្ចេកទេសកម្ពុជាផងដែរ។
លុះនៅព្រឹកថ្ងៃទី១២ ខែមករានេះ លោក សៀងឯម វុនស្ហី អភិបាលក្រុងបាត់ដំបងដែលរួមដំណើរដោយលោក អ៊ុត ក្លឹង អនុប្រធានអង្គភាពរដ្ឋាករទឹក និងលោក ចាន់ សំបូរ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ត្រីក្នុងអង្គភាពពាក់ព័ន្ធជាច្រើនរូបបានអញ្ជើញចុះ
ទៅពិនិត្យការដ្ឋានសាងសង់ចំនួន៣កន្លែងដែលជាខ្សែសង្វាក់សម្រាប់ផលិតទឹកស្អាតថ្មីនេះ ដោយទី១-គឺជាស្ថានីយសម្រាប់ទាញយកទឹកពីស្ទឹងសង្កែត្រង់ចំណុចមុខវត្តកណ្ដឹងក្នុងភូមិវត្តគរ ទី២-គឺការដ្ឋានបង្កប់បណ្ដាញទុយោត្រង់ចំណុចក្បែរផ្សារលើ ស្ថិតក្នុងភូមិកម្មករ និងការដ្ឋាន ទី៣-ដែលជាការដ្ឋានធំនិងសំខាន់បំផុតសម្រាប់ស្តុកទឹក និងធ្វើការចែកចាយ គឺស្ថិតនៅក្នុងភូមិវត្តលៀប ( អតីតរោងចក្រទឹកកកសេងថៃ )។
ក្នុងឱកាសចុះពិនិត្យការដ្ឋានផលិតទឹកស្អាតនេះផងដែរ លោកអភិបាលក្រុងបានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខភាពប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងដែលបានផ្តល់ជាជំនួយឥតសំណងនូវទីតាំងផលិតទឹកស្អាតដ៏ធំមួយកន្លែងនេះក្នុងគោលបំណងផ្គត់ផ្គង់ និងចែកចាយទឹកស្អាតឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងក្រុង និងបានប្រើប្រាស់គ្រប់គ្រាន់ទៅតាមតម្រូវការ។
លោកអភិបាលក្រុងបានសង្កត់ធ្ងន់ថា កន្លងមកលោកក៏បានយល់យ៉ាងច្បាស់ដែរនូវបញ្ហា
ខ្លះៗដែលអង្គភាពរដ្ឋាករទឹកមានការប្រឈមមុខ ដូចជាឆ្នាំនេះស្ទឹងសង្កែគឺគ្មានទឹកជំនន់ទាល់តែសោះដែលធ្វើឲ្យការទាញយកទឹកពីស្ទឹងឡើងទៅផលិតមានការខ្សត់ខ្សោយ រីឯម៉ូទ័របូមក៏មានបញ្ហាដែរ ដោយសារតែមានការប្រឹងខ្លាំងពេកព្រោះកម្រិតនីវ៉ូទឹកក្នុងស្ទឹងមានជម្រៅជ្រៅដល់បាតស្ទឹង។
ក្នុងឱកាសនោះដែរ លោកអភិបាលក្រុងបានផ្តាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ធ្វើយ៉ាងណា
ត្រូវបង្កើននូវការប្រុងប្រយ័ត្នក្នុងការកសាងស្ថានីយទាំង៣កន្លែងនេះ ដើម្បីជៀសវាងនូវគ្រោះថ្នាក់
ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុណាមួយ ពិសេសគឺបងប្អូនកម្មករផងដែរ។
ជួសមុខឲ្យលោកប្រធានអង្គភាពរដ្ឋាករទឹក ក៏ដូចជាលោកប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម លោក អ៊ុត ក្លឹង អនុប្រធានអង្គភាពរដ្ឋាករទឹកខេត្តបានគូសបញ្ជាក់ថា កន្លងទៅអង្គភាព
គឺធ្វើការផ្គត់ផ្គង់ទឹកដល់អតិថិជនក្នុងមួយថ្ងៃបានត្រឹមតែជាងមួយម៉ឺនម៉ែត្រគូបតែប៉ុណ្ណោះ សម្រាប់
ឲ្យប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងបានប្រើប្រាស់នូវទឹកស្អាតនេះ ប៉ុន្តែដោយឡែកការដ្ឋានទីពីរដែលកំពុងសាងសង់នេះគឺអាចផលិតទឹកស្អាត និងចែកចាយក្នុងមួយថ្ងៃបានជាងពីរម៉ឺនម៉ែត្រគូប ដោយការសាងសង់នេះនឹងត្រូវរួចរាល់ជាស្ថាពរនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះដោយការសាងសង់នេះគឺធ្វើទៅតាមកម្រិតស្តង់ដារ ដើម្បីឲ្យទទួលបានទាំងបរិមាណ និងគុណភាព៕
សោ និយមរ័ត្ន
0 Comments