យស់ សំអាល់ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ដែលឡើងប្រកួតសងសឹកជាមួយឆាំ រ៉ែម អ្នកប្រដាល់ក្លិបព្រះខ័នរាជ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាល្ងាចថ្ងៃសុក្រទី០៩ ខែមករានោះ មិនបានសម្រេចនោះឡើយ ដោយត្រូវឆាំ រ៉ែម វាយឲ្យសន្លប់ក្នុងទឹកទី២ថែមទៀត។
កាលពីជួបគ្នាលើកដំបូងនោះ យស់ សំអាល់ វាយចាញ់ឆាំ រ៉ែម ត្រឹមតែពិន្ទុប៉ុណ្ណោះ ប៉ុន្តែឡើងសងសឹកលើកនេះ ចាញ់ធ្ងន់ធ្ងរលើសដើម ដោយសារត្រូវឆាំ រ៉ែម វាយមួយកែងស្តាំចំថ្គាម បណ្ដាលឲ្យដួលសន្លប់ក្រោកលែងរួចនៅក្នុងទឹកទី២។
យស់ សំអាល់ មុនសន្លប់នេះ គេបានទាត់ប្តូរទៅលើឆាំ រ៉ែម តែត្រូវឆាំ រ៉ែមព្រលែងមួយកែងស្តាំសងទៅវិញ ធ្វើឲ្យសំអាល់សន្លប់តែម្តង។
ចំណែកស៊ឹម ប៊ុនឆៃ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ដែលឡើងប្រកួតសងសឹកជ័យ វណ្ណៈ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាដែរនោះ ក៏ត្រូវសន្លប់ក្រោមជង្គង់របស់វណ្ណៈដែរ។
ដូចគ្នានឹងយស់ សំអាល់ដែរ ស៊ឹម ប៊ុនឆៃ ជួបជ័យ វណ្ណៈលើកមុន គឺវាយចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ តែនៅពេលឡើងសងសឹកនេះ ប៊ុនឆៃ ចាញ់ចូលដើមដោយត្រូវវណ្ណៈអុកមួយជង្គង់ចូលចុងដង្ហើម ធ្វើឲ្យដួលសន្លប់ក្នុងទឹកទី៣។
ផ្ទុយពី ឯម សុធី អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យ គេបានសងសឹកសំណាង ឌីណា អ្នកប្រដាល់ក្លិបបាត់ដំបងពាយ័ព្យបានសម្រេច។ ការពីជួបគ្នាលើកមុន សុធីបានវាយចាញ់ឌីណាដោយពិន្ទុ តែពេលនេះសុធីបានយកឈ្នះឌីណាដោយពិន្ទុវិញ។
អ្នកប្រដាល់ពីរនាក់នេះ វាយគ្នាប្រាំទឹកពេញ ទម្រាំដឹងឈ្នះចាញ់នេះ ដោយឯម សុ ធី ត្រូវបែកឈាមលើចិញ្ចើមខាងឆ្វេង ដោយសារកែងរបស់សំណាង ឌីណា ប៉ុន្តែមិនបណ្តាលឲ្យសុធីចុះចាញ់ទេ គឺគេតស៊ូរហូតដល់យកឈ្នះឌីណាវិញក្រោយបញ្ចប់ការប្រកួតនោះ។
អ្នកប្រដាល់ជើងថ្មីសៀន វិបុល ក្លិបតាឡីដំរីមានរិទ្ធ ដែលឡើងសងសឹក ជាមួយជើងថ្មី ចាន់ សាខន អ្នកប្រដាល់ក្លិបនិរោធមានជ័យនោះ ក៏ត្រូវបរាជ័យដែរ ដោយត្រូវសាខនវាយឲ្យអាជ្ញាកណ្តាលរាប់៨ដល់ទៅ៣ដងក្នុងទឹកទី២ពីរដង និងក្នុងទឹកទី៣ម្តង ហើយនៅក្នុងទឹកទី៤ ដោយសារមើលឃើញមិនអាចទប់ទល់ជាមួយសាខនបាននោះ អាជ្ញាកណ្តាលក៏សម្រេចបញ្ឈប់វិបុលលែងឲ្យប្រកួត ហើយផ្តល់ជ័យជំនះឲ្យទៅចាន់ សាខនឈ្នះតែម្តង៕

0 Comments