សូយ យក្សតឿ អ្នកប្រដាល់នៃក្លិបពោធិ៍ជ័យកីឡានឹងជួបសាកកណ្ដាប់ដៃជាមួយអ្នកប្រដាល់មិនសូវមានឈ្មោះបោះសំឡេង ពេជ្រ ម៉ាប់ ក្លិបសាលវ័ន្តកីឡា នាល្ងាចថ្ងៃអាទិត្យទី១១ ខែមករានេះ នៅលើសង្វៀនបាយ័នបឹងស្នោ។
យក្សតឿ ជាអ្នកប្រដាល់ស្រករក្រោយទេ តែគេមានផ្លែល្អ និងមានទិចនិចប្រកួតល្អថែមទៀត គ្រាន់តែអន់ក្នុងការការពារ តែមានចិត្តប្រដាល់ធំ។ មួយទៀតយក្សតឿមានកម្លាំងស៊ុហ្វខ្លាំង ដែលអាចវាយបានប្រាំទឹកដោយគ្មានបញ្ហា ។
ពេជ្រ ម៉ាប់ ជាអ្នកប្រដាល់ស្រករក្រោយដែរ ប៉ុន្តែមិនមានឈ្មោះបោះសំឡេងអ្វីទេ ដោយសារតែគេនៅទន់ជ្រាយពេក ហើយប្រកួតពុំសូវដែលឈ្នះគេទេ ដោយសារតែការវាយរបស់គេអត់មានផ្លែ។ ពេជ្រ ម៉ាប់ ពុំសូវបានឡើងប្រកួតទេ គឺយូរៗឃើញបានឡើងប្រកួតម្តងប៉ុណ្ណោះ។ ការប្រកួតចុងក្រោយរបស់គេ គឺវាយចាញ់អ្នកប្រដាល់ហេង វិឆ័យ ក្លិបកងពលតូចលេខ៧០ដោយពិន្ទុ តាំងពីថ្ងៃទី១០ វិច្ឆិកា២០១៤មកម្ល៉េះ ឃើញថាបីខែបាន ឡើងប្រកួតម្តង។ នេះបើតាមកំណត់ត្រាប្រកួតរបស់គេកន្លងមក។
តែយ៉ាងណា ពេជ្រ ម៉ាប់ ត្រូវបានគេចាត់ទុកថា ជាអ្នកប្រដាល់មិនខ្លាំងនោះឡើយទើបមិនត្រូវបានគេចាប់ផ្គូឲ្យប្រកួតនោះ។ ទោះជាយ៉ាងនេះក្តី សូយ យក្សតឿ មិនអាចមើលស្រាលគេនោះឡើយ សម្រាប់ការជួបប្រកួតគ្នាលើកនេះ។
ចំពោះការប្រកួតចុងក្រោយរបស់ សូយ យក្សតឿវិញនោះ គឺវាយឈ្នះអូត ភូថង អ្នកប្រដាល់ជើងចាស់ក្លិបអេភូថងកីឡាក្នុងទឹកទី៤។ ដូច្នេះរវាងសូយ យក្សតឿ និងពេជ្រ ម៉ាប់ នេះ គេមិនរំពឹងថាពេជ្រ ម៉ាប់ អាចវាយឈ្នះសូយ យក្សតឿ នោះឡើយ?
ចាន់ ស៊ីណាត អ្នកប្រដាល់ក្លិបនិរោធមានជ័យ នឹងឡើងសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ឃីម សាវ៉េត ក្លិបព្រះខ័នរាជ។ អ្នកប្រដាល់ពីរនាក់នេះ មិនធ្លាប់ដែលជួបគ្នាទេកន្លងមក។
ឃីម សាវ៉េតនេះ ជាអ្នកប្រដាល់ស្រករក្រោយស៊ីណាត ប៉ុន្តែគេមានចិត្តប្រដាល់ធំ និងវាយមានផ្លែល្អ។ គេធ្លាប់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ទម្ងន់៥៧គីឡូក្រាមកន្លងមកថ្មីៗនេះ។ ដូច្នេះសាវ៉េតមិនជាអន់នោះទេ ដែលការប្រកួតចុងក្រោយនេះ សាវ៉េតវាយឈ្នះឈានរស្មី អ្នកប្រដាល់ក្លិបបង្ក្រាបគ្រឿងញៀនខេត្តរតនគិរី ដោយពិន្ទុ។
ទោះជាយ៉ាងណានេះក៏ដោយ ក៏ការជួបគ្នារវាងឃីម សាវ៉េត និងចាន់ ស៊ីណាត នេះ ក្រុមអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុក ពុំមានជំនឿថាសាវ៉េតអាចឈ្នះចាន់ ស៊ីណាតនោះឡើយ។
ចាន់ ស៊ីណាត ប្រកួតចុងក្រោយនេះ វាយឈ្នះអ្នកប្រដាល់ថៃSupermac ដោយពិន្ទុក្នុងការជួបប្រកួតគ្នាលើសង្វៀនស្ទឹងមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤កន្លងមកនេះ។
មាស ឆូយ អ្នកប្រដាល់ក្លិបសុភានូមានជ័យ នឹងឡើងប្រកួតជាមួយសល់ រីប៊ែល អ្នកប្រដាល់ក្លិបកុសលកីឡា។ ពួកគេពីរនាក់នេះ ពុំធ្លាប់ដែលប៉ះគ្នាទេពីមុនមក។
តាមកំណត់ត្រាប្រកួតនោះ មាស ឆូយ ប្រកួត៤លើកចុងក្រោយនេះ ចាញ់ទាំង៤លើក ដែល ការឡើងប្រកួតចុងក្រោយគេនេះ ឆូយ វាយចាញ់អ៊ុំ កំសត់ ក្លិបព្រៃទទឹងបង្ក្រាបគ្រឿងញៀនខេត្តបាត់ដំបងដោយពិន្ទុ។
សល់ រីប៊ែល មានស្នៀតប្រដាល់ល្អនិងខ្លាំង ប៉ុន្តែអ្នកប្រដាល់រូបនេះប្រកួតច្រើនមើលងាយលើគូប្រកួត ដែលស្ទើររាល់ការប្រកួតគេច្រើនដើរចូលទៅឲ្យគូប្រកួតវាយ ដោយគេមានមោទនៈថានឹងផ្ដួលគូប្រកួតអោយសន្លប់បាន តែចុងក្រោយបើមិនសន្លប់ដោយសារដៃគូទេ ក៏ត្រូវចាញ់គូប្រកួតដោយពិន្ទុដែរ ។
រីប៊ែល ប្រកួតចុងក្រោយនេះ វាយចាញ់ឯម សាវឿន អ្នកប្រដាល់ក្លិបឫទ្ធីពោធិ៍សែនជ័យក្នុងទឹកទី២។ ចាំមើល ការឡើងប្រកួតលើកនេះ សល់ រីប៊ែលអាចយកឈ្នះមាស ឆូយ បានឬអត់នោះ?
ផាន់ គ្រាន់ក្លិបគុជសាកីឡា ជើងខ្លាំងខាងប្រដាល់ក្បាច់បុរាណខ្មែរ នឹងឡើងប្រកួតប្រដាល់សកលអាជីព ជាមួយវ៉ែន រដ្ឋា អ្នកប្រដាល់សកលអាជីពនៃក្លិបកងរាជអាវុធរាជធានីភ្នំពេញ ដោយប្រកួតក្នុងទម្ងន់៦៤គីឡូក្រាម។
អ្នកប្រដាល់វ៉ែន រដ្ឋា គេពុំដែលធ្លាប់ស្គាល់នោះទេ ប៉ុន្តែអាចជាអ្នកប្រដាល់ចាស់ ដែលបានប្តូរត្រកូលតាមបញ្ជីជាតិនោះ។ មិនដឹងថា នរណាជាអ្នកឈ្នះនោះទេ សម្រាប់ជំនួបនេះ?៕

0 Comments