ព្រះវិហារ ៖ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ឈ្មួញទុច្ចរិតកំពុងប្រមូលទិញឈើប្រណីតបេងធ្នង់ នាងនួន នៅស្រុកជាំខ្សាន្ត យ៉ាងគគ្រឹកគគ្រេង និងដឹកជញ្ជូនចេញពីតំបន់ព្រៃឈើការពារនិងអភិរក្សស្រុកឆែប ដែលគ្រប់គ្រងដោយអង្គការ WCS ដែលមានលោក តាន់ សេដ្ឋា ជាប្រធានគ្រប់គ្រងគម្រោង។
សេចក្ដីរាយការណ៍បន្តទៀតថា ឈើប្រណីតរាប់រយម៉ែត្រគូបដែលប្រមូលទិញបានពីក្រុមអ្នកកាប់បំផ្លាញព្រៃឈើ ត្រូវបានឈ្មួញដឹកជញ្ជូនទាំងយប់ ទាំងថ្ងៃ វៀងតាមច្រកអានសេះកាត់តាមអូរឈើទាលទ្បើងទៅភូមិស្វាយជ្រំ ឃុំស្រអែម ដើម្បីយកទៅស្តុកទុកក្នុងឃ្លាំងសម្ងាត់។ ហើយប្រភពឈើប្រណីតមួយចំនួនធំទៀត ឈ្មួញបានប្រមូលទិញពីច្រកមុំ៣យ៉ាងគគ្រឹកគគ្រេង។
តាមប្រភពព័ត៌មានពីភ្នាក់ងារបានរាយការណ៍ពីតំបន់ព្រំដែនប្រាសាទព្រះវិហារបានឲ្យដឹងថាសមត្ថកិច្ចប៉េអិមផ្ទៃប្រទេសជើងខ្លាំងម្នាក់ប្រចាំទិសស្រុកជាំខ្សាន្ត ឈ្មោះ ហុង ផា ជាឈ្មួញដុះស្លែជួញដូរឈើប្រណីតដោយកាលពីពេលថ្មីៗនេះ ឃើញឈ្មោះ ហុង ផា បើករថយន្តធុនដ្រា ពណ៌ស្លែឈ្គកពីក្រោយរថយន្តយីឌុប១គ្រឿង ដឹកឈើប្រណីត ធ្នង់ នាងនួន ខ្នាតមុខចម្រុះប្រវែង២ម៉ែត្រពេញណែនចេញតាមអូរឈើទាល។
ភ្នាក់ងារបន្តទៀតថា នៅពេលសួរនាំគាត់និយាយថាបានបង់លុយក្បាលរថយន្តឲ្យភ្នាក់ងារទូរទស្សន៍ និងអាជ្ញាធរដែនដីរួចអស់ហើយ ទើបគាត់ហ៊ានដឹកចេញ។ គាត់ក៏ជាប់ពាក់ព័ន្ធប្រមូលទិញលក់ឈើគ្រញូងយ៉ាងស្ងាត់ស្ងៀមនៅតំបន់ព្រំដែនប្រាសាទព្រះវិហារថែមទៀត ប៉ុន្តែគ្មានជំនាញមេព្រៃប្រចាំមូលដ្ឋានណាម្នាក់ចុះបង្ក្រាបទប់ស្កាត់ឡើយ។ ឈ្មួញប្រមូលទិញឈើគ្រញូងល្បីឈ្មោះជាងគេនៅតំបន់ព្រំដែនប្រាសាទព្រះវិហារមានឈ្មោះ ហ៊ីម មកពីខេត្តកំពង់ធំ និងឈ្មោះ ហេង មកពីស្រុកចំការលើខេត្តកំពង់ចាម។ ឈ្មួញឈ្មោះ តុង លី ក៏ល្បីឈ្មោះខ្លាំងផងដែរ ខាងដឹកជញ្ជូនឈើប្រណីត បេង ធ្នង់ នាងនួន ខុសច្បាប់ចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារដោយមានមន្ត្រីមានអំណាចខ្លាំងនៅពីក្រោយខ្នង សូម្បីមន្ត្រីតុលាការខេត្តព្រះវិហារក៏មិនអាចចាប់បង្ក្រាបបានដែរ ខណៈពេលកន្លងមកឈ្មួញជើងខ្លាំងឈ្មោះ តុង លី ដឹកជញ្ជូនឈើប្រណីតចេញម្ដងៗមានចំនួន៤រថយន្តយីឌុប និងពេលខ្លះ២រថយន្តយីឌុបយ៉ាងរលូនឆ្ពោះទៅកាន់ខេត្តកំពង់ធំ។
លោក ហុង ផា ធ្លាប់បានអះអាងប្រាប់អ្នកសារព័ត៌មានឲ្យដឹងនាពេលថ្មីៗនេះថា គាត់រកស៊ីមិនសូវបានទេ ព្រោះគេបិទសេដ្ឋកិច្ចជិតឈឹងចេញឈើមិនរួចទេ។ ពេលខ្លះឈ្មោះ ហុង ផានិយាយថា គាត់មិនបានរកស៊ីដឹកជញ្ជូនឈើប្រណីតនោះទេ ហើយពេលខ្លះទៀតនិយាយសារភាពចេញដោយខ្លួនឯងថា ពិតជាបានរកស៊ីដឹកឈើប្រណីតប្រាកដមែន។ រីឯឈ្មោះ តុង លី ជាឈ្មួញដឹកឈើប្រណីតជើងខ្លាំងបានឲ្យដឹងថា គាត់មិនបានដឹកជញ្ជូនឈើប្រណីតចេញទៀតនោះទេ រយៈពេលចុងក្រោយនេះ។ លោក ម៉ក់ បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើជាំខ្សាន្តបានឲ្យដឹងថា នៅគ្រប់ច្រកជុំវិញតំបន់ព្រំដែនប្រាសាទព្រះវិហារពិតជាមានឈ្មួញធំៗប្រមូលទិញលក់ឈើប្រណីតប្រភេទគ្រញូង បេង ធ្នង់ នាងនួន ប្រាកដមែន ប៉ុន្តែកម្លាំងជំនាញមេព្រៃមានការលំបាកខ្លាំងក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើ ព្រោះឈ្មួញឈើទុច្ចរិតសុទ្ធតែជាមន្ត្រីទាហាន និងប៉េអិមដ៏មានអំណាចនិងមានអាវុធវែងខ្លីគ្រប់ដៃថែមទៀត៕
មង្គល

0 Comments