Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៨ ខែមករា​ ឆ្នាំ២០១៥ បាន​កើតឡើង​១៧​លើក ស្លាប់​១១​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​២៥​នាក់​


ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើតឡើង​ចំនួន​១៧​លើក (​យប់​១២​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១១​នាក់ (​ស្រី​០២​នាក់​), របួសធ្ងន់​១១​នាក់ (​ស្រី​ម្នាក់​) និង​របួសស្រាល​១៤​នាក់ (​ស្រី​០៣​នាក់​)។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​សរុប​២៦​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៧​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​០៣​គ្រឿង​, រថយន្ត​ធុន​ធំ​ចំនួន​០៥​គ្រឿង និង​យាន​ផ្សេងៗ​ចំនួន​០១​គ្រឿង។​

តាម​របាយការណ៍​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មក​ពី​កត្តា​ល្បឿន​០៨​លើក​, ប្រជែង​គ្រោះថ្នាក់​០៤​លើក​, បត់​គ្រោះថ្នាក់​០១​លើក​, ស្រវឹង​០២​លើក​, បើកបរ​ងងុយដេក​០១​លើក និង​កត្តា​យានយន្ត​០១​លើក ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២២​នាក់ (​យប់​១៤​នាក់​)។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥​នេះ សរុប​ចំនួន​១០៤​គ្រឿង ក្នុង​នោះ​មាន រថយន្ត​ទេសចរណ៍​គ្រួសារ​០១​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​៣០​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន​០៥​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ចំនួន​៦៨​គ្រឿង។ រថយន្ត​ទាំង​អស់​ត្រូវ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​០៩​គ្រឿង និង​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៩៥​គ្រឿង។​

ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​៥៨៥​គ្រឿង ក្នុង​នោះ​មាន ជិះ​ម៉ូតូ​អត់​ពាក់មួក​ចំនួន ៣៦៧​គ្រឿង​, ជិះ​ម៉ូតូ​អត់​ដាក់​កញ្ចក់​ចំនួន​២០៨​គ្រឿង​, ជិះ​ម៉ូតូ​អត់​មួក​និង​កញ្ចក់​ចំនួន​០៥​គ្រឿង​, ជិះ​ម៉ូតូ​មាន​ជាតិ​ស្រវឹង​ចំនួន​០៣​គ្រឿង​, ល្មើស​សញ្ញា​ចរាចរណ៍​ចំនួន​០១​គ្រឿង និង​ម៉ូតូ​បើកភ្លើង​ពេល​ថ្ងៃ ០១​គ្រឿង។ ម៉ូតូ​ទាំងអស់​ត្រូវ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​៥៤៨​គ្រឿង និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៣៧​គ្រឿង៕

រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu