Ad Code

មនុស្ស​ស្លាប់​ម្នាក់​ របួសធ្ងន់​និង​ស្រាល​៥​នាក់​ រយៈពេល​តែមួយ​ម៉ោង​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២​ករណី​ នៅក្នុង​ស្រុក​បរិបូណ៌​


កំពង់ឆ្នាំង ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៥​នាក់​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​នៅ​កន្លែង​ផ្សេងគ្នា​នៅក្នុង​ចន្លោះ​ពេល​តែមួយ​ម៉ោង​ប៉ុណ្ណោះ នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤​ ក្នុង​ឃុំ​២ នៅ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង។​

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១​-បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥២​អា ចំណុច​មុខ​វត្ត​អណ្ដូង​រវាង ក្នុងភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង រវាង​ម៉ូតូ​លក់​ការ៉េមកី​កង់​បី និង​រថយន្ត​មិន​ស្គាល់​ម៉ាក។ ដោយ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​លក់​ការ៉េម​កី​កង់​បី​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ឈ្មោះ សៀម ថុល អាយុ​៣៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្តកណ្តាល មក​ស្នាក់នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ បាន​បើក​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៣( ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​) ជិះ​ពី​លិច​មក​កើត​ ស្រាប់តែ​មកដល់​ចំណុច​កើតហេតុ​មាន​រថយន្ត​ទំនើប​៣​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​បើក​មកពី​ក្រោយ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា លុះ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ ​រថយន្ត​ទី​១​-បើក​គេច​ម៉ូតូ​កង់​បី​ផុត​ទៅ ចំណែក​រថយន្ត​ទី​២​-ដោយសារ​ដី​ហុយ​ខ្លាំងពេក​មើល​គ្នា​មិន​ឃើញ​ក៏​ទៅ​បុក​ម៉ូតូ​កង់​បី​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ប្រឡាយ ចំណែក​រថយន្ត​បង្ក​បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ម៉ាក​ឌ្រី​ម​មួយ​គ្រឿង​ទៀត​ដែល​មាន​មនុស្ស​ជិះ​៣​នាក់ រង​របួស​ស្រាល។​

ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​មិនបាន​ឈប់​ទេ​ គឺ​បើក​គេច​មក​លើ​ផ្លូវជាតិ​លេខ​៥​បាត់​ស្រមោល​តែម្តង។ ក្នុង​ហេតុការណ៍​នេះ​អ្នក​បើក​ម៉ូតូ​កង់​បី​លក់​ការ៉េម​កី​រង​របួស​ធ្ងន់ និង​ដាច់​ប្រដាប់​ភេទ​ទៀត​ផង ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ចំណែក​អ្នក​ជិះ​ម៉ូតូ​៣​នាក់​ទៀត បាន​រង​របួស​ស្រាល មាន​១-ឈ្មោះ ផាន់ សុជាតិ អាយុ​២២​ឆ្នាំ ២-ឈ្មោះ លី ចាន់ អាយុ​២៤​ឆ្នាំ និង​៣-ឈ្មោះ ហោង វិជ្ជា អាយុ​៣៣​ឆ្នាំ បុរស​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​អញ្ចាញ​រូង។

ករណី​ទី​២-បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ​ថ្ងៃ​ដដែល នៅ​លើ​ផ្លូវលំ​ក្នុងភូមិ​អូរ ឃុំ ពន្លៃ ខណៈ​ដែល​បុរស​ម្នាក់​ឈ្មោះ ស៊ុយ សុខុម អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ពន្លៃ បាន​ត្រឡប់​ពី​បើករថយន្ត​ឲ្យ​គេ​វិញ បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក​សង់​កូរ៉េ គ្មាន​ស្លាក​លេខ គ្មាន​ភ្លើង ត្រឡប់​មក​ផ្ទះ​វិញ ពេល​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​គ្មាន​ភ្លើង​បំភ្លឺ​បាន​ទៅ​បុក​បុរស​ម្នាក់​ឈ្មោះ សៀន សរ អាយុ​៦៨​ឆ្នាំ កំពុង​ជិះ​កង់​បណ្ដាល​ឲ្យ​រង​របួស​ស្រាល ចំណែក​អ្នក​បើក​ម៉ូតូ​បាន​បោក​ក្បាល​ទៅ​ថ្នល់​ក្រាល​គ្រួស​ក្រហម​ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ខេត្ត។​

ករណី​ទាំង​២​ខាង​លើ​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បាន​យក​មធ្យោបាយ​ទាំងអស់​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ស្រាវជ្រាវ​ដោះស្រាយ​ការ​តាម​នីតិ​វិធី​ច្បាប់៕

​ ( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu