ព្រះវិហារ ៖ កាលពីដើមសប្តាហ៍កន្លងទៅនេះ នៅខេត្តព្រះវិហារបានប្រារព្ធពិធីមហោស្រពប្រឡងចម្រៀងសម័យមរតកដើមប្រចាំឆ្នាំ២០១៥រយៈពេល៣ថ្ងៃ ប្រកបដោយភាពរលូន និងជោគជ័យ ដែលពិធីនេះដែរ ត្រូវបានអញ្ជើញចូលរួមជាអធិបតីពីលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារនិងលោកស្រី លោក ប៉ាន់ ខែម បុនថន តំណាងឲ្យស្ថានីយទូរទស្សន៍អប្សរាលេខ១១ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជិត២ម៉ឺននាក់។ ការផ្តួចផ្តើមឲ្យមានពិធីមហោស្រពប្រឡងចម្រៀងសម័យមរតកដើមឆ្នាំ២០១៥នៅលើទឹកដីខេត្តព្រះវិហារនេះដែរ ត្រូវបានសហការរៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ និងស្ថានីយទូរទស្សន៍អប្សរាលេខ១១ ដែលមានបេក្ខជន បេក្ខនារីទូទាំងខេត្តចូលរួមប្រឡងចម្រៀងចំនួន៤០នាក់ ហើយការប្រារព្ធពិធីមហោស្រពនេះដែរក្នុងគោលបំណងដើម្បីលើស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរ ជាពិសេសផ្នែកសិល្បៈចម្រៀងតែម្តង ព្រមទាំងជាការចូលរួមអបអរសាទរខួបលើកទី៣៦ទិវាជ័យជំនះ៧មករាកន្លងទៅនេះផងដែរ។
លោក ប៉ាន់ខែម ប៊ុនថន សមាជិកក្រុមលេខាសម្តេចតេជោ និងជាប្រធានគ្រប់គ្រងកម្មវិធីរបស់ទូរទស្សន៍អប្សរាលេខ១១ បានឲ្យដឹងថា មហោស្រពនេះគឺជាគំនិតផ្តួចផ្តើមរបស់លោក អ៊ុំ ម៉ារ៉ាអភិបាលខេត្តព្រះវិហារនិងលោកស្រីផ្ទាល់ ដើម្បីឲ្យមានការប្រឡងចម្រៀងសម័យមរតកដើមនៅលើទឹកដីខេត្តព្រះវិហារឆ្នាំ២០១៥ ហើយរូបលោកក៏បានចូលរួមដឹកនាំក្រុមការងារ និងក្រុមគណៈកម្មការបច្ចេកទេសរបស់ស្ថានីយទូរទស្សន៍អប្សរាលេខ១១សហការជាមួយមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារសម្រេចបានលទ្ធផលផ្លែផ្កាក្នុងការប្រារព្ធធ្វើពីធីមហោស្រពនេះផងដែរ។ លោក ប៉ាន់ ខែម ប៊ុនថនបន្ថែមទៀតថា នេះជាលើកដំបូងហើយដែលខេត្តព្រះវិហារប្រារព្ធពិធីមហោស្រពប្រឡងចម្រៀងសម័យមរតកដើមនេះឡើង ដែលមានបេក្ខជន បេក្ខនារីចូលរួមប្រឡងចំនួន០នាក់ ដោយក្នុងចំណោមបេក្ខជន បេក្ខនារី៤០នាក់នេះយើងចម្រាញ់យកជ័យលាភីលេខ១ លេខ២ លេខ៣បុរសនិងលេខ១ លេខ២ លេខ៣នារី។ ចំពោះរង្វាន់លើកទឹកចិត្តវិញលេខ១ពានធំ១ប័ណ្ណជ័យលាភី កន្ត្រកផ្កា និងថវិកាចំនួន៨០ម៉ឺនរៀល លេខ២ ពាន់ធំ១ ប័ណ្ណជ័យលាភី កន្ត្រកផ្កា និងថវិកា៥០ម៉ឺនរៀល លេខ៣ ពានធំ១ ប័ណ្ណជ័យលាភី កន្ត្រកផ្កា និងថវិកា៣០ម៉ឺនរៀល ដោយឡែកសម្រាប់អ្នកដែលមិនទទួលបានជ័យលាភីទទួលបានកាដូអនុស្សាវរីយ៍ និងថវិកា៥ម៉ឺនរៀល ហើយចំពោះការចំណាយក្នុងការប្រារព្ធពិធីមហោស្រពនេះដែរត្រូវបានទទួលការឧបត្ថម្ភថវិកាផ្ទាល់របស់លោកអភិបាលខេត្តព្រះវិហារ និងលោកស្រី។
លោក អ៊ុំ ម៉ារ៉ាអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍នាឱកាសប្រារព្ធពិធីមហោស្រពប្រឡងចម្រៀងសម័យមរតកដើមឆ្នាំ២០១៥នៅលើទឹកដីខេត្តព្រះវិហារថា ជារៀងរាល់ឆ្នាំនៅក្នុងខែមករាយើងតែងតែរៀបចំពិធីតាំងពិព័រណ៍ខ្មែរ ថៃរួមជាមួយនឹងកីឡាគ្រប់ប្រភេទ ដើម្បីអបអរសាទរទិវាជ័យជំនះ៧មករា ដែលជាមាតាទី២របស់ប្រជាជនខ្មែរ តែដោយឡែកឆ្នាំ២០១៥នេះយើងបានបន្ថែមនូវកម្មវិធីមហោស្រពប្រឡងចម្រៀងសម័យមរតកដើម ដែលបានសហការរៀបចំដោយកម្មវិធីមរតកសំនៀងរបស់ស្ថានីយទូរទស្សន៍អប្សរាលេខ១១ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារប្រកបដោយភាពជោគជ័យ ជាពិសេសទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនថែមទៀតផង។ លោកអភិបាលខេត្តបានមានប្រសាសន៍សង្កត់ធ្ងន់ថា សូមកោតសរសើរចំពោះក្រុមការងាររបស់ទូរទស្សន៍អប្សរាលេខ១១ដែលដឹកនាំដោយលោកប៉ាន់ខែម ប៊ុនថនមន្ទីរវប្បធម៌ខេត្តដែលបានសហការរៀបចំមហោស្រពនេះយ៉ាងរលូន ក៏ដូចជាទទួលបានការគាំទ្រពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នទាំងអស់ និងប្រជាពលរដ្ឋដើម្បីអបអរសាទរថ្ងៃខួបកំណើត៣៦ឆ្នាំទិវា៧មករាអស់ពីកំលាំងកាយចិត្ត ហើយនៅឆ្នាំក្រោយយើងនឹងបន្តធ្វើកម្មវិធីមហោស្រពនេះឲ្យមានទ្រង់ទ្រាយធំជាងឆ្នាំនេះទៀតដោយបញ្ចូលឲ្យមានការប្រឡងចម្រៀងទាំងសម័យនិងបុរាណដែលតម្រូវឲ្យស្រុកទាំង៧និងក្រុង១របស់ខេត្តព្រះវិហារ ត្រូវតែមានបេក្ខជន បេក្ខនារីចូលរួមប្រកួតប្រជែងដើម្បីជាការលើកស្ទួយមរតកវប្បធម៌ខ្មែរ ជាពិសេសដើម្បីរំលឹកនិងផ្សព្វផ្សាយទិវាជ័យជំនះថ្ងៃ៧មករាឲ្យបានទូលំទូលាយ និងចារឆ្លាក់ជាអមតៈនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗគ្នា៕

0 Comments