កំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលក្រុងនិងខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ២០១៥ បានចុះទៅពិនិត្យមើលទីតាំងក្រុមហ៊ុនរើសពលករទៅក្រៅប្រទេសមួយកន្លែង ដោយសារតែបានដឹងថា មិនទាន់មានច្បាប់អនុញ្ញាតិត្រឹមត្រូវផង ស្រាប់តែបានលើកស្លាកប្រកាសរើសពលករទៅក្រៅប្រទេសទៅហើយ និងមិនបានដាក់ឈ្មោះក្រុមហ៊ុននោះឲ្យបានត្រឹមត្រូវទៀតផង។ ដោយក្រុមហ៊ុមនេះស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង។
ជួបជាមួយសមត្ថកិច្ចជាជំហានដំបូងអ្នកគ្រូឈ្មោះ អៀង សំណាង ដែលតំណាងឲ្យក្រុមហ៊ុន
នេះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ក្រុមហ៊ុនគឺមានច្បាប់ត្រឹមត្រូវ តែច្បាប់នោះកំពុងស្ថិតនៅដៃលោកអភិបាលរងខេត្តមួយរូបកំពុងដាក់ជូនឯកឧត្តមអភិបាលខេត្តសម្រេច។ ពេលនោះសមត្ថកិច្ចបានបញ្ជាក់ថា បើមិនទាន់មានច្បាប់ត្រឹមត្រូវទេ សូមកុំទាន់ដាក់ស្លាករើសពលករទៅក្រៅប្រទេសបែបនេះអី ព្រោះវាខុសច្បាប់។ បន្ទាប់មកគេឃើញមានលោកអភិបាលរងក្រុងកំពង់ឆ្នាំងម្នាក់ដែលទើបឡើងកាន់តំណែងថ្មីបានកាន់ច្បាប់មកបង្ហាញ ហើយពេលសមត្ថកិច្ចពិនិត្យមើលគឺមានភាពមិនប្រក្រតីជាច្រើន។
លោក កេត យ៉ុង នាយនគរបាលការិយាល័យការពារផ្លូវច្បាប់បាននិយាយថា ក្នុងពាក្យស្នើសុំរបស់ឈ្មោះ ឯល រ៉ូហ្សែត ដែលដាក់ថាជាអគ្គនាយកក្រុមហ៊ុន I I S (អាយ អាយ អេស ) តែដល់អ្នកមកឈរឈ្មោះរើសពលករ គឺជាអ្នកគ្រូ អៀង សំណាង នៃមជ្ឈមណ្ឌល R T C ខេត្តកំពង់ឆ្នាំងទៅវិញ។ ចំណែកក្នុងច្បាប់ស្នើសុំឃើញមានចុះហត្ថលេខាដោយលោកមេភូមិ មេឃុំ អភិបាលក្រុង ដោយឡែកលោកប្រធានមន្ទីរការងារខេត្តដែលចុះហត្ថលេខាដោយលោក ពៅ ស៊ីថា វិញ គឺទើបនឹង
ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះទេ ចំណែកកាលបរិច្ឆេទថ្ងៃទី២០ ក៏មានស្នាមកោសលុបសរសេរសាជាថ្មីដែរ ឯកន្លែងដែលឯកឧត្តមអភិបាលខេត្តចុះហត្ថលេខាគឺមិនទាន់បានចុះហត្ថលេខានៅឡើយទេ។ នៅក្នុងករណីសមត្ថកិច្ចលើកឡើងថា ត្រឹមថ្ងៃទី២០ ខែមករា អ្នករត់ការច្បាប់ទើបរត់ដល់ត្រឹមលោកប្រធានមន្ទីរការងារនៅឡើយ តែអាជ្ញាធរមូលដ្ឋានប្រាប់ថា តែឃើញស្នាក់ការខាងលើនេះបានលើកស្លាកតាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥មកម្ល៉េះ ដែលរឿងនេះ"ជារឿងកូនកើតមុនឪហើយ" ទើបគេថាគ្មានច្បាប់ត្រឹមត្រូវ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ស្លាកជ្រើសរើសពលករពលការនីមិនបានដាក់បញ្ជាក់ថា ក្រុមហ៊ុនអីនោះទេ បើសិនដាក់ថាក្រុមហ៊ុន អាយ អាយ អេស ឬ មជ្ឈមណ្ឌល អ័រ ធី ស៊ី អោយ ច្បាស់លាស់ក៏មិនថាដែរ គឺបានដាក់ថាក្រុមហ៊ុនត្រូវការជ្រើសរើសពលករជាបន្ទាន់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថៃ ជប៉ុន និងគុយវ៉ែតតែប៉ុណ្ណោះ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមហ៊ុនខាងលើនេះថា បើមិនទាន់មានចុះហត្ថលេខាពី ឯកឧត្តមអភិបាលខេត្តទេ សុំឲ្យក្រុមហ៊ុនទម្លាក់ស្លាកបណ្ដោះអាសន្នសិន រង់ចាំពេលមានច្បាប់ត្រឹមត្រូវចាំលើកស្លាកជ្រើសរើសវិញចុះក៏មិនហួសពេលដែរ។ នៅពេលប្រមាណជាងមួយម៉ោងក្រោយមកគេបានឃើញលោកអភិបាលរងខេត្តមួយរូបបានអញ្ជើញមកសម្រួលជាមួយសមត្ថកិច្ចដោយមិនស្រឡាញ់កិត្តិយសអីទេមើលទៅ ដោយនិយាយថា ឯកឧត្តមអភិបាលខេត្តរវល់សុំឲ្យបន្តក្រុមហ៊ុន លើកស្លាកជ្រើសរើសពលករនោះបន្តទៀតសិនទៅ ដែលនេះគឺជាវប្បធម៌អន្តរាគមន៍ខុសរឿងមិនចេះអៀនខ្មាសនិងមិនគួរយកគំរូតាមទេ។
លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា លោកមិនបានជ្រាបរឿងនេះទេ លោកប្រាប់ថា បើខ្ញុំមិនទាន់យល់ព្រមផងធ្វើបែបនេះគឺខុសនឹងច្បាប់ហើយ លោកនឹងឲ្យគេទៅពិនិត្យមើលសិន លោកអគុណចំពោះអ្នកកាសែតហើយដែលផ្តល់ដំណឹងនេះ៕
ឈៀង ថារិទ្ធ)



0 Comments