ភ្នំពេញ ៖ ចោរខ្ទើយតែងខ្លួនជាស្រីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញចាប់បាននៅពេលកំពុងចុះល្បាតនៅក្នុងភូមិសាស្ត្រ ស្រាប់តែឮជនរងគ្រោះជាជនបរទេសបានស្រែកឆោឡោ ពាក់ព័ន្ធទៅនឹងសកម្មភាពឆក់យកកាបូបពីក្នុងរថយន្ត កាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវលេខ១៧២កែង៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ឈ្មោះ សុវណ្ណម៉ូល្ដា ហ្វា អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រីឯជនរងគ្រោះឈ្មោះ អុង ប៉ូហេង អាយុ៥២ឆ្នាំ ជាជនជាតិម៉ាឡេស៊ី មុខរបរវិស្វករ ខាងបច្ចេកទេសផ្លូវថ្នល់។
មន្ត្រីអាវុធហត្ថបានបន្ដថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចបានដកហូត កាបូបស្ពាយរបស់ជនរងគ្រោះមកវិញដោយក្នុងនោះមាន កុំព្យូទ័រមួយគ្រឿង ម៉ាស៊ីនថត លិខិតឆ្លង និងទូរស័ព្ទជាដើម។
ប្រភពព័ត៌មានបន្តថា នៅវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ខណៈដែលកម្លាំងអាវុធហត្ថកំពុងល្បាតតាមបណ្ដោយផ្លូវ១៥៤ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមានប្រជាពលរដ្ឋនិងសន្តិសុខបានដេញចាប់ជនសង្ស័យម្នាក់ជាភេទទី៣ ដោយមានកាន់កាបូបក្នុងដៃ ហើយបានស្រែកថា ចោរៗ ពេលនោះកម្លាំងអាវុធហត្ថបានដេញពីក្រោយចាប់យ៉ាងប្រផាប់ប្រភីង រហូតដល់ចំណុចផ្លូវលេខ១៥៨កែង៨១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ទើបឃាត់បានជនសង្ស័យ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខរាយការណ៍ប្រាប់កម្លាំងថា ជននេះបានលួចកាបូបស្ពាយក្នុងរថយន្តរបស់ជនជាតិម៉ាឡេស៊ី ទើបសមត្ថកិច្ចអាវុធហត្ថ បានទាក់ទងទៅជនរងគ្រោះមកដាក់ពាក្យបណ្ដឹងដើម្បីដាក់បន្ទុកកាន់តែធ្ងន់ធ្ងរទៅលើជនសង្ស័យ។
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះ អាវុធហត្ថខណ្ឌដូនពេញបានបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
រស្មី

0 Comments