Ad Code

ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ ថ្នាក់​ដឹក​នាំ​ត្រូវ​មាន​ប្រពៃណី​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​


បាត់ដំបង ៖ ថ្នាក់ដឹកនាំ​គ្រប់រូប​ត្រូវ​មាន​សីល​សមាធិ និង​បញ្ញា​នៅក្នុង​ខ្លួន ដែល​នេះ​ជា​គោល​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ដែល​នាំ​ឆ្ពោះ​ទៅ​រក​ការងារ​មួយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ និង​មាន​ប្រពៃណី​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ នេះ​ជា​ប្រសាសន៍​របស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ ​និង​សាសនា​ដែល​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង លោក គុណ សម្បត្តិ​មុនី​រតន៍ ជា​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តបាត់ដំបង​ ជំនួស​លោក សួន ប៊ុន​ជឿន ដែល​បាន​ចូល​និវត្ត នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ នា​សាលាខេត្ត​បាត់ដំបង។​

បន្ទាប់​ពី​ការ​អាន​សេចក្តី​ប្រកាស​តែងតាំង និង​គណៈអធិបតី​ធ្វើការ​ប្រគល់​សេចក្តី​សម្រេច​និង​ត្រា​ ព្រម​ទាំង​ការ​ធ្វើការ​ប្ដេជ្ញា​ចិត្ត​របស់​លោក គុណ សម្បត្តិ​មុនី​រតន៍ ប្រធាន​ថ្មី​ទើប​តែងតាំង​រួចមក លោក ចន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក៏បាន​គូស​បញ្ជាក់​ថា ការ​ប្រគល់​ភារកិច្ច​ និង​ការ​ទទួលខុសត្រូវ​ដល់ លោក គុណ សម្បត្តិ​មុនី​រតន៍ នា​ពេល​នេះ​គឺជា​ទំនុកចិត្ត​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ ក៏​ដូច​ក្រសួង​ធម្មការ​និង​សាសនា គឺ​តម្រូវ​ឲ្យ​សាមីខ្លួន​ត្រូវ​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព​លទ្ធភាព ​និង​ទេពកោសល្យ​ក្នុង​ការ​ជំនះ​រាល់​ការ​លំបាក​ដោយ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ដើម្បី​ឲ្យ​អង្គភាព​មានការ​ប្រែប្រួល​មុខមាត់​ថ្មី សំដៅ​ធានារ៉ាប់រង​បាន​នូវ​ភារកិច្ច​ស្នូល​ដែល​អង្គភាព​ត្រូវ​បំពេញ ​ពិសេស​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ស្ថាប័ន​ និង​ភារកិច្ច​តាម​ការចាំបាច់​ដែល​រដ្ឋបាល​ខេត្ត​ប្រគល់​ជូន។ លោក​អភិបាលខេត្ត​បាន​បន្ត​ទៀត​ថា ការប្រកាស​តែងតាំង​តួនាទី​ថ្នាក់​ដឹកនាំ​មន្ទីរ គឺជា​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ី​វិល​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​នូវ​សមត្ថភាព​ការងារ​ក្នុង​សង្គម​លើ​ការងារ​អនុវត្ត​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នីតិកាល​ទី​៥​ នៃ​រដ្ឋសភា​ក្នុង​គោលបំណង​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ការងារ​ ការ​សហការ​ល្អ ​និង ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ស្របតាម​គោលការណ៍​ទាំងឡាយ​របស់​រាជ​រដ្ឋាភិបាល។ លោក មិន ឃិន បាន​លើក​ឡើង​ថា ការប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ថ្មី ក្រសួង​តែងតែ​គិតគូរ​ចំពោះ​ការងារ​ដឹកនាំ​ការគ្រប់គ្រង​មន្ត្រី​ថ្នាក់ក្រោម​គ្រប់​កាលៈទេសៈ​ដើម្បី​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ និង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​សំដៅ​ធ្វើ​ឲ្យ​វិស័យ​សាធារណៈ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។ លោក​ក៏​បាន​ចែករំលែក​នូវ​បទពិសោធន៍​ និង​អនុសាសន៍​ល្អៗ​មួយចំនួន​ដែល​ជា​យន្តការ​ក្នុង​ការ​ដឹកនាំ​អង្គភាព​ឲ្យ​មានការ​រីកចម្រើន​ និង​ត្រូវធ្វើ​ការ​កែលំអ​សេវា​សាធារណៈ​ដោយ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន សារាចរ និង​ច្បាប់​នានា ព្រមទាំង​ក្តាប់​ឲ្យ​បាន​នូវ​រាល់​អធិករណ៍​ដែល​បាន​កើត​ឡើង ជាពិសេស​ត្រូវធ្វើ​ឲ្យ​វិស័យ​សាសនា​ឲ្យ​មានការ​រីកចម្រើន ​និង​បាន​ជំរុញ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ទើប​ចូលកាន់​តំណែង​ត្រូវតែ​បន្ត​អនុវត្ត​ការងារ​នេះ​ឲ្យ​ស្រប​ទៅ​តាម​កម្មវិធី​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​រដ្ឋសភា​សំដៅ​ធ្វើ​ឲ្យ​កង់​អាណាចក្រ​ និង​ពុទ្ធចក្រ​ដើរ​ទន្ទឹមគ្នា។​

លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​សង្ឃឹម​ជឿ​ជាក់​ថា ក្នុង​ការ​ដឹកនាំ​របស់​ប្រធាន​មន្ទីរ​ថ្មី​នឹង​ពង្រឹង​ប្រពៃណី​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ ព្រមទាំង​មានការ​ទំនាក់ទំនង​ល្អ​តាម​បណ្ដា​មន្ទីរ ស្ថាប័ន អង្គភាព និង​ព្រះសង្ឃ​ក្នុង​ការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​សំដៅ​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​សាសនា​នៅ​ទូទាំង​ខេត្ត​ឲ្យ​មានការ​រីកចម្រើន​ផង​ដែរ៕

Post a Comment

0 Comments

Close Menu