Ad Code

ព្រឹក​ថ្ងៃទី​១២​ ខែ​មករា​ នគរបាល​ខណ្ឌ​ដង្កោ​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​


ភ្នំពេញ ៖ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ដឹក​បញ្ជូន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ពីរ​ករណី​ផ្សេងគ្នា​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥។ ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន​ទី​១-ឈ្មោះ រិ​ទ្ធ សុខ​កែវ ហៅ ទិ​ត្យ សុគា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ទី​២-ឈ្មោះ សាន វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត និង​ទី​៣​-ឈ្មោះ គង់ រក្សា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់​នំប៉័ង ទាំង​២​នាក់ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​សាលាបឋមសិក្សា​ចតុមុខ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អន្លុងមាស ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ដង្កោ​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ រិ​ទ្ធ សុខ​កែវ ជាប់ចោទ​ពី​បទ​បង្ក​ហិង្សា​យក​ខ្សែក្រវាត់​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ សន ស្រី​ពៅ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេតចាយ រស់នៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៥ វេលា​ម៉ោង​២១​និង​៤០​នាទី បណ្ដាល​ឲ្យ​បែក​ចិញ្ចើម​ខាងឆ្វេង​ហូរឈាម​ពេញ​ផ្ទៃមុខ ហើយ​មិនតែប៉ុណ្ណោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​វាយ​កញ្ចក់​តុ​ដាក់​ទូរទស្សន៍​បណ្ដាល​ឲ្យ​បែក និង​ផ្តាច់​ខ្សែ​មុង​របស់​ជន​រង​គ្រោះ​ចោល​ទៀត ដោយសារ​រឿង​ខ្ចី​ស៊ី​ម​ទូរស័ព្ទ​ដៃ​ប៉ុណ្ណោះ។

ក្រោយពី​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង​ទៅលើ​ជនសង្ស័យ​ខាងលើ ក៏​ធ្លាយ​១​រឿង​ផ្សេង​ទៀត គឺ​ករណី​លួច​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង ក្នុង​នោះ​១​គ្រឿង​ម៉ាក ខេ​ម​ហ្វូ​ន និង​១​គ្រឿង​ទៀត​ម៉ាក​សាំ​ស៊ុ​ង របស់​ជនរងគ្រោះ ឈ្មោះ សាយ សុខលី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​លក់​បន្លែ រស់នៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ហើយ​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​ប្ដឹង​ជនសង្ស័យ​ផង​ដែរ។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ដង្កោ​ដដែល​ប្រាប់​បន្ត​ថា ចំណែក​ជនសង្ស័យ​ឈ្មោះ សាន វិសាល និង​ឈ្មោះ គង់ រក្សា គឺ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន កាលពី​យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក ចេង មុនី​រ៉ា អភិបាលរងខណ្ឌ និង​លោក ប្រាជ្ញ សោ​ភ័​ណ្ណា អធិការរង​នគរបាល​ខណ្ឌដង្កោ ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាល់កុល និង​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅមុខ​សាលា​ខណ្ឌ​ដង្កោ លើ​កំណាត់​ផ្លូវ​២១៧ ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ក្នុង​គោលបំណង​ពង្រឹង​សន្តិសុខ​ក្នុង​មូលដ្ឋាន ជាពិសេស​អនុវត្ត​ន៏​នូវ​គោល​នយោបាយ​ភូមិ/ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ខណៈ​កំពុង​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​DUKE ពណ៌​ខ្មៅ​លា​យ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-2002 គ្មាន​ដាក់​កញ្ចក់ និង​គ្មាន​ពាក់មួក​ការពារ​ត្រឹមត្រូវ សមត្ថកិច្ច​ក៏បាន​ឃាត់​ធ្វើការ​ឆែកឆេរ រក​ឃើញ​ថ្នាំញៀន​១​កញ្ចប់ ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​នៅ​ជាប់​នឹង​ខ្លួន ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ចាត់​តាម​នីតិវិធី៕​រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu