Ad Code

សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៥​នាក់ និង​វត្ថុ​តាង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​


ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ​ខែ​មករា​ ឆ្នាំ​២០១៥ ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​០៥​នាក់ ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ផ្សេងៗ​ដាច់​ពី​គ្នា​ចំនួន​០៣​ករណី​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ។

ករណី​ទី​១ ៖ ​កាន់កាប់​និង​ជួញដូរ​អាវុធ​ខុសច្បាប់ ​ជនសង្ស័យ​មាន​គ្នា​០៣​នាក់​រួម​មាន ១- ឈ្មោះ ​យន់ សំបូរ ហៅ​គោ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​បត្តជី ឃុំ​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​អ្នកកាន់កាប់​អាវុធ​អាវុធ​ខ្លី​១​ដើម​ម៉ាក​កា​54។​ ២- ឈ្មោះ ឆុន កែវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាតិខ្មែរ ប្រកប​មុខរបរ​ធ្វើការ​រោងចក្រ មាន​ទី​លំនៅ​បច្ចុប្បន្ន ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ​ខេត្តកណ្តាល ជា​បក្សពួក​ឈ្មោះ យន់ សំបូរ។​

ជនសង្ស័យ​ទាំង​២​នាក់​នេះ ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥ ខណៈ​ពេល​ដែល​កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​ល្បាត និង​ឆែក​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅមុខ​ក្លិប​កំសាន្ត​មួយ​កន្លែង ដែលនៅ​តាមផ្លូវ​ជាតិ​លេខ​២ ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ។ ក្រោយពេល​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា​ អាវុធ​ខ្លី​មួយ​ដើម​នេះ​គេ​បាន​ទិញ​ពី​ឈ្មោះ ប៉ាល វណ្ណា ទើប​សមត្ថកិច្ច​បន្ត​ឈាន​ទៅ​រក​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ទី​៣​ដែល​មាន​ឈ្មោះ ​ប៉ាល វណ្ណា ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ជួសជុល និង​លក់​ទូរស័ព្ទ​ដៃ​ក្នុង​ក្រុងភ្នំពេញ និង​ខេត្ត​នានា ដែល​មាន​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ឈ្មោះ ប៉ាល វណ្ណា បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លក់​អាវុធ​ខ្លី​ម៉ាក K54 មួយ​ដើម​ឲ្យ​ទៅ​ឈ្មោះ យន់ សំបូរ ហៅ​គោ​នោះ​ ពិតប្រាកដ​មែន​ គឺ​ក្នុងតម្លៃ៥០០​ដុល្លារ​អាមេរិក។ រូបគេ​ក៏បាន​បន្ត​ទៀត​ថា អាវុធ​ខ្លី​មួយ​ដើម​នេះ ខ្លួន​បាន​ទិញ​យោធា​ម្នាក់​ទុក​គ្រាន់​ការពារ​ខ្លួន ​ព្រោះ​កាលពីមុន​រូបគេ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​លោក​ឧកញ៉ា​ម្នាក់។​

ករណី​ទី​២ ៖ លួច​និង​ទទួលផល​ចោរកម្ម​ ជន​សង្ស័យ​ម្នាក់​ឈ្មោះ ហួន សំអាត ហៅ ណន ឈុន ហៅ​ហេង វុត្ថា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៣ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ជា​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ទទួលផល​ចោរកម្ម ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​ធ្វើការ​ឆែកឆេរ​ដល់​លំនៅដ្ឋាន ហើយ​បាន​រក​ឃើញ​ម៉ូតូ​ម៉ាក FZS ពណ៌​ខ្មៅ បិទ​ស្កុ​ត​ក្រហម​មួយ​គ្រឿង ពាក់​ស្លាក​លេខ 1CM-7147 រួម​នឹង​សម្ភារៈ​សម្រាប់​ប្រព្រឹត្ត​បទ​ល្មើស​មួយ​ចំនួន​មាន​ដូចជា ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១ និង​ផ្លាក​លេខ​ម៉ូតូ​ចំនួន​០៧​សន្លឹក​ដែល​រួមមាន ៖ ១-ភ្នំពេញ 1BK-6202 កែច្នៃ​ពី​លេខ​ពិត​1BY-5202 ,-ភ្នំពេញ 1CB-8201 ,-ភ្នំពេញ 1BW-2312 ,-ភព​1 ទ​3618 ,-ភ្នំពេញ DG-0533 ,-ភ្នំពេញ 1AQ-5927 ,និង​៧-កំពង់ចាម 1B-7542

ក្រោយ​ពេល​ឃាត់ខ្លួន​ ជនសង្ស័យ​បាន​សារភាព​ឲ្យ​ដឹង​ថា កន្លងមក​ខ្លួន​ជាប់ពន្ធនាគារ​ព្រៃ​ស ពី​បទ​លួច​(​ម៉ូតូ​) ហើយ​ទើបតែ​ចេញ​ក្នុង​ឆ្នាំ​២០១៤​នេះ​ទេ បន្ទាប់ពី​បាន​ចេញ​ពី​ពន្ធនាគារ​ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​ចំនួន​០៣​លើក និង​ធ្លាប់​ទទួល​ទិញ​ម៉ូតូ​ពី​បក្ស​ពួក​ខ្លួន​ក្នុង​តម្លៃថោកៗ យក​ទៅ​លក់​បន្ត​ជា​ច្រើន​លើក​ផង​ដែរ។ ឯ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក FZS ពាក់​ស្លាក​លេខ ភ្នំពេញ 1CM-7147 ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ​ហេង (​មិន​ស្គាល់​ផ្ទះ​) នៅ​តាម​ផ្លូវ​ផ្សារ​ស្ពឺ ក្នុង​តម្លៃ​១៧០០​ដុល្លារ​អាមេរិក រីឯ​ស្លាក​លេខ​ទាំង០៧​សន្លឹក​នោះ​ជា​របស់​ឈ្មោះ ចិន និង​ឈ្មោះ ​វ​ណ្ណី ដែល​ជា​បក្សពួក​ខ្លួន និង​ជា​អ្នក​ផ្ញើ​ឲ្យ​ខ្លួន​ទុក​ផង​ដែរ។​

ក្នុង​ចំណោម​ស្លាក​លេខ​ទាំង​០៧​សន្លឹក​នោះ សមត្ថកិច្ច​អាវុធហត្ថ​បាន​ស្រាវជ្រាវ​រក​ឃើញ​ម្ចាស់​ស្លាក​លេខ​ភ្នំពេញ 1CB-8201​ម្នាក់​ឈ្មោះ ខេង ខេមរិន្ទ ដែល​ម៉ូតូ​របស់​គាត់​ម៉ាក​ហុងដា សេ​125 ត្រូវ​បាន​ជនសង្ស័យ​០២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី ពណ៌​ខ្មៅ​លា​យស យក​កាំភ្លើង​មិន​ស្គាល់​ម៉ាក​០១​ដើម មក​ភ្ជង់​យក​ទៅ​បាត់ ​កាលពី​ថ្ងៃទី០៣ ខែ​មករា​ ឆ្នាំ​២០១៥ នៅ​វេលា​ម៉ោង​ប្រហែល​២១​និង​៣០​នាទី ខណៈ​ពេល​ដែល​ខ្លួន​ជិះ​ទៅផ្ទះ​មេជាង​ដើម្បី​ជួបជុំ​ជាមួយ​មិត្តភក្ដិ​ដែល​ធ្វើការ​ជាមួយគ្នា។​


ករណី​ទី​៣ ៖ ​រំលោភ​លើ​ទំនុកចិត្ត ជនសង្ស័យ​ម្នាក់​ឈ្មោះ ជួប តុង​ស៊ី ហៅ​តុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​មុខរបរ​មិន​ពិតប្រាកដ ដែល​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​ខ្ចី​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​125 ពី​មិត្ត​របស់​ខ្លួន ឈ្មោះ ម៉ុ​ច សំអុល ដែល​នៅក្នុង​ភូមិ​ជាមួយគ្នា ថា​យក​ទៅ​បញ្ចាំ​០៥​ថ្ងៃ​ដើម្បី​យក​លុយ​លោះ​យក​ប្លង់ដី​ពី​ធនាគារ លុះ​ដល់​ថ្ងៃ​កំណត់​០៥​ថ្ងៃ ជនសង្ស័យ​រូប​នេះ​បាន​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ ម៉ុ​ច សំអុល មួយ​គ្រឿង​ទៀត​ម៉ា​កវេ​វ ដោយ​ប្រាប់​ថា​ ទៅ​យក​លុយ​ពី​ធនាគារ ពេល​ខ្ចី​បាន​ក៏​យក​ទៅ​បញ្ចាំ​ទៀត ទើប​ជនរងគ្រោះ​មក​ប្តឹង​កង​រាជ​អាវុធហត្ថ​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​៕

វិមាន​

Post a Comment

0 Comments

Close Menu