Ad Code

ស្លាប់​៣ ​របួស​ម្នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​


តាកែវ ៖ យ៉ាងហោចណាស់​មនុស្ស​៣​នាក់​ បាន​បាត់​បង់ជីវិត​នៅ​កន្លែង​កើតហេតុ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧.៣៨ ចំណុច​ក្នុងភូមិ​ទួល​ល្ហុង ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥។​

ប៉ូលិស​ចរាចរណ៍​ស្រុក​បាទី​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត និង​រង​របួស​នោះ​គឺ​ទី​១​-មានឈ្មោះ ម៉ៃ ដា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្លុក​មាន ឃុំ​ស្នំ​ក្រពើ ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ ជា​នាក់​បើក​ម៉ូតូ​ម៉ាក​C125​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS.8929 ស្លាប់​នៅ​កន្លែង​កើត​ហេតុ ទី​២​-ឈ្មោះ​ដុំ វិបុល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​នាក់​រួម​ដំណើរ​ជាមួយ​ឈ្មោះ ម៉ៃ ដា​រ៉ា នៅ​ភូមិ​/ឃុំ​ជាមួយគ្នា​រង​របួស​ធ្ងន់ ទី​៣​-ឈ្មោះ ឡ​ន សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ឈើ​នាង ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ជា​នាក់​បើក​ម៉ូតូ C125​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BP.4233 ស្លាប់​នៅ​កន្លែង​កើត​ហេតុ និង​ទី​៤​-ឈ្មោះ ផេង វី​រះ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​នាក់​រួម​ដំណើរ​ មាន​ទីលំនៅ​ភូមិ/ឃុំ​ជាមួយគ្នា​ស្លាប់​នៅ​កន្លែង​កើតហេតុ។​

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​ជាង​០៨​យប់ មាន​ម៉ូតូ​ពីរ​គ្រឿង​បាន​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ លុះ​មកដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៣៧.៣៨ ​ក៏​ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង​ស្នូរ​លឺ​តែ​ប្រាវ​ ពេលនោះ​ឃើញ​មាន​មនុស្ស​៤​នាក់​ដេក​រដូករណែល​ក្នុង​ថ្លុកឈាម ជាប់​នៅ​ម៉ូតូ​រៀងៗ​ខ្លួន លើ​ទ្រូងផ្លូវ គឺ​ក្នុង​នោះ​មាន​មនុស្ស​៣​នាក់​បាន​ដាច់​ខ្យល់​ស្លាប់ និង​ម្នាក់​របួសធ្ងន់​កំពុង​ស្រែក​ដង្ហោយ​រក​ការ​ជួយ​សង្គ្រោះ។​

ប៉ូលិស​ចរាចរណ៍​ស្រុក​បាទី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់​នោះ​មិន​មាន​ពាក់​មួក​សុវត្ថិភាព ហើយ​ការ​គ្រោះថ្នាក់​នេះ​ ភាគី​ទាំងសងខាង​សុទ្ធតែ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូចគ្នា បើកបរ​ម៉ូតូ​នៅ​លើ​ទ្រូងផ្លូវ និង​មាន​ល្បឿន​លឿន​ទៀត​ផង។​

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ទាំង​៣​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​បាទី​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​រង​របួស​ម្នាក់​ទៀត បាន​ចាត់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ ចំណែក​វត្ថុ​តាង​មាន​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ​ជំនាញ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់៕​

មុនី

Post a Comment

0 Comments

Close Menu