ព្រះសីហនុ ៖ រថយន្តធុនធំមួយគ្រឿងផ្ទុកដោយឥវ៉ាន់ពេញ បានក្រឡាប់ផ្ងារជើង ខណៈពេញបើកកៀរជាមួយរថយន្តតាស៊ីមួយគ្រឿងក្នុងគោលដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យឥវ៉ាន់នៅលើរថយន្តបានធ្លាក់រាយពាសពេញផ្លូវថ្នល់ និងមនុស្សពីរនាក់ទៀតបានរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិជើងគោឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោងប្រមាណ១៩យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥។
ពាក់ព័ន្ធករណីខាងលើនេះ បើតាមសាក្សីពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តធុនធំខាងលើដឹកឥវ៉ាន់ពេញហៀរកំពស់ពីបាតរថយន្តប្រមាណជាង៤ម៉ែត្រ បើកក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះបើកមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅកៀរនឹងរថយន្តហ៊ីយិនដាយមួយគ្រឿង ដែលបើកមកពីមុខបញ្ច្រាសទិសគ្នាបណ្ដាលឲ្យរថយន្តដឹកទំនិញនោះជ្រុលក្បាលធ្លាក់ចូលចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើង ក្នុងពេលនោះតែម្តង។ នៅកន្លែងកើតហេតុគេសង្កេតឃើញមានរថយន្តទំនើបៗចំនួន០៣គ្រឿង ដោយរថយន្តទាំងនោះសុទ្ធសឹងតែពាក់ផ្លាកលេខ(ខេមរៈភូមិន្ទ)ទាំងអស់ ព្រមទាំងមានទាហានចំនួន៤ទៅ៥នាក់បានមកធ្វើអន្តរាគមន៍ឈរការពារក្នុងការលើកដាក់ឥវ៉ាន់ពីរថយន្តក្រឡាប់យកទៅដាក់លើរថយន្តថ្មីដើម្បីដឹកបន្តទៅកាន់ទីក្រុងភ្នំពេញផងដែរ។
លោក សេង ចំរើន អធិការរងស្រុកព្រៃនប់បានឲ្យដឹងថា រថយន្តហ៊ីយិនដាយ បើកទិសដៅពីភ្នំពេញមកព្រះសីហនុ ពាក់ស្លាកលេខ ២A – 1556 បើកបរដោយ អ៊ឹម វណ្ណះ ភេទ ប្រុស រងរបួសជាទម្ងន់ និងម្នាក់ទៀតរួមដំណើរ រងរបួសស្រាល។ ចំណែករថយន្តធុនធំ មានម៉ាកហ៊ីណូ ពណ៌លឿង គ្មានស្លាកលេខ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់។
រថយន្តទាំងពីរគ្រឿង ក្រោយពេលរើឥវ៉ាន់យកចេញអស់ ត្រូវបានប៉ូលិសនាំយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកស្រុកព្រៃនប់ រង់ចាំការដោះស្រាយគ្នាជាក្រោយ ឯជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ៕
កោះពស់







0 Comments