កំពង់ឆ្នាំង ៖ ក្រោយពីមានការប្រកាសអំពីប្រេងចុះថ្លៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្របពេលតំលៃប្រេងទីផ្សារពិភពលោកធ្លាក់ចុះផងនោះ នៅតាមបណ្ដាស្ថានីយប្រេងទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង ក៏បានបញ្ចុះតំលៃប្រេងរបស់ខ្លួនជាបន្តបន្ទាប់ ធ្វើឲ្យអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទនៅក្នុងខេត្តមានការសប្បាយចិត្ត ដែលអាចជួយកាត់បន្ថយនូវភាពក្រីក្រនៅក្នុងគ្រួសារបានមួយចំណែកផងដែរ។
កន្លងមកតម្លៃប្រេងឥន្ធនៈនៅក្នុងខេត្តកំពង់ឆ្នាំង គឺប្រេងសាំងស៊ុបពែររបស់ស្ថានីយប្រេងទាំងអស់ឡើងរហូតដល់ជាង៥ពាន់រៀល ប្រេងសាំងធម្មតាមានតម្លៃជិត៥ពាន់រៀល ឯប្រេងម៉ាស៊ូតមានតម្លៃរហូតដល់ជាង៤ពាន់រៀលផងដែរ។ ក្រោយពីតម្លៃប្រេងនៅលើទីផ្សារពិភពលោកមានការចុះតម្លៃភ្លាម សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រកាសចំនួន៣លើកជាបន្តបន្ទាប់ គឺលើកទី១-សម្ដេចបានប្រកាសក្នុងពិធីចែកសញ្ញាប័ត្រនៅចំការដូង នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤,លើកទី២-សម្ដេចបានប្រកាសនៅឫស្សីជ្រំ ខេត្តកោះកុង នាថ្ងៃ១២ ខែមករា ឆ្នាំ២០១៥,និងលើកទី៣-នៅស្ពានអ្នកលឿងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ឲ្យគ្រប់ បណ្ដាស្ថានីយប្រេងទាំងអស់នៅក្នុងប្រទេស ត្រូវតែបញ្ចុះតម្លៃប្រេងរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្ដាស្ថានីយប្រេងឥន្ធនៈមួយចំនួន គេឃើញតម្លៃប្រេងបានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះស្ថានីយប្រេងតូតាល់ចុងខ្សាម ប្រេងសាំងស៊ុបពែរមានតម្លៃ៤.២០០រៀលក្នុង១លីត្រ,ប្រេងសាំងធម្មតា៤.០៥០រៀលក្នុង១លីត្រ, និងប្រេងម៉ាស៊ូត៣.៩០០រៀលក្នុង១លីត្រ។ ដោយឡែក ស្ថានីយប្រេងឥន្ធនៈសូគីមិចវិញ គឺប្រេងសាំងស៊ុបពែរមានតម្លៃ៤.០០០រៀលក្នុង១លីត្រ,សាំងធម្មតា៣.៨០០រៀលក្នុង១លីត្រ, និងប្រេងម៉ាស៊ូត៣.២០០រៀលក្នុង១លីត្រ។ ចំពោះតម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយប្រេងតេលាក្នុងខេត្តវិញ គឺមានតម្លៃខុសៗពីគ្នា ដែលក្នុងនោះគេសង្កេតឃើញស្ថានីយតេលាព្រះនារាយណ៍ មានតម្លៃប្រេងសាំងស៊ុបពែរ៤.២០០រៀលក្នុង១លីត្រ,សាំងធម្មតា៤.០០០រៀលក្នុង១លីត្រ, និងប្រេងម៉ាស៊ូត៣.៨០០រៀលក្នុង១លីត្រ។ ស្ថានីយប្រេងឥន្ធនៈតេលាត្រពាំងគង ប្រេងសាំងស៊ុបពែរ មានតម្លៃ៣.៩០០រៀលក្នុង១លីត្រ,ប្រេងសាំងធម្មតា៣.៧០០រៀលក្នុង១លីត្រ,និងប្រេងម៉ាស៊ូត៣.០០០រៀលក្នុង១លីត្រ។ ការបញ្ចុះតម្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់នេះ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តបានរីករាយសាទរយ៉ាងខ្លាំងដែលពីមុនមកពុំធ្លាប់មានការបញ្ចុះតម្លៃដូចនេះឡើយ។ ប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចតែងតែយកចិត្តទុកដាក់នូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម សុខសន្តិភាពជូនប្រជាពលរដ្ឋ ដែលកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានយ៉ាងប្រសើរ៕
( ឈៀង ថារិទ្ធ )




0 Comments