ភ្នំពេញ ៖ អ៊ឹង បូរ៉ា អ្នកប្រដាល់ក្លឹបគជសារកីឡាបានវាយឈ្នះ គួន ប៊ុនហ៊ីម អ្នកប្រដាល់ក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុ នាល្ងាចថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០១៥ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។ បូរ៉ា និង ប៊ុនហ៊ីម ប្រកួតគ្នាប្រាំទឹកពេញ ប៉ុន្តែការប្រកួតរបស់ពួកគេមិនបានទាក់ទាញអ្នកទស្សនាទេ ដោយសារការប្រកួតរបស់ពួកគេប្រៀបបានដូចនឹងការហាត់សមគ្នា។
នៅក្នុងការប្រកួតអ្នកប្រដាល់ទាំងពីរវាយគ្នាទៅវិញទៅមកតាមរយៈការប្រដាល់ទាត់លើក្រោម និង ជង្គង់អុកទៅលើពោះគ្នាទៅវិញទៅមក ហើយថែមទាំងមានលក្ខណៈស្រាលៗថែមទៀត ផង។ ទោះជាបែបនេះក្តី អាជ្ញាកណ្ដាលមិនបានព្រមានពួកគេទាំងពីរនោះឡើយ គឺបណ្តោយឲ្យពួកគេវាយគ្នារហូតដល់ចប់ទឹកទី៥ សូម្បីតែប្រធានត្រួតពិនិត្យបច្ចេកទេសក៏បញ្ចេញទឹកមុខមិនពេញចិត្តចំពោះការប្រកួតរបស់អ្នកប្រដាល់ទាំងពីរនេះដែរ។
យ៉ាងណាចប់ការប្រកួត អ៊ឹង បូរ៉ា ឈ្នះ គួន ប៊ុនហ៊ីម ដោយពិន្ទុដាច់ ព្រោះក្នុងការប្រកួត៥ទឹកនេះ បូរ៉ា ទោះបីជាវាយតាមប្លង់(បច្ចេកទេស)ក្តី គឺគេជាអ្នកមានប្រៀបឈ្នះលើ ប៊ុន ហ៊ីម ដោយគេបានវាយចូលមុខ និងទាត់ជើងក្រោមរបស់ ប៊ុន ហ៊ីម បានច្រើនជាងនោះ។
អ៊ឹង បូរ៉ា ក្រោយបញ្ចប់ការប្រកួត និងកំពុងរៀបចំដោះសម្ភារៈពីខ្លួននោះ មិនបានឆ្លើយជាមួយអ្នកសារព័ត៌មានដែលបានសួរគេអំពីស្ថានភាពប្រកួតដែលគេថាវាយតាមប្លង់ មិនដូចជាការប្រកួតមុនៗនោះ។
ចំណែក ម៉ន បារាំង អ្នកប្រដាល់ក្លឹបការិយាល័យទី៥កងទ័ពជើងគោកបានបោះបង់ចោលការប្រកួតនៅដើមទឹកទី២ បន្ទាប់ពីត្រូវ អ៊ុន រតនា អ្នកប្រដាល់ក្លឹបតាឡីដំរីមានរិទ្ធ ទាត់ឲ្យខូចជើងឆ្វេងនោះ។ ម៉ន បារាំង ជាម្ចាស់ពានអនុស្សាវរីយ៍បាយ័នក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ហើយនៅពេលវាយចាញ់រតនាបែបនេះធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅសង្វៀន មានការសង្ស័យថា បារាំងប្រកួតមិនមានភាពប្រក្រតី។ លោក នាង ស៊ីវុត្ថា អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំទូរទស្សន៍បាយ័នបាននិយាយទោះជានិយាយយមិនចំក៏ដោយ ក៏គេអាចយល់បានថា បានផ្ដោតទៅលើបញ្ហានេះដែរ។
អ៊ុន រតនា មិនត្រឹមតែទាត់មួយមុខនោះទេ គឺគេប្រើកណ្ដាប់ដៃវាយទៅលើ គួន ហ៊ីមបណ្ដាលឲ្យត្រូវមុខពេញៗតែម្តង។ ម៉ន បារាំង ដើរចូលទៅរករតនាជានិច្ចតែត្រូវរតនាទាត់បង្អាក់ និងទាត់ជើងក្រោមរបស់បារាំង រហូតទាល់តែបារាំងខូចជើងត្រង់សន្លាក់មិនអាចបន្តការប្រកួតទៀតបានទេ។
ចំណែកអ្នកប្រដាល់ សល់ ប៊ុនហ៊ីម ក្លឹបកុសលកីឡាវិញបានប្រកួតចាញ់ចាន់ ចំរើន អ្នកប្រដាល់ក្លឹបនិរោធមានជ័យដោយពិន្ទុ ក្រោយពីពួកគេប្រកួតគ្នាប្រាំទឹកពេញនោះ។ ប៊ុន ហ៊ីម ត្រូវអាជ្ញាកណ្ដាលរាប់៨ម្តងក្នុងទឹកទី២ ក្រោយពេលដែលចំរើនទាត់ថែមរូបគេនោះ។ ចំរើន ក៏ត្រូវអាជ្ញាកណ្ដាលចាប់កំហុសឲ្យចៅក្រមដកពិន្ទុជាការព្រមានដល់រូបគេផងដែរ។ មកដល់ទឹកទី៣ ប៊ុន ហ៊ីម ត្រូវអាជ្ញាកណ្ដាលរាប់៨ម្តងទៀត ដោយសារត្រូវកណ្ដាប់ដៃរបស់ចាន់ ចំរើន ដាល់ត្រូវកណ្ដាលមុខធ្វើឲ្យដួលដាច់ផ្ងារនោះ។
ចំរើនគេវាយបានតែជាងពីរទឹកប៉ុណ្ណោះ គឺអស់ស៊ុហ្វទៅហើយ ដែលធ្វើអោយប៊ិះៗ ចាញ់ចាន់ ចំរើន នោះ។ ឯម ផ្លាទីន អ្នកប្រដាល់ក្លឹបឫទ្ធីពោធិសែនជ័យបានផ្ដួលអ្នកប្រដាល់ ខាត់ វិឆ័យ ក្លឹបមជ្ឈមណ្ឌលកីឡាខ.ភ.ម ឲ្យសន្លប់ក្នុងទឹកទី១ប៉ុណ្ណោះ៕ វិសិទ្ធ
0 Comments