ភ្នំពេញ ៖ រថយន្តម៉ាកម៉ែកសឺដែសប្រភេទស្ព័រ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ហើយត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាកូនប្រុសរបស់លោកឧកញ៉ា ឃុន សៀ ប្រហែលទើបចេញពីផឹកស៊ី បានបើកបោះពួយយ៉ាងលឿនដូចហោះ ក៏ជ្រុលទៅបុកត្បុលចូលពីក្រោមរថយន្តហាយឡិនឌ័រ ដែលឈប់ចតលើផ្លូវមុខហាងវត្តភ្នំ "ម៉ាស្សាបូរាណខ្មែរ" បណ្ដាលឱ្យរថយន្តហាយឡិនឌ័រ ប៉ើងខ្ទាតទៅប៉ះរថយន្តកាមរី ២គ្រឿងទៀត ដែលចតនៅក្បែរនោះ ត្រូវខូចខាតដូចគ្នា ចំណែករថយន្តស្ព័របង្កហេតុវិញ ត្រូវរថយន្តហាយឡិនឌ័រសង្កត់ពីលើបណ្ដាលឱ្យរងការខូចខាតស្ទើរទាំងស្រុង សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដែលបង្កដោយកូនអ្នកមាននេះដែរ មិនបានបណ្ដាលឱ្យមានអ្នកណាស្លាប់ ឫរងរបួសធ្ងន់ធ្ងរឡើយ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ៩៤ ខាងជើងរង្វង់មូលវត្តភ្នំទល់មុខហាងវត្តភ្នំ "ម៉ាស្សាបូរាណខ្មែរ" ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៊ែកសឺដេសស្ព័រ ពណ៌-ស មួយគ្រឿង អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ ដែលគេស្គាល់យ៉ាងច្បាស់ថា ជាកូនប្រុសរបស់លោកឧកញ៉ា ឃុន សៀ ដែលរួមដំណើរដោយមិត្តភក្ដិប្រុសម្នាក់ទៀតបានធ្វើដំណើរយ៉ាងលឿនដូចហោះតាមបណ្តោយផ្លូវលេខ៩៤ (រង្វង់មូលវត្តភ្នំ) ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុជាផ្លូវកោង រថយន្តម៊ែកសឺដេសបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកគាស់ចូលពីក្រោមរថយន្តហាយឡិនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿងអត់ស្លាកលេខ ដែលឈប់ចតលើផ្លូវមុខហាង"ម៉ាស្សាវត្តភ្នំ" ចំពីក្រោយពេញទំហឹងបណ្ដាលឱ្យរថយន្តហាយឡិនឌ័រ ប៉ើងខ្ទាតទៅប៉ះរថយន្តកាមរី ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់២គ្រឿងទៀត ដែលឈប់ចតនៅក្បែរគ្នានោះដែរ បណ្ដាលឱ្យរថយន្តកាមរីទាំង២គ្រឿងនោះរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែករថយន្តហាយឡិនឌ័រ បានក្រឡាប់មកសង្កត់ពីលើរថយន្តម៊ែកសឺដេសស្ព័របង្កហេតុនោះវិញបណ្ដាលឱ្យរងការខូចស្ទើរទាំងស្រុង។
ប្រភពព័ត៌មានបានបន្តទៀតក្នុងហេតុការណ៍នោះសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចផ្នែកជំនាញខណ្ឌដូនពេញបានចុះទៅអន្តរាគមន៍កន្លែងកើតហេតុ តែមិនត្រូវបានអ្នកបង្កហេតុសហការជាមួយសមត្ថកិច្ចឡើយពោលគឺគេចូលដោះស្រាយបញ្ចប់បញ្ហាជាមួយម្ចាស់រថយន្តដែលរងការខូចខាតទាំងនោះ ព្រោះមិនចង់ឲ្យគេដឹងថាអ្នកបង្កហេតុជាកូនប្រុសរបស់លោកឧកញ៉ា ឃុន សៀ ឡើយ៕
រស្មី
0 Comments