Ad Code

កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​វិនិយោគទុន​បរទេស​ក្នុង​តំបន់​អាស៊ាន​


ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មាន ប្រសាសន៍ថា តាម​ការស្រាវជ្រាវ​នានា បាន​បង្ហាញថា ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ ប្រទេស​កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ក្នុងការ​ទាក់ទាញ​វិនិយោគទុន​បរទេស ហើយក៏​នឹង​ក្លាយជា​គោលដៅ​វិនិយោគ​របស់​ក្រុមហ៊ុន​នានា ជាពិសេស​ក្រុមហ៊ុន ចិន ជប៉ុន និង​កូរ៉េ នៅ​ដំណាច់​ឆ្នាំនេះ បន្ទាប់ពី​សមាហរណកម្ម​អាស៊ាន។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បែបនេះ​កាលពី​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៥ ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​តំណាង​និយោជក និង​តំណាង​កម្មករនិយោជិត នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​(​បិត​ត្រាំ​ង​)​ប្រមាណ​ជាង ១០០​នាក់។

នៅក្នុង​ឱកាស​នោះ​លោក​ អ៊ិត សំហេង បាន​សម្តែង​នូវ​អំណរគុណ និង​ការកោតសរសើរ​ខ្ពស់​ចំពោះ​អ្នកវិនិយោគ​ទាំងអស់ ដែល​បាន​សម្រេចចិត្ត​ជ្រើសរើស​កម្ពុជា ជាទី​តាំង​បណ្ដាក់​ទុនវិនិយោគ​។ កត្តា​នេះ ជា​ទឡ្ហីករណ៍​បញ្ជាក់​ឲ្យឃើញ​នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​អ្នកវិនិយោគ​បរទេស ទៅ​លើ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធានាបាន​នូវ​បរិយាកាស​វិនិយោគ ពាណិជ្ជកម្ម ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច។ លោក​រដ្ឋមន្ត្រី​មាន​ប្រសា​ស​ន៏​បន្តថា «​តាម​ការស្រាវជ្រាវ​នានា បាន​បង្ហាញថា​កម្ពុជា ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ កម្ពុ​ជាមាន​សក្តានុ​ពល​ខ្ពស់​ក្នុងការ​ទាក់ទាញ​វិនិយោគទុន​បរទេស ហើយនឹង​ក្លាយជា​គោលដៅ​វិនិយោគ​របស់​ក្រុមហ៊ុន​នានា ជាពិសេស ចិន ជប៉ុន និង​កូរ៉េ នៅ​ដំណាច់​ឆ្នាំនេះ បន្ទាប់ពី​សមាហរណកម្ម​អាស៊ាន​»

លោក ចេ​ន ជៀន​ហ្គេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​

(បិត​ត្រាំង)បានស្នើ​ដល់​លោក​រដ្ឋមន្ត្រី​បង្កើត​នូវ​មជ្ឈមណ្ឌល​ជាតិ​ដើម្បី បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ដល់​កម្មករនិយោជិត ដែល​មជ្ឈមណ្ឌល បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​(​បិត​ត្រាំ​ង​)​នេះ​តែម្តង​។ ឆ្លើយតប​ទៅនឹង​ការស្នើសុំ​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្វា​គម​ន៏​ទទួលយក​នូវ​សំណើរ​នេះ ដោយ​លោក យល់ឃើញថា​មជ្ឈមណ្ឌល​ជាតិ​សំរាប់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ អាច​បណ្តុះបណ្តាល​ទាំង​ជំនាញ​ទាប​រយៈពេល​ខ្លី និង​រហូតដល់​ជំនាញ​ជាន់ខ្ពស់​រយៈពេល​វែង ជូន​ដល់​កម្មករនិយោជិត​ដែល​រស់នៅក្នុង​ខេត្ត​នេះ​ផ្ទាល់ និង​បងប្អូន​កម្មករ​ដែល​អញ្ជើញ​មក​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។ លោក​រដ្ឋមន្ត្រី​យល់ឃើញថា គំរោង​បង្កើត​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ​វា​នឹង​ធ្វើអោយ​កម្មករ​របស់​កម្ពុជា កាន់​តែមាន​ជំនាញ​បច្ចេកទេស​ខ្ពស់ ទទួល​បាន​នូវ​ប្រាក់ចំណូល​កាន់តែ​ប្រសើរ ហើយ​វា​ក៏​អាចឆ្លើយតប​ទៅនឹង​តំរូវការ​ចាំបាច់​ក្នុងការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ទៅដល់ រោងចក្រ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​(​បិត​ត្រាំ​ង​) ក៏ដូចជា​រោង​ចក​ក្រ​នានា​ទៀត នៅក្នុង​ប្រទេស​កម្ពុជា ផងដែរ។

គូសបញ្ជាក់ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​(​បិត​ត្រាំ​ង​) មាន​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន ដែលមាន​ចំនួន​៥០ សហគ្រាស រួមមាន វិស័យ​វាយនភ័ណ្ឌ និង​កាត់ដេរ វិស័យ​ផលិត​ស្បែក​ជើង និង​ផលិតផល​ពី​ស្បែក ព្រមទាំង​មាន​វិស័យ​ផលិតកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​។ ក្នុងនោះ​មាន​កម្មករនិយោជិត​សរុប ១០,៣៦២ ដែលមាន​ជនជាតិ​កម្ពុជា ១០,០៣២​នាក់ និង​ជនបរទេស​មាន​ចំនួន ៣៣០នាក់៕


Post a Comment

0 Comments

Close Menu