ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារតែត្រូវរថយន្តបុកម៉ូតូពេញទំហឹង កាលពីវេលាម៉ោង២២និង២០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១០២ ខាងមុខសកលវិទ្យាល័យសុខាភិបាល ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកក្រដាសសំបកកេស ពណ៌ខៀវ ពាក់ស្លាកលេខញ.២៤៧៣ បើកបរដោយបុរសម្នាក់តាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CP.0016 (បើកបរ) និងរួមដំណើរដោយបុរស២នាក់ បើកតាមផ្លូវព្រះមុនីវង្សក្នុងទិសដៅបញ្ច្រាសគ្នា ខណៈមកដល់ចំណុចកែងផ្លូវលេខ១០២ ស្រាប់តែរថយន្ត និងម៉ូតូបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរផ្លោងបោកក្បាលនឹងកញ្ចក់រថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់តែម្តង។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ក្នុងខណៈពេលគ្រោះថ្នាក់នោះជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកអ្នកបើករថយន្តបានចតរថយន្តនៅអែបចិញ្ចើមផ្លូវនៅខាងមុខកន្លែងទិញលក់រថយន្ត អូតូវើលដ៍ រួចបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយគ្នាជាក្រោយបន្តទៀត៕
រស្មី
0 Comments