សៀមរាប ៖ វគ្គបណ្តុះបណ្តាលស្ដីពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលដែលបានដំណើរការទៅអស់រយៈពេល០៥ថ្ងៃ នៅសណ្ឋាគារអង្គរលែន ខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ ក្រោមការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានធ្វើពិធីបិទរបស់ខ្លួនប្រកបដោយលទ្ធផលជាផ្លែផ្កា កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោកពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងលោកនូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។
តាមរបាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់លោកប៉ូលពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជានាយកគម្រោង (គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់កម្មវិធីអភិវឌ្ឍជនបទអនុកម្មទី២ក៏បានបញ្ជាក់អំពីវគ្គបណ្តុះបណ្តាល ស្ដីពីគោលការណ៍នៃការគ្រប់គ្រង អនុវត្តការរៀបចំផែនការការគ្រប់គ្រងការអភិវឌ្ឍន៍សមត្ថភាព និងការរៀបចំផែនការធនធានមនុស្ស។
មានចំណាប់អារម្មណ៍នោះដែរ លោក នួន សុខុម ប្រធានមន្ទីរមុខងារសាធារណៈខេត្តសៀមរាបលោក អ៊ួច ចំរើន តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាក៏បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ និងជាវិញ្ញាសាថ្មីឆ្លើយតបនឹងវឌ្ឍនភាពនៃការវិវត្តថ្មីក្នុងវិស័យមុខងារសាធារណៈ ដែលបានកំពុងបោះជំហានទៅមុខសំដៅធ្វើឲ្យគ្រប់ប្រព័ន្ធមុខងារសាធារណៈប្រកបដោយសនិទាន ក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
មានប្រសាសន៍នោះដែរលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានលើកឡើងពីគោលដៅចម្បងនៃវគ្គបណ្តុះបណ្តាលនេះ ក្នុងការសំដៅពង្រឹងសមត្ថភាពដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិនូវគុណភាពមួយដែលជឿទុកចិត្តបាន ដែលជាកម្លាំងចលករក្នុងការប្រតិបត្តិផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ លោកទាំងពីរក៏បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥បានយកចិត្តទុកដាក់ក្នុងការកំណែទម្រង់រដ្ឋបាលសាធារណៈឲ្យកាន់តែមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅទៅក្នុងស្នូលនៃយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាពនៅកម្ពុជា។ លោកនូផល្លានិងលោក ពេជ្រ ប៊ុនធិន ក៏បានគូសបញ្ជាក់ថា ដើម្បីអនុវត្តឲ្យបានសម្រេចនូវគោលដៅដ៏មានសារៈសំខាន់នេះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រសួងមុខងារសាធារណៈ ដែលមានបេសកកម្មដឹកនាំ គ្រប់គ្រង និង អភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាឲ្យឆ្លើយតបទៅនឹងតម្រូវកាតអភិវឌ្ឍជាតិ ព្រមទាំងសមស្របតាមការអភិវឌ្ឍន៍ជាអន្តរជាតិ។ ក្នុងនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងនូវយន្តការមួយចំនួនដែលមានក្នុងរចនាសម្ព័ន្ធរបស់ក្រសួង ក្នុងការកែទម្រង់ប្រព័ន្ធបៀវត្ស ប្រាក់បន្ថែមផ្សេងៗរបស់មន្ត្រីរាជការ ការគ្រប់គ្រង អភិវឌ្ឍន៍ធនធានមនុស្ស និងការកែលំអគុណភាពសេវាសាធារណៈ។
លោក ពេជ្រ ប៊ុនធិន ក៏បានបញ្ជាក់ផងដែរថា ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឬលំអការគ្រប់គ្រង់និងអភិវឌ្ឍន៍ធនធានមនុស្សរាជរដ្ឋាភិបាលបានអនុម័តលើគោលនយោបាយធនធានមនុស្សនៅក្នុងរដ្ឋបាលសាធារណៈ ដើម្បីបង្កើនគុណផលនៅក្នុងរដ្ឋបាលសាធារណៈនិងផ្លាស់ប្ដូរឥរិយាបថមន្ត្រីជាបណ្ដើរៗ សំដៅលើកកម្ពស់វប្បធម៌សាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិការវិជ្ជាជីវៈរបស់ មន្ត្រីរាជការ ព្រមទាំងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកបានបន្តទៀតថា ឆ្លងតាមវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងពីរភេទ បានទទួលនូវចំណេះដឹង ជំនាញ បទពិសោធន៍ល្អៗ ដែលជាប្រទីបក្នុងយកទៅអនុវត្តការងារ តួនាទីនៅតាមមន្ទីរអង្គភាពនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងត្រូវខិតខំបន្តក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនសំដៅពង្រឹងពង្រីកការយល់ដឹងបន្ថែម ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការដែលបម្រើផលប្រយោជន៍របស់ប្រជាជន និងមានសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធភាព តាមរយៈគោលការណ៍នៃការគ្រប់គ្រង អនុវត្ត ការកសាងផែនការធនធានមនុស្ស និងគ្រប់គ្រងការអភិវឌ្ឍន៍សមត្ថភាព ស្ថិតក្នុងប្រព័ន្ធសុខដុមនីយកម្ម ក្នុងនោះដែរ ឯកឧត្តមក៏បានអំពាវនាវនិងសំណូមពរដល់ធនាគារអភិវឌ្ឍន៍អាស៊ី បន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាព មន្ត្រីរាជការកម្ពុជា តាមរយៈការពង្រីកវគ្គបណ្ដុះបណ្ដាលសម្រាប់ស្ថាប័នថ្នាក់កណ្ដាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិនៅតាមបណ្ដាឆ្នាំបន្តបន្ទាប់ទៀត។
ក្នុងនោះដែរ គណៈអធិបតីក៏បានធ្វើប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីរាជការស៊ីវិលទាំង៩៥រូបផងដែរ៕
គឿន វេត
0 Comments