កំពង់ឆ្នាំង ៖ ប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំដោយ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ រួមដំណើរដោយ លោក កឹម បុរី អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណៈការ លោក ហ៊ី ណាត អភិបាលរងខេត្ត លោក លី ច័ន្ទរិទ្ធី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោក អូរជី អូរកាម៉ូតូ ទីប្រឹក្សាបច្ចេកទេសគំរោងចៃការជប៉ុន និងមន្ត្រីជាច្រើនរូបទៀត បានចុះមកពិនិត្យលទ្ធផលសម្រេចនៃការអនុវត្តគម្រោងជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនជួយប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំង ដែលមានផ្លូវកៅស៊ូប្រវែងជាង៤ពាន់ម៉ែត្រ និងប្រព័ន្ធមេលូបង្ហូរទឹកជាង២ពាន់ម៉ែត្រ ដើម្បីការពារគ្រោះទឹកជំនន់ដែលធ្លាប់មានកន្លងមក។
លោក លី ច័ន្ទរិទ្ធី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា គម្រោងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនដែលត្រូវស្តាឡើងវិញនូវប្រព័ន្ធមេលូទឹក និងផ្លូវ ថ្នល់ក្នុងក្រុងកំពង់ឆ្នាំងរួមមាន ជួសជុលផ្លូវជាតិលេខ៥នៅក្នុងក្រុងកំពង់ឆ្នាំង មានប្រវែង២.២០០ម៉ែត្រ ជួសជុលផ្លូវកៅស៊ូក្នុងក្រុងកំពង់ឆ្នាំងប្រវែង២.៤០០ម៉ែត្រ កសាងប្រព័ន្ធលូមេបញ្ចេញទឹកចោល ប្រវែង២.៦០០ម៉ែត្រ ប្រព័ន្ធលូអ៊ុយ៩៥០ម៉ែត្រ លូមូលប្រវែង៨.៦០០ម៉ែត្រ និងអណ្ដូងលូប្រវែង៦៨០ម៉ែត្រ ហើយការអនុវត្តគំរោងនេះមានរយៈពេលជាង១ឆ្នាំ គឺចាប់អនុវត្តន៍ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣មក និងតាមការពិនិត្យជាក់ស្តែងរបស់ប្រតិភូនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះ សម្រេចបាន៩៩,៨ភាគរយហើយ និងអ្វីដែលនៅសេសសល់ត្រូវកែលំអ អ្នកម៉ៅការគម្រោងនិងអនុវត្តឲ្យរួចរាល់តាមកិច្ចសន្យាដែលបានគ្រោងទុក។
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹងជញ្ជូនបានមានប្រសាសន៍ថា សមិទ្ធផលថ្មីនេះដែលខេត្តកំពង់ឆ្នាំងទទួលបានមានផ្លូវអ៊ុតរលោងស្អាត និងប្រព័ន្ធមេលូទឹកខ្វាត់ខ្វែងយ៉ាងរឹងមាំ ដើម្បីទប់ស្កាត់គ្រោះទឹកជំនន់ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលជាចំណងដៃជូនដល់ប្រជាពលរដ្ឋកម្ពុជាក្នុងខេត្តកំពង់ឆ្នាំង។
លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីមន្ទីរសាធារណៈការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សា ការពារសមិទ្ធផលថ្មីដ៏រឹងរឹងមាំនេះឲ្យបានគង់វង្សល្អ និងប្រើប្រាស់ឲ្យបានយូរអង្វែងតទៅ ដើម្បីបម្រើផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋដើម្បីកាត់ការពារគ្រោះទឹកជំនន់ដែលធ្លាប់ធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកន្លងមក និងកាត់រួមបន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋយើង តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ឈៀង ថារិទ្ធ
0 Comments