ភ្នំពេញ ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេលជិតពីរខែកន្លងមកនេះ ក្រុមបាល់ទាត់ក្ងោកក្រហមមកពីសង្កាត់បឹងធំខណ្ឌពោធិ៍សែនជ័យ បានទទួលជ័យលាភីលេខ១ប្រកបដោយមោទនភាពខ្ពស់ ដោយបានយកឈ្នះគូរប្រកួតរបស់ខ្លួនទៅលើក្រុមសង្កាត់កាកាបក្នុងលទ្ធផល១ទល់និង០ក្នុងនាទីចុងក្រោយ។
ការប្រកួតផ្ដាច់ព្រ័ត្រនេះ ត្រូវបានរៀបធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០១៥នៅតារាងបាល់ទាត់ក្នុងសាលាកងរាជអាវុធហត្ថកំបូល ក្នុងសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យដែលមានការចូលរួមជាអធិបតីពីសំណាក់លោសៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីសំណាក់លោកហែមដារិទ្ធិអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យរួមទាំងអភិបាលរងទាំងអស់ និងមន្ដ្រីរាជការការិយាល័យជុំវិញខណ្ឌព្រមទាំងគ្រប់បណ្ដាសង្កាត់ទាំងអស់ ហើយក៍មានអ្នកគាំទ្រជាច្រើនផងដែរ។
លោកសៅ សុខាបានថ្លែងក្នុងពិធីបិទការប្រកួតនេះថា លោកបានកោតសសើដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដែលបានផ្តួចផ្ដើមឲ្យមានការប្រកួតកីឡាបាល់ទាត់នេះឡើងដើម្បីសុខភាពផងនិងដើម្បីប្រមូលផ្ដុំក្រុមយុវជននៅតាមបណ្ដាសង្កាត់ទាំងអស់ ឲ្យងាកមកចាប់អារម្មណ៍លេងកីឡាចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ។
លោកបានបន្ដលើកឡើងថា ការប្រកួតតែងតែមានឈ្នះចាញ់ អ្នកឈ្នះទទួលបានការលើកទឹកចិត្តនិងមានមោទនភាពក្រៃលែងហើយ បាននាំមកនូវកិត្តិយសសម្រាប់ភូមិសង្កាត់របស់ខ្លួន ទន្ទឹមនិងនេះអ្នកឈ្នះក៏មិនត្រូវភ្លេចខ្លួនដែរ ពោលគឺត្រូវហ្វឹកហាត់ជាប្រចាំដើម្បីឲ្យការលេងឲ្យកាត់តែល្អប្រសើឡើងថែមទៀត។ ចំពោះអ្នកចាញ់វិញក៏មិនត្រូវបាក់ទឹកចិត្តដែរ ពោលគឺត្រូវបន្ដហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមប្រកួតនៅឱកាសលើកក្រោយៗទៀត។ លោកក៏បានអំពាវនាវផងដែរដល់ក្រុមអ្នកលើកទឹកចិត្តសូមចូលរួមលើកទឹកចិត្តដល់កីឡាកររបស់យើង ឲ្យបានច្រើនកុះករដើម្បីបំផុសឲ្យមហាជនយើងចូលរួមលេងកីឡាឲ្យបានផុលផុសនៅក្រមខណ្ឌទូទាំងប្រទេស។
គួររំលឹកថា ការប្រកួតបាល់ទាត់ពានរង្វាន់ខណ្ឌពោធិ៍សែនជ័យនេះ ត្រូវបានចាប់ផ្ដើមការប្រកួតរបស់ខ្លួនតាំងពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៤ និងត្រូវបញ្ចប់នៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៥ដែលមានរយៈពេលជិតពីរខែមកហើយ។
ការប្រកួតនេះមានចំនួន១១ក្រុមមកពីបណ្ដាសង្កាត់ទាំង១០នៅក្នុងខណ្ឌ និងមានក្រុមសាលាខណ្ឌមួយក្រុមដែរ ចែកចេញជាពីរពូលគឺពូល ក និងពូល ខបន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញរួចមកឃើញថា ក្រុមក្ងោកក្រហមមកពីសង្កាត់បឹងធំស្ថិតក្នុងពូល ខបានយកឈ្នះលើក្រុមសង្កាត់កាកាបស្ថិតនៅពូលកដោយលទ្ធផល១ទល់និង០។ ដូច្នេះក្រុមបឹងធំទទួលបានចំណាត់ថ្នាក់លេខ១ក្រុមកាកាបទទួលបានចំណាត់ថ្នាក់លេខ២ និងក្រុមសង្កាត់សំរោងក្រោមទទួលបានចំណាត់ថ្នាក់លេខ៣។
សម្រាប់ចំណាត់ថ្នាក់លេខ១ទទួលបានថវិកា៤លានរៀលនិងពាន១ ចំណាត់ថ្នាក់លេខ២ទទួលបានថវិកា២លានរៀលនិងមេដាយសំរិទ្ធិចំណាត់ថ្នាក់លេខ៣ទទួលបានថវិកា១លានរៀលនិងកីឡាករលេងបានល្អ និងស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងការប្រកួតក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ៕

0 Comments