ព្រៃវែង ៖ អង្គភាពនគរបាលស្រុកស៊ីធរកណ្ដាល ដែលដឹកនាំដោយលោក ឡុង ប៊ុនធឿនបានយកអំណោយរបស់លោក ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែងទៅជូនដល់លោកតាឈ្មោះ ឌឹម ឈាង អាយុ៨៧ឆ្នាំ និងលោកយាយ ឈិន ស្រឺម អាយុ៨៤ឆ្នាំ ដែលត្រូវជាប្ដីប្រពន្ធនឹងគ្នា រស់នៅភូមិព្រៃឈ្នៀស ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ការនាំយកអំណោយទៅចែកជូនគ្រួសារលោកតាខាងលើនេះបានធ្វើឡើងក្រោយពេលដែលមានអគ្គីភ័យឆាបឆេះផ្ទះរបស់គ្រួសារលោកតា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៤រសៀល ហើយនឹងបណ្ដាលឲ្យមានការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ។ លោក ឡុង ប៊ុនធឿន ក៏បានឲ្យអ្នកយកព័ត៌មានយើងដឹងដែរថា ក្រោយពីបានទទួលសេចក្តីរាយការណ៍ថាមានករណីអគ្គីភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិ-ឃុំខាងលើរួមមក លោកក៏បានរាយការណ៍ទៅលោក ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែងភ្លាមៗ ក្រោយមកលោកស្នងការបានឲ្យរូបលោកដឹកនាំមន្ត្រីក្រោមឱវាទ គឺអង្គភាពនគរបាលស្រុកស៊ីធរកណ្ដាលយកអំណោយទៅជូនដល់គ្រួសារលោកតា លោកយាយភ្លាមៗតែម្តងហើយអំណោយដែលចែកជូននាពេលនេះរួមមាន អង្កចំនួន៥០គីឡូក្រាម មី១កេះធំ ទឹកស៊ីអ៊ីវ១យួរទឹកត្រី១យួរ សាប៊ូ១០ដុំ សាប៊ូម្សៅ១០កញ្ចប់ សម្ភារៈប្រើប្រាស់ចំនួន១៥មុខថែមទៀត ហើយនឹងថវិកាចំនួន២០.០៥០០រៀលផងដែរ។ លោកបានបន្តទៀតថា ហេតុការណ៍ដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះឡើងនេះគឺបណ្ដាលមកពីភ្លើងចង្ក្រានដែលលោកយាយបានដាំបាយហើយដើរចោល ទើបបង្កការឆាបឆេះតែម្តងទៅ។ ហើយផ្ទះដែលឆាបឆេះនោះគឺមានទំហំ៧ម៉ែត្រគុណនិង៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តា ត្រូវឆាបឆេះទាំងស្រុងនិងខូចខាតសម្ភារៈសរុបជាទឹកប្រាក់ប្រមាណជា១០លាន៥០ម៉ឺនរៀល៕
វិចិត្រ




0 Comments