Ad Code

Hun Sen Cup ចាប់ផ្តើម​វគ្គ​ជម្រុះ​១​ភាគ​៨​ផ្តាច់ព្រ័ត្រ​


ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន​ ឆ្នាំ​២០១៥ ឬ​ហៅថា​« Hun Sen Cup 2015 » វគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ​ឬ​១​ភាគ​៨​ផ្តាច់ព្រ័ត្រ​នោះ បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​២១​ខែ​មករា​នេះ​ហើយ។​

ការប្រកួត​ក្នុង​វគ្គ​១​ភាគ​៨ផ្ដាច់ព្រ័ត្រ​នេះ មាន​៤​ពូល​ដែល​រួមមាន​៣២​ប្រកួត គឺ​វគ្គ​វិល​ជុំ​ជម្រុះ​ក្នុង​ពូ​ល​មាន​២៤​ប្រកួត វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​មាន​៤​ប្រកួត ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន​២​ប្រកួត ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ មាន​១​ប្រកួត និង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​មាន​១​ប្រកួត។​

វគ្គ​វិល​ជុំ​ដើម្បី​ជម្រុះ​ក្នុង​ពូ​ល​ប្រកួត​នៅ​ទីលាន​សាលា​បាល់ទាត់​ទន្លេបាទី ចាប់ពី​វគ្គ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ​ទៅដល់​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រកួត​នៅ​ទីលាន​បាល់​ទាត់​ថ្មី​របស់​ខេត្តស្វាយរៀង។​

នេះ​ជា​វគ្គ​ដ៏​សំខាន់​ដែល​ក្រុម​ខ្លាំងៗ​ដែល​នៅក្នុង​ពូ​ល​ជាមួយគ្នា​នោះ អាច​នឹង​យំ​មិន​ចេញ ដោយ​សារ​តែ​ជ្រុះ​ធ្លាក់​ហាលអាវ​ចេញពី​ការប្រកួត​នោះ។ វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​មាន​១៦​ក្រុម ដែល​ជា​ក្រុម​ខ្លាំងៗ ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​តំបន់ និង​ក្រុម​ខ្លាំង​ទាំង​៨​ក្នុង​League​ឆ្នាំមុន។​

សម្រាប់​ពូ​ល​A មាន​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ខេត្ត​ក្រចេះ Albirex Niigata និង​ក្រុម​ខេត្ត​ត្បូងឃ្មុំ។ តាម​ការ​រំពឹង​ទុក​នោះ សម្រាប់​ក្រុម​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ នឹង​ឆ្លង​ផុត​វគ្គ​នេះ​ដោយ​ស្រួល។​

ពូ​ល B មាន​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ក្រុម​ត្រាយ​អាស៊ី គីរីវង់​សុខ​សែន​ជ័យ និង ក្រុម​ខេត្តកំពត។ ក្រុម​បៀលប្រាយ និង​ត្រាយ​អាស៊ី ទំនងជា​មិន​បារម្ភ​ឡើយ ​តែ​ក៏​មិនអាច​មើលស្រាល​គីរីវង់​សុខ​សែន​ជ័យ​បាន​ទេ។​

ពូ​ល C គឺជា​ពូ​ល​ដែល​ផ្តុំ​ទៅ​ដោយ​ក្រុម​ខ្លាំងៗ​ដែរ ព្រោះ​មាន​ក្រុម​ចំការកៅស៊ូ​បឹង​កេត ដែល​ជា​ក្រុម​ខ្លាំង ភ្នំពេញ​ក្រោ​ន​ជា​ក្រុម​ជើងឯក League ឆ្នាំ​ចាស់ ក្រសួងការពារជាតិ​ក៏​ធ្លាប់​ធ្វើជា​ម្ចាស់​ពាន Hun Sen-Cup និង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង ដែល​ជា​ក្រុម​ចំណូល​ថ្មី។​

ពូ​ល D ក៏​ជា​ពូ​ល​គ្រាន់បើ​ដែរ ដែល​មាន​ក្រុម Naga Corp ខេត្តស្វាយរៀង​ធ្លាប់​ធ្វើជា​ម្ចាស់​ពាន Hun Sen- Cup ២ រដូវ​កាល និង​ធ្លាប់​ជា​ម្ចាស់​ជើងឯក League ក្រុម​អាជ្ញាធរ​អប្សរា​ខេត្តសៀមរាប និង ក្រុម​ខេត្តព្រៃវែង។​

សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​ដំបូង​ថ្ងៃទី​២១​ ខែ​មករា​ នៅ​ទីលាន​មជ្ឈមណ្ឌល​បាទី​នោះ មាន​៤​ប្រកួត ដែល​ពូ​ល​A មាន​២​ប្រកួត​ជា​ការ​ជួប​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ជាមួយ​ខេត្ត​ត្បូងឃ្មុំ ហើយ​ក្រុម​ខេត្តក្រចេះ​ជាមួយ Albirex Niigata ។ ចំណែក​២​ប្រកួត​ក្នុង​ពូ​ល​B​វិញ​នោះ បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ជាមួយ​ខេត្តកំពត និង​មួយ​១​ប្រកួត​ទៀត​ក្រុម​ត្រាយ​អាស៊ី​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ។​

សូម​បញ្ជាក់​ថា ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៨​ ខែ​មករា។ តាម​ការ​គ្រោង​ទុក ការប្រកួត​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣១​ ខែ​មករា ​និង​ថ្ងៃទី​០១ ខែ​កុម្ភៈ ហើយ​ការ​ប្រកួត​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១១ ​ខែកុម្ភៈ និង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៤​ ខែកុម្ភៈ ​ឆ្នាំ​២០១៥៕​

វិ​សិទ្ធ​





Post a Comment

0 Comments

Close Menu