Ad Code

ផល សោ​ភ័​ណ្ឌ​ និង​ឡុង សុ​ភី ឡើង​សងសឹក​ថៃ​ឲ្យ​មិត្ត​រួម​ជាតិ


ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ​ផល សោ​ភ័​ណ្ឌ ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ និង​ឡុង សុ​ភី ក្លឹប​សាល​វ័​ន្ត​កីឡា នឹង​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដើម្បី​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ ដែល​បាន​ចាញ់​អ្នក​ប្រដាល់​ថៃ​នោះ សម្រាប់​ជំនួប​សងសឹក​នេះ នឹង​ធ្វើ​ឡើង​ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​កម្ពុជា​-​ថៃ នា​យប់​ថ្ងៃអាទិត្យ​ ទី​២៥ ខែ​មករា​ខាងមុខនេះ នៅ​លើ​សង្វៀន​ស្ទឹងមានជ័យ។​

ផល សោ​ភ័​ណ្ឌ គេ​នឹង​ត្រូវ​ជួប​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Hor.Kwanmeung ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូប​នេះ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​-ថៃ ប៊ុន​ហាន​ក្លឹប​ឫទ្ធី​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៧ ខែ​មករា​កន្លង​មក​នេះ។​

Hor.Kwanmeung ដែល​មាន​ប្រវត្តិ​ប្រកួត​៩១​ដង ឈ្នះ​៧១​ដង ចាញ់​១៥​ដង​ និង​ស្មើ​៥​ដងនោះ គេ​មិនធម្មតា​នោះ​ទេ ដោយ​អាច​យកឈ្នះ​និង​វាយ​ ថៃ​ ប៊ុន​ហាន ​ឡើង​ចង់​ទក់​សាច់​ ដោយ​ពុំ​ដឹង​ថា ផល សោ​ភ័​ណ្ឌ​អាច​បំបាក់​អ្នក​ប្រដាល់​ថៃ​Hor.Kwanmeung នេះ សងសឹក​ឲ្យ ​ប៊ុន​ ហាន​ បាន​ឬ​អត់​នោះ​ទេ​។ តែ​យ៉ាងណា សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​កម្ពុជា ដែល​ធ្លាប់​ផ្ដួល​យកឈ្នះ​ថៃ​៥​នាក់​មក​ហើយ ​នេះ​ជា​លើក​ទី​៦ របស់​សោ​ភ័​ណ្ឌ​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ។

កាលពី​ពាក់កណ្ដាល​ខែធ្នូ​កន្លង​មក​នេះ សោ​ភ័​ណ្ឌ បាន​បំបាក់​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Ruerob Windy មិន​ឲ្យ​តដៃ​កើត​ក្នុង​ទឹក​ទី​២​បាន​ទេ។ ទោះ​ជា​យ៉ាង​ណា ប៉ះ​ជាមួយ ​សោ​ភ័​ណ្ឌ​ ដែល​មាន​កណ្ដាប់​ដៃ​ខ្លាំង រហ័ស និង​លឿន​នោះ Hor.Kwanmeung​មិនជា​ស្រួល​ទំពារ​ប៉ុន្មាន​ឡើយ ដោយ​ផល សោ​ភ័​ណ្ឌ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៦​ដង ឈ្នះ​៦០​ដង និង​ចាញ់​១៦​ដង មិនដែល​ស្មើ ហើយ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​លើ​រេញ​ចំនួន​២២​លើក។

ចាំ​មើល តើ​ផល សោ​ភ័​ណ្ឌ អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​Hor.Kwanmeung សងសឹក​ឲ្យ​ថៃ ប៊ុន​ហាន បាន​សម្រេច​ឬ​អត់ នៅក្នុង​ការ​ជួប​គ្នា​នា​ថ្ងៃអាទិត្យ​នេះ ?

ឡុង សុ​ភី គេ​ក៏​នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Rarueng Lukchapachai​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ដើម្បី​សងសឹក​ឲ្យ​ឯម ខ្លឹម​ខ្មៅ ក្លឹប​ឫទ្ធី​ពោធិ​សែន​ជ័យ ដែល​បាន​វាយ​ចាញ់​Rarueng Lukchapachai ក្នុង​ទឹក​ទី​៣​កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ​កន្លង​មក​នេះ។​

Rarueng Lukchapachai​នេះ គេ​ខ្ពស់​មាន​កម្ពស់​១,៨៣​ម៉ែត្រ​ឯណោះ ហើយ​ថែមទាំង​មាន​ថ្វី​ជើង ជង្គង់ កែង​និង​កណ្ដាប់ដៃ​ល្អ​ទៀត​ផង។ អ្នក​ប្រដាល់​ថៃ​រូប​នេះ​មក​ពីរ​លើក​ហើយ ដែល​លើក​ទី​១​-គេ​វាយ​ឈ្នះ​ ឯម ខ្លឹម​ខ្មៅ​ក្នុង​ទឹក​ទី​៣ និង​លើក​ទី​២-បាន​មក​ជួប​ជាមួយ​ពេជ្រ សីហា ជើង​ខ្លាំង​ក្លឹប​ក្រសួង​ការពារជាតិ តែ​សីហា​មិនអាច​សងសឹក​ឲ្យ​ខ្លឹម​ខ្មៅ​បាន​នោះ​ទេ គឺ​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​Rarueng Lukchapachai​ប៉ុណ្ណោះ។ លើក​នេះ​ប៉ះ​ជាមួយ ​ឡុង សុ​ភី ប្រហែលជា​ល្អមើល​ហើយ បើ​ទោះ​ជា​សុ​ភី​មាន​កម្ពស់​មិន​ស្មើ​Rarueng Lukchapachai​ក៏ដោយ ក៏​វា​ប្រហាក់ប្រហែល​មិន​ដាច់​ឆ្ងាយ​ដូច​ខ្លឹម​ខ្មៅ​ និង​សីហា​ដែរ។ សុ​ភី​ អាច​ទប់​ជង្គង់​និង​កែង​របស់​Rarueng បាន។ ម្យ៉ាងទៀត ឡុង សុ​ភី គេ​ធ្លាប់​ភ្លក្ស​គ្រប់​កណ្ដាប់ដៃ​ទៅ​ហើយ​ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ។ តែ​ការប្រកួត​ចុងក្រោយ​របស់​សុ​ភី​នោះ គឺ​វាយ​ចាញ់​អ្នក​ប្រដាល់​បារាំង​Fabrice Nicolas ដោយ​ពិន្ទុ។​

ទោះជា​យ៉ាងណា ការ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Rarueng Lukchapachai នេះ សុ​ភី​ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ​ធ្លាប់​ឡើង​ប្រកួត​ចំនួន​៧៩​ដង ឈ្នះ​៦២​ដង ចាញ់​១៧​ដង មិនដែល​ស្មើ ហើយ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​៦​ដង។ តែបើ​ប្រៀបធៀប​ជាមួយ​ ឡុង សុ​ភី គឺ​តិច​ជាង​ច្រើន​គួរសម​ដែរ ដោយ​សុ​ភី គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​មិន​ក្រោម​១០០​ដងនោះ​ឡើយ។ គេ​ក៏​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​លើ​រេញ​ច្រើន​រាប់មិនអស់​ដែរ។​

ទោះជា​យ៉ាងនេះ​ក្តី គេ​មិនទាន់​ប្រាកដ​ថា ឡុង សុ​ភី អាច​យកឈ្នះ​Rarueng Lukchapachai ១០០​ភាគរយ​នោះ​ទេ។ ចាំ​មើល ឡុង សុ​ភី​អាច​សងសឹក​ឲ្យ​ឯម ខ្លឹម​ខ្មៅ បាន​ដែរ​ឬ​អត់៕​

វិ​សិទ្ធ




Post a Comment

0 Comments

Close Menu