Ad Code

មន្ត្រី​អគ្គិសនី​កម្ពុជា​ផ្សព្វផ្សាយ​ពី​ការ​ចុះ​ត​បណ្ដាញ​អគ្គិសនី​ និង​ដាក់​កុងទ័រ​ដល់​ផ្ទះ​ជួល​របស់​កម្មករ​-កម្មការិនី​


ភ្នំពេញ ៖ មន្ត្រី​អគ្គិសនី​កម្ពុជា​ បាន​ចុះ​មក​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌដូនពេញ​បើក​ការប្រជុំ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ចុះ​ត​បណ្ដាញ​អគ្គិសនី ​និង​ដាក់​កុងទ័រ​ដល់​ផ្ទះ​កម្មករ​-កម្មការិនី​ដែល​កំពុង​ស្នាក់​នៅ​ផ្ទះ​ជួល​នៅក្នុង​មូលដ្ឋាន​សង្កាត់​ស្រះចក​ ដែល​មាន​ការចូលរួម​ពី​លោក ​សុខ ពេញ​វុ​ធ អភិបាល​រង​ខណ្ឌដូនពេញ​ជួសមុខ​ឲ្យ​លោក គួច ចំរើន អភិបាលខណ្ឌ​ដែល​មាន​ធុរៈ​រួម​ជា​មួយ​ម្ចាស់​ផ្ទះ​ជួល​មេភូមិ មេក្រុម និង​ចៅសង្កាត់​ កាលពី​រសៀល​ថ្ងៃទី​១៩​ ខែមករា ​ឆ្នាំ​២០១៥​ នៅ​សាលា​ខណ្ឌ​ដូន​ពេញ។ ជា​មួយ​គ្នា​នោះ​ដែរ ​មន្ត្រី​អគ្គិសនី​កម្ពុជា​បាន​ជម្រាប​ជូន​ដល់​ម្ចាស់​ផ្ទះ​ជួល​ទាំងអស់​ដែល​មក​ចូលរួម​ថា​ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បញ្ចុះ​តម្លៃ​អគ្គិសនី​ដល់​កម្មករ​នៅ​តាម​បន្ទប់​ជួល​នៅ​ត្រឹម​តម្លៃ​៦១០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ បើ​ពួកគេ​ប្រើ​ក្រោម​៥០​គីឡូវ៉ាត់ ក្នុង​មួយ​ខែ​នោះ ​ដូច្នេះ​យើង​ជា​ម្ចាស់​ផ្ទះ​ជួល​ទាំងអស់​ ត្រូវ​តែ​រៀបចំ​បង់​លេខ​បន្ទប់​ឲ្យ​បាន​ត្រឹមត្រូវ​និង​ជម្រាប​ដល់​កម្មករ-​កម្ម​ការិនី​ទាំងអស់​ឲ្យ​ដាក់​កុងទ័រ​នៅ​តាម​បន្ទប់​របស់​ខ្លួន ​ព្រោះ​ការ​ដាក់​កុងទ័រ​ថ្មី​ដែល​គ្រប់គ្រង​ដោយ​អគ្គិសនី​កម្ពុជា​នេះ​ គឺ​ត្រូវ​កក់​មុន​ត្រឹម​តម្លៃ​៣០.៧៥០​រៀល​ប៉ុណ្ណោះ​ ដោយ​ផ្នែក​ជំនាញ​អគ្គិសនី​ជា​អ្នកចាត់ចែង​ដូចជា​អូស​ខ្សែភ្លើង​ជាដើម។​

ក្នុង​ឱកាស​នោះ​ដែរ ​លោក​បាន​ជម្រាប​ដល់​ម្ចាស់​ផ្ទះ​ជួល​ទាំងអស់​ ត្រូវ​សហការ​ជាមួយ​មន្ត្រី​អគ្គិសនី​ក្នុង​ពេល​ចុះ​ធ្វើ​ការងារ ជាពិសេស​ទៀត​មេ​ភូម ​និង​មេក្រុម​ក៏​ត្រូវ​សហការ​ជាមួយ​ផ្នែក​ជំនាញ​អគ្គិសនី​ដែរ ​ព្រោះ​ការ​ធ្វើ​ដូច្នេះ​កុំ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការងារ​របស់​ជំនាញ។​

លោក​បាន​បន្ត​ទៀត​ថា​ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ ចាប់​ផ្ដើម​ត្រួត​ពិនិត្យមើល​ការ​បញ្ចុះ​តម្លៃ​ទឹក​និង​តំលៃ​អគ្គិសនី​បន្ថែម​ទៀត​សម្រាប់​លក់​ជូន​កម្មករ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ពួកគេ​កាន់តែ​ប្រសើរ​ជាង​មុន។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ខណៈ​សម្ដេច​ចុះ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សកលវិទ្យាល័យ​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥​កន្លង​មក​នេះ៕

រស្មី​

Post a Comment

0 Comments

Close Menu