Ad Code

លោក ឈិ​ត សុខុន បាន​អញ្ជើញ​ពិនិត្យមើល​ការដ្ឋាន​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​វិថី​៧​មករា​


ព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥ លោក ឈិ​ត សុខុន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ លោកជំទាវ​អភិបាលរង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត បាន​ចូលរួម​ពិនិត្យ​មើល​ការដ្ឋាន​ចាក់​អ៊ុត​កៅស៊ូ ពង្រីក​ផ្លូវ​វិថី​៧​មករា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ។​

លោក ឈិ​ត សុខុន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ផ្លូវ​វិថី​៧​មករា ត្រូវធ្វើ​ការពង្រីក ចាក់​អ៊ុត​កៅស៊ូ​ដែល​មាន​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ​១.០០០​ម៉ែត្រ ហើយ​មាន​ផ្ទៃក្រឡា​ស្មើនឹង​១៥.០០០​ម៉ែត្រ​ការ៉េ ដែល​ត​ភ្ជាប់​ពី​កែង​ស្តុប​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេ​លា (​មន្ទីរពេទ្យ​ចំការ​ចេក​) រហូតដល់​ផ្លូវ​កែង​នឹង​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូ​តា​ល់ ដែល​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង​៣​ពាន់​លាន​រៀល ដែល​ជា​ថវិកា​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ។​

លោក​បាន​បន្ត​ថា ផ្លូវ​វិថី​៧​មករា​នេះ​ស្ថាបនា​តាម​លក្ខណ​បច្ចេកទេស​ត្រឹមត្រូវ ធានា​ការ​ប្រើ​ប្រាស់​បាន​យូរអង្វែង​រហូតដល់​១០​ឆ្នាំ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​តាម​បណ្តោយ​ផ្លូវ​នេះ ចូល​រួម​ថែរក្សា និង​រក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ល្អ ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ​មិន​មែន​ជា​របស់​ប្រជាពល​រដ្ឋ​ណា​ម្នាក់​នោះ​ទេ គឺជា​ផ្លូវ​របស់​យើង​ទាំង​អស់​គ្នា ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ចូលរួម​លើក​សោភ័ណភាព​ក្នុង​ក្រុងព្រះសីហនុ​ប្រកបដោយ​ភាព​ស្រស់​ស្អាត ​ជាទី​ក្រុង​ទេសចរ​បៃតង ជា​តារា​រះ​នា​ទិសនិរតី ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​កាន់​តែ​ច្រើន​ឡើងជា​រៀង​រាល់​ឆ្នាំ ព្រមទាំង​ចូល​រួម​ចំណែក​លើក​កំពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុងព្រះសីហនុ​បាន​កើនឡើង​មួយ​កម្រិត​ថែមទៀត​ផង​ដែរ។ ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ​អាច​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។​

គួរ​បញ្ជាក់​ដែរ​ថា ផ្លូវ​វិថី​៧​មករា ត្រូវ​បាន​មន្ទីរ​សាធារណៈ​ការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៤​កន្លងមក និង​កំពុងធ្វើការ​ពង្រីក​ចាក់​អ៊ុត​កៅស៊ូ ​រួច​រាល់​នៅ​ចុងខែ​មករា​ខាងមុខនេះ៕

ស៊ុយ ចាន់​ធា


Post a Comment

0 Comments

Close Menu