Ad Code

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​១​ក្រុម​ បាន​ធ្វើការ​បរិច្ចាគ​ឈាម​​


បន្ទាយមានជ័យ​ ៖ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​១​ក្រុម​បាន​បរិច្ចាគ​ឈាម​ជួយសង្គ្រោះ​ជីវិត​បុរស​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ព្រះនេត្រព្រះ​ កាលពី​ថ្ងៃទី​២០​ខែមករា ​ឆ្នាំ​២០១៤ ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ជប៉ុន​ស្រុក​មង្គលបូរី។ ការ​បរិច្ចាគ​ឈាម​ពី​សំណាក់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​គ្រា​ដែល​មន្ទីរពេទ្យ​ខ្វះ​ឈាម​ត្រូវការ​ឈាម​ចាំ​បាច់​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​ម្នាក់​មានឈ្មោះ​ សឹម សុ​ផុន អាយុ​៤៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បុរស​រងគ្រោះ​ទទួលរង​របួស​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ព្រះនេត្រព្រះ​កាលពី​កន្លងទៅ​ថ្មីៗ​នេះ មាន​សភាព​ធ្ងន់ធ្ងរ​បែកក្បាល​បាក់ឆ្អឹង​ជើង ​ឆ្អឹង​ដៃ ​និង​បាក់ឆ្អឹង​ដងកាំបិត​ផង​ដែរ។ ការ​បរិច្ចាគ​ឈាម​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ​ខែមករា ឆ្នាំ​២០១៥ ក្នុង​នោះ​បាន​បរិច្ចាគ​ឈាម​ចំនួន​៤​សាក់ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​យក​ឈាម​នោះ​ទៅ​ជួយសង្គ្រោះ​ជីវិត​ដល់​ជន​រងគ្រោះ​ភ្លាមៗ​តែម្តង។ ជុំវិញ​នៃ​ការ​ខ្វះ​ឈាម​សម្រាប់​ជួយសង្គ្រោះ​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ជប៉ុន ស្រុក​មង្គល​បូរី​ លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅក្នុង​មន្ទីរពេទ្យ​របស់​លោក​សព្វ​ថ្ងៃ​ឈាម​សម្រាប់​ជួយសង្គ្រោះ​អ្នក​ជំងឺ​ទូទៅ​មានការ​ខ្វះខាត។ ជួនកាល​នៅពេល​ចាំបាច់​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​បន្ទាន់​ បើកាលណា​ខ្វះ​ឈាម​គឺ​មាន​បងប្អូន​អ្នកជំងឺ​ជួយ​បរិច្ចាគ​ឈាម​ដើម្បី សង្គ្រោះ។ លោក​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ឈាម​ស្តុក​សម្រាប់​ព្យាបាល​អ្នក​ជម្ងឺ​ក្នុង​មន្ទីរពេទ្យ​នៅពេល​អ្នក​ជំងឺ​សម្រុក​មក​ច្រើន គឺ​ខែ​ខ្លះ​ខ្វះ​ឈាម​ ចំណែក​ខែ​ខ្លះទៀត​នៅសល់​ឈាម​ពី​១០​កំប្លោក​ទៅ​២៥​កំប្លោក។ មន្ទីរពេទ្យ​ទទួល​បាន​ឈាម​សម្រាប់​ព្យាបាល​អ្នកជំងឺ​ដេក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន​ស្រុក​មង្គល​បូរី​កន្លងមក​បាន​មកពី​សាច់​ញាតិ​អ្នកជំងឺ ,សប្បុរសជន​,​និង មន្ទីរពេទ្យ​ខ្លួនឯង​ផង​ដែរ។ លោក​ក៏​សូម​អំពាវនាវ​ឱ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួម​នឹង ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នាំគ្នា​មក​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប្រជាពល​រដ្ឋ​ដែល​ចាំបាច់​ឈាម​យក​មក​ជួយសង្គ្រោះ​ជីវិត​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ៕

គង្គា​

Post a Comment

0 Comments

Close Menu