Ad Code

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ៖ ជា​ជំហានៗ​ផ្លូវ​ជនបទ​នឹង​ធ្វើ​ឲ្យ​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​


ភ្នំពេញ ៖ សម្រាប់​ឆ្នាំ​២០១៤​មកនេះ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​កសាង​ផ្លូវ​ជនបទ​ជូន​ប្រជាពលរដ្ឋ​បាន​សរុប​ប្រវែង​៥០០​គីឡូម៉ែត្រ ហើយ​ជា​ជំហានៗ​ផ្លូវ​នេះ​នឹង​ធ្វើ​ឲ្យ​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ ក្រោយ​ពី​បាន​ធ្វើ​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​រួច​មក។

លោក ​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​បន្ទាប់ពី​ជំនួប​ស្រាយ​បំភ្លឺ​ជុំវិញ​ការងារ​អភិវឌ្ឍន៍ជនបទ​ជូន​គណៈកម្មការ​ទី​៣​រដ្ឋសភា ដែល​ដឹកនាំ​ដោយ ​លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មការ​ទី​៣ នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៥​នេះ​នៅ​វិមាន​រដ្ឋសភា។​

លោក​បន្ត​ថា ជាមួយនឹង​ការ​កសាង​ផ្លូវលំ​ជនបទ​ឆ្នាំ​២០១៤​នេះ​ដែរ ក្រសួង​បាន​ជំរុញ​ការ​អភិវឌ្ឍន៍​ទឹក​ស្អាត​គ្របដណ្ដប់​មូលដ្ឋាន​ប្រជាពលរដ្ឋ​ជនបទ​បាន​ជាង​៥០% កសាង​បង្គន់​អនាម័យ​បាន​៤៩% ហើយ​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ឆ្នាំ​២០១៥ ក្រសួង​ប្រឹងប្រែង​ពង្រីក​បង្គន់​អនាម័យ​ឲ្យ​បាន​គ្របដណ្ដប់​ក្នុង​តំបន់​គោលដៅ​ប្រមាណ​៣០%ទៀត និង​បន្ត​កសាង​ផ្លូវ​ជនបទ​ពី​ឆ្នាំ​២០១៥ រហូត​ដល់​ឆ្នាំ​២០១៨​ឲ្យ​បាន​ប្រវែង​១.២០០​គីឡូម៉ែត្រ។ ជាមួយនឹង​ការ​កសាង​ផ្លូវ​ជនបទ បង្គន់​អនាម័យ អណ្ដូង​ទឹក​ស្អាត ក្រសួង​បាន​យកចិត្តទុកដាក់​កសាង​សាលារៀន​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ជួយ​លើកកម្ពស់​និង​អភិរក្ស​ព្រៃ​សហគមន៍​ជនជាតិភាគតិច និង​ខិតខំ​កៀងគរ​ហិរញ្ញប្ប​ទាន​សម្រាប់​ផ្តល់​ជា​ប្រាក់កម្ចី​ខ្នាត​តូច​ ការប្រាក់​ទាប​ជូន​ប្រជាពលរដ្ឋ ពង្រីក​មុខរបរ​ខ្នាត​តូច បង្កើន​សេដ្ឋកិច្ច​គ្រួសារ និង​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ផង​ដេរ។ ជា​គោលដៅ​ក្រសួង​នឹង​ធ្វើ​ម៉េច​គាំទ្រ​សហការ​ជាមួយ​យន្តការ​រឹងមាំ​តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់ក្រោម​ជាតិ ជាមួយនឹង​លំហូរ​ថវិកា​ពី​រាជ​រដ្ឋាភិបាល​ដើម្បី​ក្លាយជា​ដៃគូ​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ការទទួលខុសត្រូវ​និង​មាន​តម្លាភាព។​

លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​បាន​ទទួល​ស្គាល់​ថា ក្នុង​ជំនួប​រវាង​ក្រសួង​នានា​ជាមួយ​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា បើ​ប្រៀបធៀប​គ្នា​ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​មាន​បញ្ហា​ប្រឈម​ច្រើន​ជាង​គេ។ លោក​ក៏បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ធ្វើ​យ៉ាង​ណា​ជួយ​លើក​តម្កើង​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ភាគ​ច្រើន​នៅ​ជនបទ​ឲ្យ​បាន​ល្អ​ប្រសើរ​ថែមទៀត៕

សុង​យោ

Post a Comment

0 Comments

Close Menu