កំពង់ឆ្នាំង ៖ បុរសឥស្លាមម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលគេជិះម៉ូតូលឿនពេកជ្រុលទៅបុកនឹងគោយន្តដឹកគ្រែលក់ដាក់លៀនចេញក្រៅនៅកន្លែងកើតហេតុ។ ករណីនេះនេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នៅចំណុចក្នុងភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ចំណែកម្ចាស់គោយន្តបានបើកគោយន្តគេចខ្លួនបាត់។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបាននិយាយថា ជនរងគ្រោះមានឈ្មោះ ជុះ ទាំ អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអណ្ដូងតាមូង ឃុំឈូកស ស្រុកកំពង់ត្រឡាច។ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកយ៉ាម៉ាហាស៊ីរូស គ្មានស្លាកលេខ ជិះតែម្នាក់ឯងតាមផ្លូវលំ ក្នុងដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែទៅបុកនឹងគ្រែដាក់លៀនចេញក្រៅលើគោយន្តមួយគ្រឿងដែលគេដឹកលក់តាមភូមិ ក្នុងទិសដៅច្រាស់គ្នា បណ្ដាលឲ្យជនរងគ្រោះបោកក្បាលផ្ទប់នឹងគ្រែលើគោយន្តផុងលលាដ៍ក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ចំណែកម៉ូតូបានខ្ទេចមួយកំណាត់មុខទាំងស្រុង។
លោកអធិការបានបញ្ជាក់ថា ដោយសារកន្លែងកើតហេតុជាកន្លែងស្ងាត់ ម្ចាស់គោយន្តឃើញ សភាពបែបនេះ ក៏បើកគោយន្តគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចបានដឹង និង ទៅដល់កន្លែងកើតហេតុ។ ករណីនេះកម្លាំងនគរបាលមូលដ្ឋានបានសហការគ្នាជាមួយនគរបាលស្រុកតាមរុករកគោយន្តបង្កហេតុពេញមូលដ្ឋានតែរកមិនឃើញឡើយ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិឥស្លាមនៅលំនៅដ្ឋានក្រោមការយំស្រែក និងសោកស្ដាយយ៉ាងខ្លាំងពីក្រុមគ្រួសារ៕ ឈៀង ថារិទ្ធ
0 Comments