Ad Code

បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដីពី​” ​ការ​កសាង​សមត្ថភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​អត្ថប្រយោជន៍​នានា​ដែល​ទទួល​បាន​ក្នុង​វិស័យ​ព្រៃឈើ​”

ភ្នំពេញ ​៖ ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្តីពី​" ការ​កសាង​សមត្ថភាព​ក្នុង​ការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ និង​អត្ថប្រយោជន៍​នានា​ដែល​ទទួល​បាន​ក្នុង​វិស័យ​ព្រៃឈើ​" ត្រូវ​បាន​រៀបចំឡើង​ដោយ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​និង​សាកលវិទ្យាល័យ​ហ៊ី​យោ​ហ្គោ កាលពី​ថ្ងៃ​ទី​៨​ ខែ​មករា​ ឆ្នាំ​២០១៥​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ ​ក្រោម​ការឧបត្ថម្ភ​ដោយ​លេខាធិការដ្ឋាន​អាស៊ាន និង​មូលនិធិ​សមាហរណកម្ម​ជប៉ុន​- អាស៊ាន។

លោកស្រី​បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​មានប្រសាសន៍​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា សិក្ខាសាលា​សាលា​បណ្ដុះបណ្ដាល​ស្តីពី​" ការ​កសាង​សមត្ថភាព​ក្នុង​ការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ និង​អត្ថប្រយោជន៍​នានា​ដែល​ទទួល​បាន​ក្នុង​វិស័យ​ព្រៃឈើ​" ដែល​បាន​រៀបចំឡើង​នេះ​មាន​រយៈពេល​៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៥ ក្នុង​រយៈពេល​នេះ​គឺ​សិក្ខាកាម​ទាំងអស់​ក៏ត្រូវ​ចុះទៅ​ទស្សនកិច្ច​នៅ​ខេត្ត​គោលដៅ​ក្នុង​ខេត្តព្រះវិហារ ហើយ​វត្ថុបំណង​សំខាន់​នៃ​គម្រោង​នេះ​គឺ​ផ្តល់នូវ​សមត្ថភាព​យល់ដឹង​អំពី​ការកាត់បន្ថយ​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ តួនាទី​របស់​ព្រៃឈើ​ និង​វិធីសាស្ត្រ​កាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ។ជាមួយ​គ្នា​នេះ ​សិក្ខាកាម​នឹង​បាន​ស្វែង​យល់​ថា តើ​អាស៊ាន​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​យ៉ាង​ដូច​ម្តេច​ខ្លះ​ពី​គម្រោងការ​​កាត់បន្ថយ​ការ​បំភាយ​ ឧស្ម័ន​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ និង​ការ​ថយ​ចុះ​នៃ​ព្រៃឈើ​នៃ​អនុសញ្ញា​ក្របខណ្ឌ ​សហប្រជាជាតិ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ។ ឯ​ការ​​ចុះ​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​គោលដៅ​ក្នុង​ខេត្ត​ព្រះវិហារ​នោះ​គឺ​ដើម្បី​ផ្ដល់​ដល់​សិក្ខាកាម​នូវ​សមត្ថភាព​ក្នុង​ការ​ពិភាក្សា​អំពី​ស្ថានភាព​ពិតប្រាកដ នៃ​បញ្ហា​សង្គម សេដ្ឋកិច្ច ហើយ​រក​វិធីសាស្ត្រ​ស្រោចស្រង់​សហគមន៍​ទាំង​នោះ​ដែល​រស់នៅ​អាស្រ័យ​ដោយ​ព្រៃឈើ។
លោក​ស្រី​បណ្ឌិត្យ​សភាចារ្យ​បាន​បន្ត​សិក្ខាសាលា​នេះ​ មាន​ធនធាន​គ្រូ​ឧទ្ទេស​សម្រាប់​បណ្ដុះបណ្ដាល ​ដែល​អញ្ជើញ​មកពី​ប្រទេស​ជប៉ុន​ចំនួន​៦​នាក់​ពី​ប្រទេស​អាស៊ាន​ចំនួន​៣​នាក់ កម្ពុជា​៦​នាក់​ និង​វាគ្មិន​ជាន់ខ្ពស់​ដែល​អញ្ជើញ​មកពី​ក្រសួង​ស្ថាប័ន​ជំនាញ​ចំនួន​៧​រូប។ សិក្ខាកាម​គោលដៅ​របស់​យើង គឺជា​មន្ត្រី​រដ្ឋាភិបាល ​និង​អ្នកស្រាវជ្រាវ​ពី​បណ្ដា​ប្រទេស​អាស៊ាន​សរុប​ចំនួន​៥៨​រូប​ ក្នុង​នោះ​កម្ពុជា​ចំនួន​៤០​នាក់។ ចំពោះ​ប្រធានបទ​សិក្សា​រួមមាន​១.​ ប្រធានបទ​គោល​ដែល​ពាក់ព័ន្ធ​នឹង​គោលបំណង​សិក្ខាសាលា​អន្តរជាតិ ​២.តួនាទី​របស់​ព្រៃ​ត្រូពិក​សម្រាប់​កាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ ៣.​បម្រែបម្រួល​អាកាសធាតុ​សម្រប​ទៅតាម​ស្ថានការណ៍ ៤.​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​តំបន់​ព្រៃឈើ​គោលដៅ តំបន់​អេកូ​ទេសចរណ៍​ និង​ប្រាសាទ​ព្រះវិហារ​ក្នុង​ខេត្ត​ព្រះវិហារ​ ៥. ការអនុវត្ត​លើ​ការគ្រប់គ្រង​ព្រៃឈើ ៦​.គម្រោង​ផែនការ​REDD+ និង​ការ​កាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ ៧. ការ​សម្រេច​បាន​នូវ​ការកាត់បន្ថយ​ការ​សាយភាយ​ឧស្ម័ន​កាបូន​ ៨​.អភិបាលកិច្ច​ និង​ការ​ចេញ​លិខិត​ព្រៃឈើ និង​៩.បទពិសោធន៍​ស្តីពី​ហិរញ្ញវត្ថុ​កាបូន។ ការរៀបចំ​សិក្ខាសាលា​នាពេលនេះ​គឺជា​ការរួមចំណែក​ចំ​ពេល​វេលា​មួយ​ជាមួយ​ក្រសួង ស្ថាប័ន​ជំនាញ ជាពិសេស​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ការ​ចូលរួម​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​លើក​កម្ពស់​ភាព​ជា​ដៃគូ និង​ចូលរួម​ពហុ​ស្ថាប័ន​សំដៅ​ពង្រឹង​យុទ្ធសាស្ត្រ​កាត់បន្ថយ​ និង​បន្សាំ​ខ្លួន​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់​អាស៊ាន​ និង​សកលលោក។
ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​បណ្ឌិត​សភាចា​រ្យ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បាន​កំពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​សកម្មភាព​កាត់បន្ថយ​ និង​បន្សាំ​ខ្លួន​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​ស្តែង​ចេញ​តាមរយៈ​គម្រោងការ​ច្បាប់​ និង​គោលនយោបាយ​ជាតិ​នានា ដូចជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ បៃតង​២០១៣-២០៣០ ផែនការ​យុទ្ធសាស្ត្រ​បម្រែបម្រួល​អាកាសធាតុ​កម្ពុជា ២០១៤-២០២៤ ផែនការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជាតិ​២០១៤-២០១៨​និង​កម្មវិធី​ព្រៃឈើ​ជាតិ​២០១៩-២០២៩​ជាដើម៕

Post a Comment

0 Comments

Close Menu