Ad Code

នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន បើករថយន្ត​បត់​ឆ្វេង​មិន​បើក​ភ្លើងស៊ីញ៉ូ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​របួស​ធ្ងន់​ស្រាល​ពីរ​នាក់​

ប៉ៃលិន ៖ យុវជន​ម្នាក់​រង​របួស​ធ្ងន់​សន្លប់​បាត់ស្មារតី និង​ម្នាក់ទៀត​រង​របួស​ជើង​ឆ្វេង​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន ដោយ​បើករថយន្ត​បត់​ឆ្វេង​មិន​បើក​ភ្លើងស៊ីញ៉ូ បណ្ដាល​ឱ្យ​បុក​ជាមួយ​ម៉ូតូ​យុវជន​រងគ្រោះ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

ជនរងគ្រោះ ទី​១. ឈ្មោះ ស៊ីន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រង​របួស​ធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​ជា​អ្នក​បើកបរ​ម៉ូតូ​ម៉ាក​វីវ៉ា ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AH-2421 រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ និង​ទី​២.​ជា​អ្នក​រួម​ដំណើរ ឈ្មោះ សឿង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រង​របួស​ស្រាល​ទាំងពីរ​នាក់​រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ ចំណែក​ជន​បង្ក​ហេតុ ឈ្មោះ ហែម សុផាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បើកបរ​រថយន្ត​ម៉ាក​តូយ៉ូតា​តា​កូ​ម៉ា ពណ៌​ស្លែ ពាក់​ស្លាក​លេខ ក្រុងប៉ៃលិន​2A-0462 បើកបរ​ទិសដៅ​ពី​លិចទៅ​កើត។​
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន បាន​បើកបរ​រថយន្ត​ម៉ាក​តូយ៉ូតា​តា​កូ​ម៉ា​ក្នុង​ល្បឿន​លឿន ដោយ​ទិសដៅ​ពី​លិចទៅ​កើត លុះដល់​ត្រង់​ចំណុច​ផ្លូវបំបែក រថយន្ត​ក៏​បត់​ឆ្វេង​មិន​បើកភ្លើង​ស៊ីញ៉ូ បណ្ដាល​ឱ្យ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ដែល​បើកបរ​ក្នុង​ទិសដៅ​ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន​ដែរ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឱ្យ​ដួល​បោក​ផ្ទប់​ទៅលើ​ផ្លូវ​ថ្នល់ជាតិ​រង​របួស​ធ្ងន់​សន្លប់​ម្នាក់ និង​របួសស្រាល​ម្នាក់។
ប្រភព​បន្ត​ទៀត​ថា ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ម្នាក់ ត្រូវ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​តែម្តង។ ចំណែក​សមត្ថកិច្ច​ចរាចរ​ជើង​គោក​ខេត្ត​ប៉ៃលិន បាន​ឱ្យ​ដឹង​ថា ក្រោយពេល​ធ្វើការ​វាស់វែង​រក​ឃើញ​ថា រថយន្ត​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន ជា​អ្នក​បង្កហេតុ​ដោយ​បើកបរ​បត់​ឆ្វេង​អត់​មាន​បើក​ភ្លើងស៊ីញ៉ូ ហើយ​ក្រោយមក​ទាំង​រថយន្ត និង​ម៉ូតូ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល អូស​យក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ភាគី​ទាំង​សង​ខាង​ចូល​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕​
សេង សុវណ្ណារិទ្ធ​

Post a Comment

0 Comments

Close Menu