ភ្នំពេញ ៖ សម្តេចក្រុមព្រះ មានព្រះរាជបន្ទូលបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមករា ខាងមុខនេះ គណបក្សហ៊្វុនស៊ិនប៉ិច នឹងរៀបចំសមាជ ដើម្បីជ្រើសតាំងព្រះអង្គជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចជាផ្លូវការ ហើយព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី នឹងមានព្រះរាជតួនាទីជាអនុប្រធានទី១ ខណៈលោក ញឹក ប៊ុនឆៃ ជាអនុប្រធានទី២ នៃគណបក្សហ៊្វុនស៊ិនប៉ិច។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០ ១៥នេះនៅព្រះរាជដំណាក់របស់ព្រះអង្គស្ថិតក្នុងបុរីទន្លេបាសាក់ទល់មុខក្រសួងមហាផ្ទៃ សម្តេចក្រុមព្រះ បានមានព្រះរាជបន្ទូលថា ការយាងត្រឡប់ទៅកាន់គណបក្សហ៊្វុនស៊ិនប៉ិច គឺជាការបង្រួបបង្រួម គណបក្សរាជានិយម ហើយមានតែការបង្រួបបង្រួមគ្នាតែប៉ុណ្ណោះ ទើបធ្វើឲ្យរាជានិយម ក៏ដូចជាជាតិខ្មែរ ហើយក្រោមការដឹកនាំរបស់ព្រះអង្គគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច នឹងទទួលបានការគាំទ្រ និងទទួលបានអាសនៈច្រើន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិថ្មីនាឆ្នាំ២០១៨។
សម្តេចក្រុមព្រះ អតីតនាយករដ្ឋមន្ត្រីទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១ បានបង្ហាញសារនយោបាយថា ប្រសិនបើគណបក្សហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោតសម្រាប់អាណត្តិថ្មីនេះ ព្រះអង្គនឹងដឹកនាំប្រទេសប្រកបដោយនីតិរដ្ឋ ដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី និងមិនប្រើអំពើហិង្សានាំឲ្យមានការបង្ហូឈាមនោះឡើយ។ ជាមួយនោះព្រះអង្គនឹងបង្កើតក្រសួងអន្តោប្រវេសន៍ ដូចដែលគណបក្សរបស់ព្រះអង្គធ្លាប់បង្កើតក្រសួងបរិស្ថាន ពេលឈ្នះឆ្នោតនៅអាណត្តិទី១។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានព្រះរាជបន្ទូលបញ្ជាក់ថា តាមរយៈក្រសួងអន្តោប្រវេសន៍នេះ គឺអាចផ្តល់លទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា ក៏ដូចជាការទប់ស្កាត់លំហូរជនបរទេសខុសច្បាប់មកកម្ពុជាផងដែរ។ សម្តេចក្រុមព្រះក៏បានបញ្ជាក់ផងដែរ សម្តេចក៏នឹងកាត់ផ្តាច់មន្ត្រីតុលាការ និងចៅក្រមចេញពីគណបក្សនយោបាយផងដែរ ដើម្បីឲ្យតុលាការបានបំពេញការងារដោយឯករាជ្យ គោរពតាមវិជ្ជាជីវៈស្វែងរកយុត្តិធម៌ជូនជូនរងគ្រោះ។សម្តេចក្រុមព្រះ ក៏បានមានព្រះរាជបន្ទូលប្តេជ្ញាដោះស្រាយបញ្ហាទំនាស់ដីធ្លី, ព្រៃឈើ នៅក្នុងប្រទេសកម្ពុជាផងដែរ នៅពេលព្រះអង្គឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចក្រុមព្រះ ក៏បានមានព្រះរាជបន្ទូលបញ្ជាក់ផងដែរថា ការយាងចាកចេញរបស់សម្តេចកាលពីឆ្នាំ២០០៦ មិនមែនជាការចាកចេញដោយទឹកព្រះទ័យនោះទេ តែជាការធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ ដូចជាការធ្វើរដ្ឋប្រហារ ទម្លាក់ព្រះបរម រតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ចេញពីប្រមុខរដ្ឋកាលពីឆ្នាំ១៩៧០ផងដែរ។
ទោះបីជាយ៉ាងណា ក្រោយការយាងត្រឡប់ទៅគ្រប់គ្រងបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញ ព្រះអង្គនឹងឈប់រំលឹករាល់រឿងរ៉ាវពីអតីតកាល ហើយគិតតែពីលទ្ធផលសម្រាប់បច្ចុប្បន្ន និង អនាគតតែប៉ុណ្ណោះ។ សម្តេចក្រុមព្រះ បានមានព្រះរាជបន្ទួលបញ្ជាក់ ជាមួយជំនឿមុតមាំថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងមិនមានការបែកបាក់បន្តទៀតនោះទេ ហើយព្រះអង្គមានជំនឿថា «គណបក្សហ៊្វុនស៊ិនប៉ិចនឹងកើនអាសនៈ និងមានភ័ពវាសនាជាប់ទៀតផង នៅក្នុងការបោះឆ្នោតសកលនៅឆ្នាំ២០១៨ខាងមុខ។ ព្រោះរយៈពេល៩ឆ្នាំកន្លងមកនេះ ព្រះអង្គបានសិក្សាស្វែងយល់បានច្បាស់លាស់អស់ហើយ។
សម្តេចក្រុមព្រះ បានបញ្ជាក់ដែរថា ការចូលទៅកាន់ហ្វ៊ុនស៊ិនប៉ិចនេះ មិនមានបំណងបំបែកសម្លេងរបស់គណបក្សនយោបាយណាមួយនោះទេ គឺជាការទៅចូលរួមជាមួយអ្នករាជានិយមដូចគ្នា និងដើរប្រមែប្រមូលអ្នករាជានិយមទាំងអស់ឲ្យចូលរួមជាធ្លុងមួយ។
សូមបញ្ជាក់ថា បន្ទាប់ពីការយាងចេញពីគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច នៅឆ្នាំ២០០៦ ដែលមានរយៈពេលប្រមាណជា ៩ឆ្នាំមកនោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ បានសម្រេចព្រះទ័យយាងចូលធ្វើជាព្រះប្រធានគណបក្សរាជានិយមមួយនេះឡើងវិញ តបតាមការការយាងរបស់ព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង លោក ញឹក ប៊ុនឆៃ។ ការយាងត្រឡប់មកវិញរបស់សម្តេចក្រុមព្រះ ត្រូវបានលោក ញឹក ប៊ុនឆៃ បញ្ជាក់ថា មិនមានការអន្តរាគមន៍ណាមួយពីនាយករដ្ឋមន្ត្រីកម្ពុជានាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន នោះឡើយ។ ការយាងមកវិញនេះ គឺក្នុងបំណងបង្រួបបង្រួមអ្នករាជានិយម និងពង្រឹងនូវបក្សរាជានិយម ដែលជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេច នរោត្តមសីហនុ៕

0 Comments